ភ្នំពេញៈ មេដឹកនាំ​ដែល​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក​បាន​រិះគន់​​ទៅ​នឹង​ការ​​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ ហ៊ុន សែន ដែល​ថា​លោក​ហ៊ាន​ទៅ​ចាប់​ដៃ​មេដឹកនាំ​បាតុកម្ម​​ប្រឆាំង​នឹង​​រូប​លោក​ដោយ​មិន​ខ្លាច​ស្លាប់​ថា​ជា​ការ​មិន​យល់​ពី​របៀប​របប​នៃ​ការ​ធ្វើ​បាតុកម្ម​នៅក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋ​អាមេរិក​ដែល​រាល់​បាតុកម្ម​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អហិង្សា​។

ដោយ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​តាម​ហ្វេសប៊ុក​កាល​ពី​ម្សិលមិញ​ពី​សហរដ្ឋ​អាមេរិក​លោក ទូច វិបុល ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​អាមេរិក​ដែល​ជា​អ្នក​ចេញ​មុខ​ដឹកនាំ​ធ្វើ​បាតុកម្ម​បាន​ឲ្យ​ដឹង​ថា​លោក ហ៊ុន សែន មិន​បាន​ចេញ​មក​ចាប់​ដៃ​បាតុករ​ទេ។

លោក​បាន​ចាត់​ទុក​ការ​អត្ថាធិប្បាយ​របស់​លោក​ ហ៊ុន សែន ថា​ជា​ការ​អត្ថាធិប្បាយ​ដែល​ «ល្ងី​ល្ងើ» ដែល​គាត់​ថា​ជីវិត​របស់​គាត់​ស្ថិត​ក្នុង​គ្រោះថ្នាក់។

1-Protest_5

ប្រជាពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​តវ៉ា​ប្រឆាំង​នឹង​មេដឹកនាំ​របស់​ខ្លួន​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ។ រូបថត ហ្វេសប៊ុក

លោក វិបុល លើក​ឡើង​ថា៖ «​យើង​រស់​នៅក្នុង​សង្គម​ដែល​មាន​នីតិរដ្ឋ​ហើយ​គ្មាន​ពេល​ណា​ដែល​អាយុ​ជីវិត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ត្រូវ​​គំរាម​កំហែង​ឡើយ។ ការ​អត្ថាធិប្បាយ​របស់​គាត់​គឺ​មិន​សមហេតុ​ផល និង​មិន​ត្រឹមត្រូវ​ព្រោះ​ខ្មែរ​អាមេរិក​ជា​អ្នក​គោរព​ច្បាប់​»។

លោក​​ក៏​​បាន​ចង្អុល​បង្ហាញ​ផង​​ដែរ​ថា​អង្គការ​របស់​លោក​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ Rancho Mirage ដើម្បី​​ធានា​ថា​បាតុកម្ម​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី។

លោក​​បាន​​បញ្ជាក់​​ថា​៖ «​ចំណុច​សំខាន់​នៃ​បាតុកម្ម​នេះ​គឺ​ដើម្បី​រំឭក​ពិភពលោក​អំពី​អំពើ​ក្បត់​​របស់​លោក ហ៊ុន សែន និង​ផ្តោត​ទៅ​លើ​សេរីភាព​ពិតប្រាកដ​ ស្ថិរភាព និង​ឱកាស​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​​»។

មុន​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​​ ​អាស៊ាន‑អាមេរិក លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​រយ​នាក់​នៅ​សហរដ្ឋ​អាមេរិក​ថា​លោក​នឹង​​ចេញ​ពី​រថយន្ត​ទៅ​ចាប់​ដៃ​ជាមួយ​នឹង​បាតុករ​ប្រឆាំង​លោក​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​អម​ដំណើរ​ដោយ​​កម្លាំង​សន្តិសុខ​អាមេរិក​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «​ខ្ញុំ​បាន​ប្រាប់​សហសេវិក​លើ​យន្តហោះ​ថា​បើ​អង្គរក្ស​អាមេរិក​នាំ​ខ្ញុំ​ទៅ​ផ្លូវ​មាន​បាតុកម្ម​ខ្ញុំ​នឹង​ប្រាប់​រថយន្ត​ឲ្យ​ឈប់​ហើយ​ខ្ញុំ​នឹង​ទៅ [​ចាប់​ដៃ] បាតុករ។ ខ្ញុំ​នឹង​ទៅ​ចាប់​ដៃ​មេដឹកនាំ​បាតុកម្ម​។ ខ្ញុំ​មិន​ខ្លាច​ទេ​បើ​អ្នក​​សម្លាប់​ខ្ញុំ​សម្លាប់​ទៅ។ សម្លាប់ [ខ្ញុំ​] នៅ​​អាមេរិក»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក វិបុល គឺជា​ការ​វាយតម្លៃ និង​ជា​ការ​លើក​ឡើង​របស់​ក្រុម​ដែល​អសីលធម៌​ហើយ​ថា​លោក​នាយក​រដ្ឋមន្រ្តី​ចង់​ជួប​បាតុករ​ដើម្បី​​ប្រាប់​ពួកគេ​អំពី​ការពិត​នៅ​កម្ពុជា។​

លោក​​បញ្ជាក់​ថា៖ «​អ្វី​ដែល​សម្តេច​​បាន​​លើក​ឡើង​សម្តេច​ចង់​ជួប និង​និយាយ​​គ្នា។ គេ​គួរ​អបអរសាទរ និង​ស្វាគមន៍​ចំពោះ​ភាព​ក្លាហាន​ប្រឈម​មុខ​ [នឹង​បាតុកម្ម]»។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក វីបុល កាលពី​ម្សិលមិញ​មាន​មនុស្ស​ជាតិ​ប្រមាណ​ ១០០០ នាក់​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន​។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ប្រធាន​សមាគម​ឆន្ទៈ​យុវជន​ក្រៅ​ប្រទេស​លោក សាំង សុង ដែល​មាន​សម្ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​បាន​ប្រកាស​ធ្វើ​បាតុកម្ម​​តប​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​​គណបក្ស​​សង្គ្រោះ​ជាតិ​នៅ​ភ្នំពេញ​បើ​ខ្មែរ​​នៅ​​អាមេរិក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន។ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ម្សិលមិញ​គេ​ពុំ​ឃើញ​មាន​បាតុកម្ម​​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កើតឡើង​ទេ​។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​គ្មាន​សំណើ​ណា​មួយ​ពី​លោក សាំង សុង ដើម្បី រៀបចំ​បាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

លោក សាំង សុង ពុំ​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​ប៉ុន្តែ​លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​កម្មវិធី​បាតុកម្ម​អាច​លុប​ចោល​ដោយសារ​តែ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក​មាន​ភាព​ទន់ខ្សោយ​ព្រោះ​បាតុករ​មាន​​ចំនួន​តិច​ហើយ​វា​មិន​មាន​ឥទិ្ធពល​លើ​រដ្ឋាភិបាល​កម្ពុជា​ទេ៕

6-Protest_0

ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ រូបថត ហ្វេសប៊ុក

ប្រភពៈ ភ្នំពេញប៉ុស្តិ៍