សហភាពអឺរ៉ុប (EU) ដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា នៅថ្ងៃនេះ បានប្រកាសផ្តល់ជំនួយឥតសំណងប្រមាណជា ៨.២ លានអឺរ៉ូ ដល់ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា ប្រមាណជា៧០ ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅកម្ពុជា។ បើយោងតាមឯកសារដែលផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៩កុម្ភៈ សហភាពអឺរ៉ុប បានសម្រេចបង្កើនថវិការផ្តល់ជំនួយដល់កម្ពុជាពី៤០លានអឺរ៉ូ នៅឆ្នាំ២០១៥ ដល់ ៥៩លានអឺរ៉ូនៅឆ្នាំ២០១៦។

ដោយផ្អែកទៅលើតម្រូវការ និងកំណើនរបស់ប្រជាពលរដ្ឋកម្ពុជា សហភាពអឺរ៉ុប (EU) ដែលតំណាងឲ្យ២៨ប្រទេស បានសម្រេចបង្កើនថវិកាផ្តល់ជំនួយឥតសំណង ដល់ប្រទេសកម្ពុជាពី ៤០លានអឺរ៉ូនៅឆ្នាំ២០១៥ ដល់ ៥៩លានអឺរ៉ូនៅឆ្នាំ២០១៦។ នេះបើយោងតាមឯកសារ ដែលបានផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយ កាលពីព្រឹកថ្ងៃទី ១៩កុម្ភៈឆ្នាំ២០១៦។

លោក អាឡាំង វ៉ានឌឺស្មីសសិន (Alain Vandersmissen) ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទកាសែត នៅថ្ងៃនេះថា ជំនួយឥតសំណងរបស់សហភាពអឺរ៉ុបដល់កម្ពុជា បានធ្វើឡើងតាមរយៈបណ្តាញសំខាន់ៗចំនួន២៖ ទី១.ការផ្តល់ជំនួយតាមរយៈកិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទី២.ជំនួយដែលបានផ្តល់តាមរយៈក្រុមអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។

សូមបញ្ជាក់ថា សន្និសីទកាសែតនៅថ្ងៃនេះ ក៏បានធ្វើឡើង ខណៈដែលសហភាពអឺរ៉ុប បានផ្តល់ជំនួយប្រមាណជា ៨.២ លានអឺរ៉ូ ដល់ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា ជាង៧០ ដើម្បីអនុវត្តគម្រោងចំនួន ១១នៅកម្ពុជា។ គម្រោងទាំងនោះ នឹងអនុវត្តទៅលើការកសាងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងយេនឌ័រជាដើម។ បើយោងតាមឯកសារដដែល បច្ចុប្បន្នសហភាពអឺរ៉ុប កំពុងផ្តល់មូលនិធិដល់អង្គការសង្គមស៊ីវិលកម្ពុជាជាង ៤៩លានអឺរ៉ូ ដើម្បីអនុវត្តលើគម្រោងចំនួន ៥៤ ដែលគ្របដណ្តប់លើខេត្តចំនួន ២៣នៅទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា សហភាពអឺរ៉ុប ទើបតែបានអនុម័តកញ្ចប់ថវិកាប្រមាណជា៤១០អឺរ៉ូ ដល់កម្ពុជា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២០ ដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ការអប់រំ ព្រមទាំងកំណែទម្រង់លើវិស័យអភិបាលកិច្ចល្អ និងរដ្ឋបាល ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វិមជ្ឈការ និងកំណែទម្រង់លើការបោះឆ្នោតជាដើម។

 លោក អាឡាំង វ៉ានឌឺស្មីសសិន (Alain Vandersmissen) ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា ការបំពេញនូវតម្រូវការមូលដ្ឋានរបស់ប្រជាជនកម្ពុជា នៅតែជាចំណុចអាទិភាព សម្រាប់ជំនួយរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីលុបបំបាត់ភាពក្រីក្រ និងសម្រេចឲ្យបាននូវនិរន្តភាពនៃគោលដៅអភិវឌ្ឍន៍សហសវត្ស៍៕
Alain-Vandersmissen-EU
លោក Alain Vandersmissen ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា
ប្រភពៈ RFI