ភ្នំពេញៈ ​អ្នក​គ្រប់គ្រង​ការ​ប្រកួត​របស់​សង្វៀន CTN និង CNC ព្រមទាំង​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បានសម្រេច​ដាក់​សុទ្ធតែ​ជាកីឡាករ​ជើង​ខ្លាំង​តំណាង​ឲ្យ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​អ្នកប្រដាល់​ថៃ និង​ឡាវ ក្នុង​ការ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់​ជើង​ឯកគោ​ជល់ វគ្គ ៤ ទម្ងន់ ៦៩ គ.ក្រ ដែលនឹង​ចាប់ដំណើរ​ការ​នៅ​យប់ថ្ងៃសៅរ៍ ចុង​សប្តាហ៍នេះ។

នៅ​ក្នុងសន្និសីទ​កាសែត ដែល​ធ្វើ​នៅ​ស្ថានីយ​ទូរទស្សន៍ CTN កាល​ពីថ្ងៃ​សៅរ៍ លោក មុន រ៉ាម៉ាឌី នាយក​គ្រប់គ្រង​ទូរទស្សន៍ CNC និង លោក ម៉ិល កាដូ តំណាង​ឲ្យ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​សម្តែង​ការសាទរ​យ៉ាងខ្លាំង​ចំពោះ​ភេសជ្ជៈ​គោជល់ ដែល​សម្រេច​ឧបត្ថម្ភ​បន្តឲ្យ​មាន​ការ​ប្រកួត​វគ្គ ៤ នេះ ព្រោះ​អ្នកទាំង ២ បានលើក​ស្រៀង​គ្នា​ថា៖​«ការបន្ត​ឧបត្ថម្ភ​ទៅលើ​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​ជើងឯក​គោជល់​នេះ​ ជាការរួម​ចំណែកជួយ​ដល់​សង្គម​ជាតិ ពិសេស​បាន​ចូលរួម​លើក​ស្ទួយ និង​ជួយ​ផ្សព្វផ្សាយ​ពី​មរតកក្បាច់​គុន​បុរាណ​ខ្មែរ​ទៅ​លើ​សាកលលោក​យ៉ាង​សំខាន់បំផុត»។

Loading...
khmer-fight

សមាស​ភាព​កីឡាករ​ទាំង ៨ នាក់ ដែល​បង្ហាញ​ដោយ​ចាក់​ស្លាយ​ក្នុង​សន្និសីទ​កាសែត។ ស្រេង ម៉េងស្រ៊ុន

ចំណែក​លោក មាន សំអុល នាយក​ចាត់ការ​ទូទៅភេសជ្ជៈ​គោល​ជល់​នៅ​កម្ពុជា បាននិយាយ​ថា៖​«ក្នុងនាម​ជា​ភេជ្ជសៈ​បង្កើនថាម​ពលលេខ ១ នៅ​លើ​ពិភពលោក​នោះ គោជល់ តែង​តែ​គាំទ្រ​ដល់​វិស័យ​កីឡា ជាពិសេស​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប ដូចជា​ការ​ប្រណាំង​រថយន្ត F1 ប្រណាំង​ម៉ូតូហោះ និង​ការ​ប្រណាំងកង់​លើ​ផ្លូវលំបាក ជាដើម។ ដោយ​ឡែក នៅ​កម្ពុជា គោជល់ បានឧបត្ថម្ភ​ដល់​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់នេះ ដើម្បីជួយ​លើក​ស្ទួយ និង​ដុសខាត់​សមត្ថភាព​របស់​កីឡាករ​ខ្មែរ​ឲ្យ​ឈានដល់​កម្រិត​ស្តង់​ដារ​មួយ ដែល​អាច​ប្រៀបធៀប​ជាមួយ​កីឡាករ​បរទេស​ជើងខ្លាំង និង​ល្បីៗ​បាន»។

កីឡាករ​កម្ពុជា ដែល​ត្រូវបានដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​វគ្គ ៤ នេះ​រួមមាន​អ្នក​លេង​កណ្តាប់ដៃ​ឆ្វេង រឿង សោភ័ណ្ឌ អ្នកលេង​ជង្គង់ ឡុង សុភី អ្នកប្រើកណ្តាប់​ដៃ ពេជ្រ សីហា និង សរ រាជសីហ៍ ដែល​ពួកគេ​នឹង​ត្រូវ​ប្រកួត​វិល​ជុំម្នាក់ ៤ លើក​ជាមួយ​កីឡាករ​ថៃ Fanimit Viriyakfarm, ​Phlangnum Loukmakhamvan កីឡាករ​ឡាវ Nomthip Sor Ruongravi និង Thutsaphon Sor Somaly ដើម្បី​រកអ្នក​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ៤ នាក់ (មិន​គិត​កម្ពុជា ឬ​បរទេស) ដើម្បី​ឡើងទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និងផ្តាច់​ព្រ័ត្រ។

ចំណែក​ការ​ប្រកួតបើក​ឆាក នៅយប់​ថ្ងៃ​សៅរ៍ ទី ៥ ខែមីនា រឿង សោភ័ណ្ឌ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​អាយុ ១៨ ឆ្នាំកម្ពស់ ១,៧៩ ម៉ែត្រ Thutsaphon ដែលធ្លាប់​ប្រកួត ៧០ ដង ឈ្នះ ៥០ ចាញ់ ១៩ និងស្មើ ១ ដង រីឯ ឡុង សុភី ត្រូវ​ជួប Nomthip ដែល​ឡាវ​ម្នាក់នេះ​មានអាយុ ១៨ ឆ្នាំ​កម្ពស់ ១,៦៨ ម៉ែត្រ ធ្លាប់​ប្រកួត ៧៥ ដង ឈ្នះ ៦០ ចាញ់ ១០ និង​ស្មើ ៥ ដង។

ជាមួយ​នឹង​ការ​ប្រកួតនេះ លោក ឆឹង យ៉ៅយ៉េន អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បានថ្លែង​ថា៖​«ការ​ប្រកួតនេះ​ពិតជា​សំខាន់​នេះ ព្រោះ​វា​ជាផ្នែក​មួយ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅរកកីឡាករ​មាន​ទេពកោសល្យ សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣។ ហេតុនេះ​សូម​មន្រ្តី​បច្ចេកទេស អាជ្ញា​កណ្តាលចៅក្រម ​ត្រូវ​បំពេញ​ការងារ​របស់​ខ្លួនដោយ​យុត្តិធម៌ រីឯ​កីឡាករ​ត្រូវ​ប្រឹងប្រែងហ្វឹក​ហាត់ ថែ​សុខភាព និង​ត្រូវ​ប្រកួតឲ្យ​អស់​សមត្ថភាព ដើម្បី​បញ្ជាក់​ពី​ភាពខ្លាំង​របស់ខ្លួន»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍