កម្មករ កម្មការនី ៣៩​ម៉ឺន​នាក់ នៅ​ក្នុង​តំបន់​ចំនួន ៣ រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​កំពង់​ស្ពឺ នឹង​ទទួល​បាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខភាព ឬ​អាច​ហៅ​បាន​ថា ការ​ធានា​រ៉ាប់រង​សុខភាព ចាប់​ពី​ថ្ងៃ​ទី ១​ខែ​ឧសភា ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ ធានា​រ៉ាប​រង ដែល​តម្រូវ​ឲ្យ​ទាំង​និយោជក និង​និយោជិត​បង់​ប្រាក់​ ៥០​ភាគរយ​ម្នាក់។ បេឡាជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា​ប.ស.ស បញ្ជាក់​ថា នេះ​គឺ​ជា​ផែន​ការ​ដំបូង​ប៉ុណ្ណោះ ហើយ​ផែន​ការ​បន្ទាប់​គេ​នឹង​ពង្រីក​សេវា​នេះ ឲ្យ​បាន​ដល់​កម្មករ-ការនី​ទាំង​អស់ ក្នុង​ខេត្ត​ រាជធានី​ទាំង​២៥ ទូ​ទាំង​ប្រទេស​កម្ពុជា​។ ​

T-06-16-15-f-full-700x400កម្មការនី ធ្វើការ​ក្នុង​រោងចក្រ នៅក្នុងប្រទេសកម្ពុជា

Loading...

កម្មករ កម្មការនី​ខ្មែរ​ នឹង​ទទួល​បាន​នូវ​ការ​ធានា​រ៉ាប់​រង​ផ្នែក​សុខភាព ចាប់​ពី​ថ្ងៃ​ទី ១​ខែ​ឧសភា ឆ្នាំ ២០១៦​តទៅ ដោយ​ពួក​គេ គ្រាន់​តែ​​ចំណាយ​ប្រាក់​តិច​តួច​បំផុត​ ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​សុខភាព​ពេល​មាន​ជំងឺ​នានា​។ លើស​នេះ និយោជក ក៏​តម្រូវ​ឲ្យ​ចេញ​វិភាគ​ទាន ៥០​ភាគរយ សម្រាប់​ផ្តល់​នូវ​ធានា​រ៉ាប់​រង​នេះ ដល់​និយោជិត​ផង​ដែរ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ជាវ ប៊ុន​រិទ្ធ អ្នក​នាំ​ពាក្យ​បេឡាជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា​ប.ស.ស​។

ក្នុង​សិក្ខាសាលា​ស្តី​ពី​ដំណើរការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​សុខភាព នាយក​ប.ស.ស បាន​លើក​ឡើង​ថា កម្មករ កម្មការិនី អាច​ចំណាយ​ប្រាក់​ប្រមាណ​តែ ​ ២៥០​រៀល​ក្នុង​មួយ​ថ្ងៃ ឬ​ស្មើ​នឹង ៧៥០០រៀល​ក្នុង​មួយ​ខែ សម្រាប់​បង់​ចូល​ជា​វិភាគ​ទាន​ប.ស.ស ដើម្បី​ទទួល​បាន​ធានា​រ៉ាប់​រង​ថែទាំ​សុខភាព ២៤ម៉ោង លើ​២៤​ម៉ោង​។

បើ​តាម​លោក​ជាវ ប៊ុនរិទ្ធ ផែន​ការ​ដំបូង អាច​ដំណើរការ​ដល់​កម្មករ កម្មការនី ប្រមាណ ៣៩​ម៉ឺន​នាក់ ក្នុង​តំបន់ ៣ រួម​មាន​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់​ស្ពឺ។ ហើយ​ប.ស.ស នឹង​ចុះ​ទៅ​ផ្ទាល់​ដល់តាម​បណ្តា​រោងចក្រ សហគ្រាស​នីមួយ​ៗ ដើម្បី​ពន្យល់​ពី​សេវាកម្ម​នេះ​។ យ៉ាង​ណា​ក៏​ដោយ គម្រោង​នេះ នឹង​ត្រូវ​អនុវត្ត​សម្រាប់​តែ​រោងចក្រ ឬ​សហគ្រាស​ណា ដែល​មាន​ចុះ​បញ្ជី​ការ ស្ថិត​នៅ​ក្រោម​ច្បាប់​ការងារ​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន រោងចក្រ សហគ្រាស​ដែល​បាន​ចុះ​បញ្ជីការ​ត្រឹមត្រូវ​ មាន​ជាង​៧០០០ និង​មាន​កម្មករ​ជាង ១​លាន​នាក់​។

ក្រោយ​ផែនការ ៣​តំបន់​នេះ ប.ស.ស ក៏​នឹង​ចាប់​ផ្តើម​ពង្រីង​ម្តង ៥​ខេត្ត​ទៀត រហូត​ដល់​បាន​ពេញ​ទូទាំង ២៥​រាជធានី​ខេត្ត ក្នុង​ប្រទេស​កម្ពុជា​។ ប.ស.ស ជឿ​ជាក់​ថា ការ​ធានា​រ៉ាប់​រង​នេះ នឹង​អាច​ធ្វើ​ឲ្យ​និយោជក និង​និយោជិត ទទួល​បាន​ការ​គោរព​លក្ខខណ្ឌ​ការងារ ហើយ​ផលិតភាព និង​ការ​បញ្ជា​ទិញ​នឹង​កើន​ឡើង ព្រោះ​និយោជិត​មាន​សុខភាព​ល្អ​។ ជា​ពិសេស គឺ​អាច​ទប់ស្កាត់​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​​នៅក្រៅ​ប្រទេស ព្រោះ​ថា​ប្រសិន​បើ​និយោជិត​ទទួល​បាន​ការ​ថែ​ទាំ​ល្អ គេ​ក៏​គ្មាន​ហេតុផល​ រត់​ចោល​កន្លែងដើម​នោះ​ដែរ​។

សូម​បញ្ជាក់​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខភាព បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​អនុក្រឹត្យ​លេខ ​០១​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី ០៦​ខែ​មករា ឆ្នាំ ២០១៦​។ របប​នេះ ក៏​លេច​ឡើង​ក្រោយ​ពេល​ប.ស.ស បាន​បង្កើត​របប​សន្តិសុខ​ផ្នែក​គ្រោះថ្នាក់​ការងារ ដែល​បាន​តម្រូវ​ឲ្យ​និយោជក បង់​ថ្លៃ​វិភាគទាន​ទាំង​អស់​ដល់ប.ស.ស ដើម្បី​ធានា​សុវត្ថិភាព​និយោជិត​ ពេល​មាន​ហានិភ័យ ឬ​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង​៕

 ប្រភពៈ RFI