លោកត្រាំ ពន្យល់លម្អិតពីទស្សនៈគោលនយោបាយ «អាមេរិកមុន»
ក្រុងវ៉ាស៊ីនតោនៈ នៅក្នុងកិច្ចសម្ភាសដ៏វែងមួយ ដែលគេបានចេញផ្សាយពីថ្ងៃសៅរ៍ លោកដូណាល់ ត្រាំ បានពណ៌នាគោលនយោបាយបរទេសរបស់លោកថាជាដំណោះស្រាយ «អាមេរិកមុន» ដែលនឹងបញ្ឈប់អាមេរិកពី «ត្រូវគេបោកប្រាស់»ជាប្រព័ន្ធ។
កិច្ចសម្ភាសតាមទូរស័ព្ទជាមួយកាសែត New York Times នោះ គឺជាការពិភាក្សាស៊ីជម្រៅបំផុតមកដល់ពេលនេះលើគោលនយោបាយការបរទេសសម្រាប់បេក្ខជននាំមុខបក្សសាធារណរដ្ឋរូបនេះ ដែលចំណាយអាជីពទាំងមូលរបស់លោកនៅក្នុងមុខជំនួញ។
ក្នុងអំឡុងពេលសន្ទនា លោកបានពន្យល់លម្អិតពីទស្សនៈរបស់លោកលើបញ្ហាជាច្រើន ចាប់ពី សន្តិសុខអាស៊ីខាងកើត រហូតដល់ស៊ីរី ក្រុមរដ្ឋអ៊ិស្លាម និងទំនាក់ទំនងជាមួយក្រុមសម្ព័ន្ធមិត្ត ដូចជាអារ៉ាប៊ីសាអ៊ូឌីត។
លោកត្រាំ បានថ្លែងថា លោក មិនមែនជាជនឯកោនិយម ប៉ុន្តែ បានពណ៌នាអាមេរិកថា ជារដ្ឋកូនបំណុលដ៏ក្រីក្រដែលផ្តល់មូលនិធិ គ្មានសមាមាត្រដល់សម្ព័ន្ធភាពអន្តរជាតិ ដូចជាអង្គការណាតូ និងអ.ស.ប.។
លោកបាននិយាយថា ភាពទំនាក់ទំនងដែលផ្អៀងទៅម្ខាង មានជាមួយក្រុមសម្ព័ន្ធមិត្តដូចជាជប៉ុន កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអ៊ូឌីត។
លោក បានប្រាប់កាសែតអាមេរិកនោះថា៖ «យើងត្រូវគេមិនគោរព ចំអក និងបោកប្រាស់អស់ពេលជាច្រើនឆ្នាំមកហើយ ដោយមនុស្សដែលឆ្លាតជាង ប្រាជ្ញាល្អិតជាង មាំមួនជាង»។
លោកបាននិយាយថា៖ «បាទ! ដូច្នេះគិតពីអាមេរិកមុន យើង មិនត្រូវគេបោកប្រាស់ទៀតទេ។ យើងនឹងត្រូវរាប់អានជាមួយគ្រប់គ្នា ប៉ុន្តែ យើងនឹងមិនត្រូវគេយកប្រៀបលើនោះឡើយ»។
ត្រូវបានសួរថាតើជប៉ុន នឹងគួរអនុញ្ញាតឲ្យមានអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួនពីកូរ៉េខាងជើងឬ ទេ លោកត្រាំ បានលើកឡើងថា នោះ នឹងក្លាយជាស្ថានការណ៍អាចទទួលយកបានមួយ។ លោក បានគូសបញ្ជាក់ថា៖ «ខ្ញុំសុំនិយាយថា បើសិនជាកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរ តើជប៉ុននៅទីនោះក៏ត្រូវមានដែរមែនទេ? អ្នកអាចយល់ច្បាស់ បើសិននោះជាករណីមួយ»។
លោកត្រាំ ក៏បាននិយាយថា លោកនឹងដកទាហានអាមេរិកពីជប៉ុន និងកូរ៉េខាងត្បូង បើសិនជា រដ្ឋទាំងពីរមិនបានបង្កើនជាដំកំភួននូវការចូលរួមចំណែករបស់ពួកគេជាមួយក្រុងវ៉ាស៊ីនតោនសម្រាប់វត្តមានយោធាទេ។
លោក បានបន្តថា៖ «យើង មិនអាចលៃលកឲ្យខាតបង់ក្នុងចំនួនដ៏ច្រើនពាន់លានដុល្លារលើបញ្ហា អស់ទាំងនេះទេ»។
បន្ទាប់មក លោកក៏បានរិះគន់ធ្ងន់ៗចំពោះរដ្ឋការលោកបារ៉ាក់ អូបាម៉ា ពីបទស្វែងរកច្រកចេញខាងនយោបាយសម្រាប់ប្រធានាធិបតីស៊ីរី លោកបាសារ អាល់អាសាដ ខណៈកំពុងប្រយុទ្ធនឹងក្រុមរដ្ឋអ៊ិស្លាមថាជា«ការឆ្កួត និងភាពល្ងង់ខ្លៅ»។
លោកបាននិយាយថា៖ «ខ្ញុំមិនមែនកំពុងនិយាយថា លោកអាសាដ ជាមនុស្សល្អទេ ព្រោះ គាត់មិនល្អទេ ប៉ុន្តែបញ្ហាកាន់តែធំរបស់យើងគឺមិនមែនជាលោកអាសាដ វាគឺ ISIS»។
អ្នកជំនួញអចលនទ្រព្យរូបនះ បាននិយាយថា លោកផ្ទុយទៅវិញយកប្រេង ជាគោលដៅដែលផ្តល់ចំណែកដ៏សំខាន់មួយ មូលនិធិរបស់ក្រុមជ្រុលនិយម ដោយបង្ក្រាបលើបណ្ដាញផ្ទេរប្រាក់ធនាគារផ្លូវងងឹត ដើម្បីកាត់បន្ថយលំហូរប្រាក់។
លោកត្រាំ បាននិយាយថា លោកប្រហែលជាឈប់ទិញប្រេង ពីប្រទេសដូចជាអារ៉ាប៊ីសាអ៊ូឌីត បើសិនជាពួកគេមិនជួយអាមេរិកសម្រាប់តួនាទីខ្លួនក្នុងការប្រយុទ្ធនឹងក្រុម IS ទេ៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍