សហជីពគឺជាអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិតដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់តែការ​សិក្សា លើកតម្កើង​ផលប្រយោជន៍និងការពារសិទ្ធិស្របច្បាប់ ក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី ស្រប​តាមល​ក្ខន្តិ​កៈរបស់ខ្លួន។ សញ្ញាណនៃច្បាប់ស្តីពីការងារហាក់ស្រពេច​ស្រពិលក្នុងការសន្មត់អំពី ភាព​ជាតំ​ណាង​របស់​សហជីព ជាតួយ៉ាងមិនបានផ្តល់និយមន័យជាក់លាក់នោះទេថាតើលក្ខខណ្ឌគុណវុឌ្ឍ​យ៉ាង​ដូចម្តេ​ច​ដើ​ម្បីក្លាយជាអង្គការវិជ្ជាជីវៈខាងកម្មករនិយោជិតថ្នាក់ជាតិ(សហជីពថ្នាក់ជាតិ) សហជីពថ្នាក់វិស័យ ថ្នាក់តំបន់ឬក្នុងវិជ្ជាជីវៈណាមួយជាកំណត់។ ដោយសារតែកង្វះនៃមូលដ្ឋាននេះ ហើយ​សហ​ជីព​នៅ​កម្ពុជា​មួយ​ចំនួន​បានអះអាងដោយស្រែកក្អែងៗថា ខ្លួនឯងជាសហជីពថ្នាក់ជាតិ ដោយមានសមាជិកច្រើនជាង​គេ​បំផុត ខ្លួនឯងជាសហជីពឯករាជ្យមានសមាជិកច្រើនឬក៏មានកាសែត ឬអង្គការការងារក្នុង​ស្រុកមួយ​ចំនួ​ន​បានចា​ត់ថ្នាក់សហ​ជីពនៅកម្ពុជាដែលមានជាអាទិ៍សហជីពដើរតាមគន្លងនយោបាយរដ្ឋាភិបាល សហជីពប្រឆាំងសហជីពឯករាជ្យ សហជីពនិយោជកជាដើម។

12321463_1648599455418470_2335313663861794836_n-1ទិដ្ឋភាពនៅក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ

Loading...

ជាថ្មីម្តងទៀត នីតិការងារកម្ពុជាបច្ចុប្បន្នមិនបានបញ្ជាក់ពីសញ្ញាណពិតប្រាកដនៃសហជីពនៅកម្ពុជា ដែលកំពុងតែមានភាពសាំញាំនិងស្មុគស្មាញ។ គួរបញ្ជាក់ផងដែរថាមកដល់ពេលបច្ចុប្បន្ននេះ បើយោ​ងតាម​​សេចក្តីជូនដំណឹងស្តីពីលទ្ធផលបូកសរុបការងារឆ្នាំ២០១៥និងទិសដៅឆ្នាំ២០១៦នៃ​ការអភិវឌ្ឍ​ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨ បង្ហាញឲ្យ​ឃើញ​ថា​ក្រសួង​ការងារបានចុះបញ្ជីសហជីពមូលដ្ឋានសរុបចំនួន៣៣៦៦ សហព័ន្ធសហជីពចំនួន៩៧ និងសហ​ភាព​​ស​ហព័ន្ធសហជីពចំនួន១៦។ ដោយឡែកសហជីពភាគច្រើនរីកលូតលាស់​ក្នុងវិស័យវាយណភណ្ឌ​កាត់ដេរនិងផលិតស្បែកជើង ដូច្នេះជាមធ្យមរោងចក្រមួយមានសហជីពមូលដ្ឋានចំនួនប្រមាណ៤។

របាយការណ៍ដូចគ្នាក្នុងសេចក្តីជូនដំណឹងខាងលើនេះក៏បានបង្ហាញផងដែរថា ការចុះបញ្ជិកាសហជីព​មូល​ដ្ឋាន​នៅ​កម្ពុ​ជាមានកំណើន១១៣,៥%បើប្រៀបធៀបនឹងឆ្នាំ២០១៤ តួលេខនេះប​ង្ហាញឲ្យឃើ​ញថាមា​ន​​សន្ទុះ​ក្នុងការការពារសិទ្ធិនិងប្រយោជន៍ស្របច្បាប់របស់កម្មករកម្ពុជាជាច្រើន។ យ៉ាងណាក៏ដោយគួរ​សង្កេ​តឃើញ​ថា​មានពាក្យ ចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថាមា​នមេដឹកនាំសហជីពមួយចំនួ​នបាន​ប្តូរ​ជីវ​ភា​ពពីកម្មករនិយោជិតទៅជាមានជីវភាពធូរធារ លុយឡាន ផ្ទះវីឡា រួមទាំងមានអ្នកខ្លះមានងារជាទី​ប្រឹក្សា​ទាំង​គ្រួសារក៏មាន។ តើអាចមកពីមូលហេតុទាំងនេះទេដែលនាំឲ្យមានកំណើនសហជីពបែបនេះ ឬមកពីនិយោជក ល្មើសច្បាប់ច្រើនពេកហើយបងប្អូនកម្មករនិយោជិតមានចំណេះ​ដឹងច្រើនទើប​សម្រេច​បង្កើត​សហ​ជីពខ្លួនឯងដោយផ្អែកលើនិន្នាការនិងគោលការណ៍ខ្លួនឯង សំនួរនេះពិបាកក្នុងការស្វែងរក​ចម្លើយ​ត្រង់ៗ ដោយដូចបានបញ្ជាក់ខាងលើគ្មានទេអំណះអំណាងពិតប្រាកដជាក់លាក់ គ្រាន់តែពាក្យ​ចចាម​អារ៉ាមតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយសញ្ញាណបញ្ជាក់មួយទៀត​ក្នុងរបាយការណ៍​សំយោគរបស់​អង្គ​ការអន្តរជាតិខាងការងារ-គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានបញ្ជាក់ថាកំណែលម្អក្នុង​រោង​ច​ក្រ​​កា​ត់ដេរនិងផលិតស្បែកជើងនៅកម្ពុជាមានដំណើរការកែប្រែវិជ្ជមានល្អជាដុំកំភួន​មួយចំនួនហើយ បើ​ប្រៀប​ធៀបនឹងពេលអតីតកាល ខណៈដែលការអនុវត្តការងាររបស់សហជីពមួយចំនួននៅតែល្មើស និង​ច្បា​ប់​និងហាក់មិនបម្រើផលប្រយោជន៍ជាទូទៅរបស់កម្មករនិយោជិត។ (លម្អិតអាចស្វែងរករបាយការណ៍ http://betterfactories.org/?p=9832 )

សញ្ញាណកង្វះខាតមួយចំនួននៃច្បាប់ស្តីពីការងារពាក់ព័ន្ធនឹងសហជីពគឺជាតម្រូវការជាចាំបាច់ និង​បន្ទាន់​ចំពោះច្បាប់​ស្តីពីសហជីពមួយដែលមានគុណភាពអាចគ្រប់គ្រងនិងដោះស្រាយបញ្ហាទំនាក់ ទំនងវិជ្ជាជីវៈ​នៅ​កម្ពុជា ចៀសវាងការដណ្តើមគ្នាអង្គុយកណ្តាលឬយកត្រូវរបស់ដៃគូរទាំងពីរ សហជីព និងសមាគម​និយោ​ជ​ក និយោជកនិងកម្មករនិយោជិត។ ទោះជាភាគីក្នុងវិស័យការងារមួយចំនួនយល់ ថាចាំបាច់​ក៏​មា​ន​ក្រុ​ម​ស​ហជីពមួយចំនួនបដិសេធនិងគ្រោងធ្វើយុទ្ធនាការប្រឆាំងការអនុម័តសេចក្តី ព្រាងច្បា​ប់នេះ​ផ​ងដែ​រ​​។ សហជីពដែលជំទាស់និងសេចក្តីព្រាងច្បាប់នោះបានស្នើការកែប្រែមិនឲ្យ​ការកំណត់​ចំនួនអប្ប​បរមាក្នុ​ង​កា​របង្កើ​តសហជីព ការកំណត់សម្លេងបោះឆ្នោតក្នុងការធ្វើកូដកម្ម ការរំលាយសហជីពនិងរបាយ​ការណ៍​ហិរញ្ញ​វត្ថុនិងចំណុចមួយចំនួនទៀត។ សំណើកែប្រែរបស់សហជីពនិងរបស់និយោជកពិតជាមាន ហើយវា​ប្រាក​ដ​ជា​ការពារជំហររបស់ពួកគេ ប៉ុន្តែរដ្ឋគឺបុគ្គលសំខាន់ក្នុងការសន្មត់ និងសម្រេចដោយ​ផ្អែកលើ​ទិន្ន​ន័យ​ស្ថិតិ​ច្បាស់លាស់ តម្រូវការជាក់ស្តែងរបស់សង្គម និងធ្វើយ៉ាងណាធានា​សុខដុមរមនីយក​ម្មទំនាក់ទំ​ន​ងវិជ្ជា​ជីវៈរវាងកម្មករនិយោជិតនិងនិយោជកនិងស្ថិរភាពនិងភាពទាក់ទាញការវិនិយោគបរទេស។

សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិតត្រូវតែបានការពារយ៉ាងដាច់ ខាតដោយ​គោរព​តាមរដ្ឋធម្មនុញ្ញ ហើយសិទ្ធិនិងផលប្រយោជន៍របស់និយោជកដែលជាអ្នកវិនិយោគក៏ មិនមែន​ត្រូវបា​នបំភ្លេចចោលផងដែរ។ សិទ្ធិនិងសេរីភាពត្រូវមានព្រំដែន ការអនុវត្តសិទ្ធិសេរីភាពហួស ព្រំដែន​និងនាំអសន្តិសុខ អស្ថិរភាពនិងភាពគ្មានសណ្តាប់ធ្នាប់សាធារណៈ ហើយមានតែរដ្ឋទេដែលជាអន្តរការី និង​អ្នកអន្តរាគមន៍ដែលត្រូវការជាចាំបាច់។​ កម្មករនិយោជិតក៏ល្មមសមនិងអាចពិចារណាបាន ផងដែ​រពី​ភា​ពត្រឹមត្រូវរបស់សហជីពនិងថ្នាក់ដឹកនាំរបស់សហជីពខិលខូចមួយចំនួនដែលធ្វើការបម្រើ តែ​ផល​ប្រយោជ​ន៍ក្រុមនិងបក្សពួករបស់គេ។ កម្មករនិយោជិតគួរពិនិត្យមើលលក្ខន្តិកៈសហជីពនោះ គោល​នយោ​បាយ​ការពារនិងកម្មវិធីអប់រំរបស់គេ បើសហជីពការពារតែបុគ្គលខូច មានគោលនយោ​បាយ​មិ​ន​​ច្បាស់​លាស់ ចេះតែដើរឃោសនាគួរតែកុំចូលរួម ព្រោះសិទ្ធិនៃការចូលរួមនិងសិទ្ធិនៃការមិនចូល​រួមជាសិទ្ធិ​របស់​កម្ម​ក​រនិយោជិតផ្ទាល់ខ្លួនម្នាក់ៗ៕

ប្រភពៈ​ VOD