លោកមហាសេដ្ឋីអចលនទ្រព្យ Donald Trump ដែលគេរំពឹងថា នឹងក្លាយជាបេក្ខជនដែលជ្រើសតាំងដោយគណបក្សសាធារណរដ្ឋសម្រាប់ប្រជែងយកតំណែងជាប្រធានាធិបតីនោះ បានជួបប្រជុំកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងលោកប្រធានសភា Paul Ryan ដែលជាមន្ត្រីកំពូលរបស់គណបក្សដែលគេបានបោះឆ្នោតជ្រើសរើស។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ពួកគេបានបញ្ចេញការជឿជាក់ថា នៅទីបំផុត ពួកគេនឹងរួបរួមគ្នានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយបេក្ខជនដែលជ្រើសតាំងដោយគណបក្សសាធារណរដ្ឋ ដែលទំនងនឹងជាលោកស្រីអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Hillary Clinton។

ប៉ុន្តែទិដ្ឋភាពនៅខាងក្រៅកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរបស់គណបក្សសាធារណរដ្ឋ លោក Trump និងលោក Ryan បានជួបគ្នាកាន់តែកៀកជាងមុន និងបានតំណាងឲ្យការប្រកួតដើម្បីដណ្តើមយកតំណែងប្រធានាធិបតីដែលគេមិនបានរំពឹងទុក ដែលមានហេតុការណ៍ជាច្រើនកើតឡើងដូចជា អ្នកតំណាងរាស្ត្រផ្លោះរបង អ្នកផ្លុំត្រែលេចមុខចេញពីហ្វូងបាតុករខាងសាសនា និងក្រុមជនអន្តោប្រវេសន៍ដែលឥតមានឯកសារ បាននាំគ្នារៀបចំធ្វើពិធីបុណ្យសពក្លែងក្លាយមួយសម្រាប់គណបក្សសាធារណរដ្ឋ។

លោក Ryan ដែលបាននិយាយកាលពីសប្តាហ៍មុនថា លោកនៅមិនទាន់បានត្រៀមលក្ខណៈរួចរាល់នៅឡើយទេក្នុងការគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump នោះ នៅមិនទាន់គាំទ្របេក្ខភាពរបស់លោក Trumpទាំងស្រុងនៅឡើយទេ។ ប៉ុន្តែលោក Ryan បានប្រកាសថា លោកត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការបង្រួបបង្រួមជាមួយនឹងលោក Trump។

លោក Ryan បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានជំនឿថា យើងកំពុងតែដាក់គ្រាប់ដើម្បីឲ្យមានការបង្រួបង្រួមគ្នា។ ប៉ុន្តែវាកំពុងស្ថិតក្នុងដំណើរការនៅឡើយ។ វាត្រូវការពេលវេលា។ វាពិតជាសំខាន់ណាស់ដែលយើងមិនបំភាន់ការរួបរួមរបស់យើង»៕

CAF122DF-A09D-44DB-9BD6-9C616CE7F2CF_w987_r1_sលោក Donald Trump បក់ដៃនៅពេលលោកទៅដល់កន្លែងប្រជុំជាមួយនឹងប្រធានសភាលោក Paul Ryan នៅទីស្នាក់ការបស់គណៈកម្មាធិការជាតិរបស់គណបក្សសាធារណរដ្ឋ នៅ Capitol Hill រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។

ប្រភពៈ VOA