នៅសហរដ្ឋអាមេរិក យុទ្ធនាការឃោសនាស្វែងរកសម្លេងគាំទ្រនៅផ្ទៃក្នុងគណបក្សដើម្បីអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនាខែវិច្ឆិកាខាងមុខបាន និងកំពុងបន្តមានយ៉ាងសកម្ម។ នៅខាងគណបក្សសាធារណរដ្ឋ បេក្ខជនដែលកំពុងនាំមុខគេ គឺគ្មាននរណាក្រៅពីលោកដូណាល់ ត្រាំទេ។ តែនៅខាងគណបក្សប្រជាធិបតេយ្យវិញ គឺនៅសល់បេក្ខជនចំនួនពីរនាក់នៅក្នុងបញ្ជី គឺលោកស្រីគ្លីនតុន និងលោកសេនដឺ។ នៅយប់មិញ លោកស្រីគ្លីនតុនបានប្រកាសជោគជ័យជាបេក្ខនារីប្រធានាធិបតី តែលោកសេនដឺនៅមិនទាន់ទទួលស្គាល់ ព្រមទាំងប្រកាសបន្តយុទ្ធនាការឃោសនារហូតដល់ទឹកចុងក្រោយ។

អ្វីៗបានលេចកាន់តែច្បាស់ និងគ្មានអ្វីគួរឲ្យមានមន្ទិលសង្ស័យសម្រាប់លោកស្រីហ៊ីលឡារី គ្លីនតុន។ ច្បាស់ និងគ្មានមន្ទិលសង្ស័យ ព្រោះលោកស្រីគ្លីនតុនទទួលបានសម្លេងគ្រប់គ្រាន់ដើម្បីឈរឈ្មោះជាបេក្ខនារីប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យ។ នៅយប់ថ្ងៃអង្គារ ទី៧ មិថុនា លោកស្រីគ្លីនតុនបានទទួលការសាទរពីលោកប្រធានាធិបតីអូបាម៉ា និងបានរៀបចំពិធីយ៉ាងគគ្រឹកគ្រេងនៅទីស្នាក់ការកណ្តាលរបស់លោកស្រីនៅ។ នៅក្នុងពិធីនោះ លោកស្រីគ្លីនតុនបានថ្លែងអរគុណក្រុមអ្នកគាំទ្រលោកស្រី និងថា ជោគជ័យរបស់លោកស្រីពេលនេះ មិនមែនជាជោគជ័យផ្ទាល់ខ្លួនទេ។

ដោយសារតែមានការគាំទ្រពីលោក អ្នក យើងបានបោះមួយជំហានទៅមុខយ៉ាងសំខាន់។ ជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសយើង ស្រី្តម្នាក់នឹងក្លាយជាបេក្ខនារីប្រធានាធិបតីតំណាងឲ្យគណបក្សមួយក្នុងចំណោមគណបក្សដ៏ធំសម្រាប់ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនាពេលខាងមុខ។

ជោគជ័យនៅក្នុងរាត្រីនេះ មិនមែនជាជោគជ័យរបស់មនុស្សម្នាក់ទេ។ ជោគជ័យក្នុងរាត្រីនេះជាជោគជ័យរបស់ជំនាន់បុរស និងស្រ្តីដែលបានប្រឹងប្រែងតស៊ូ និងបានធ្វើពហិការគ្រប់បែបយ៉ាងរហូតទទួលបានផ្លែផ្កានាពេលនេះ។

ជោគជ័យក្នុងរាត្រីនេះ គឺជាជោគជ័យរបស់លោកអ្នកទាំងអស់គ្នា។

ជាការពិត នេះជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកដែលមានស្រី្តម្នាក់នឹងក្លាយជាបេក្ខនារីប្រធានាធិបតីតំណាងឲ្យគណបក្សមួយក្នុងចំណោមគណបក្សដ៏ធំសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនាពេលខាងមុខ។ គួររម្លឹកជូនថា កាលពី ៨ឆ្នាំមុន ពោលក្នុងឆ្នាំ ២០០៨ ភរិយាអតីតប្រធានាធិបតីអាមេរិក ប៊ីល គ្លីនតុនរូបនេះក៏ធ្លាប់បានចូលប្រឡូកដណ្តើមបេក្ខភាពប្រធានាធិបតីទល់នឹងលោកអូបាម៉ាសម្រាប់គណបក្សប្រជាធិបតេយ្យម្តងហើយ។ តែអ្វីដែលខុសគ្នាលើកនេះ លោកស្រីគ្លីនតុនបានដាក់ខ្លួនជាសកម្មជនស្ត្រីម្នាក់ ជាម្តាយ ជាជីដូន និងដែលខ្លឹមសារឃោសនាបានផ្តោតសំខាន់លើស្រ្តី។

លោកស្រីគ្លីនតុនបានប្រកាសជោគជ័យជាបេក្ខនារីប្រធានាធិបតី តែលោកសេនដឺដែលជាគូប្រជែងក្នុងគណបក្សប្រជាធិបតេយ្យនៅមិនទាន់ទទួលស្គាល់ ព្រមទាំងប្រកាសបន្តយុទ្ធនាការឃោសនារហូតដល់ទឹកចុងក្រោយ។

«មនុស្សរាប់លាននាក់មកពីទូទាំងប្រទេស តាំងពីចុងម្ខាង ដល់ចុងម្ខាង បាននាំគ្នាងើបឡើង ដោយដឹងច្បាស់ថា ប្រទេសជាតិរបស់យើងគួរតែមានការរីកចម្រើនជាងពេលបច្ចុប្បន្ននេះ។ នៅថ្ងៃអង្គារក្រោយ យើងនឹងនៅតែបន្តយុទ្ធនាការរបស់យើង នៅក្នុងការបោះឆ្នោតចុងក្រោយ ក្នុងរដ្ឋធានីវ៉ាស៊ីងតោន។

បន្ទាប់ពីនោះទៅទៀត យើងក៏នឹងនៅតែបន្តការតស៊ូរបស់យើងរហូតទៅដល់សមាជបក្សនៅហ្វីឡាឌែលហ្វីយ៉ា ដើម្បីទាមទារឲ្យមានយុត្តិធម៌សង្គម សេដ្ឋកិច្ច ជាតិសាសន៍ និងបរិស្ថាន។

ខ្ញុំក៏ចេះគិតលេខដែរ ហើយខ្ញុំដឹងច្បាស់ថា ការបោះឆ្នោតនាពេលខាងមុខនេះ គឺមិនមែនជារឿងងាយស្រួលទេសម្រាប់យើង។ ក៏ប៉ុន្តែ យើងនឹងនៅតែបន្តខិតខំប្រឹងប្រែងរហូតដល់ទីចុងបំផុត។ យើងនឹងខិតខំសន្សំសំឡេងគាំទ្រពីអង្គបោះឆ្នោតបានមួយសំឡេង យកមួយសំឡេង»

ដើម្បីចៀសវាង « អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ » និងក៏ដើម្បីអូសទាញក្រុមអ្នកបោះឆ្នោតឲ្យលោកសេនដឺផង លោកស្រីគ្លីនតុនបានឆ្លៀតលើកសរសើរគូប្រជែងលោកសេនដឺពីយុទ្ធនាការឃោសនាដ៏អស្ចារ្យរបស់លោក។

«ខ្ញុំចង់ថ្លែងសាទរលោកសេនដឺចំពោះយុទ្ធនាការឃោសនាដ៏អស្ចារ្យរបស់គាត់។ លោកសេនដឺបានចូលបម្រើការងាររដ្ឋអស់ជាច្រើនឆ្នាំ និងដែលក្នុងរយៈពេលនោះ លោកបានធ្វើការតស៊ូយ៉ាងស្វិតស្វាញដើម្បីបុព្វហេតុ និងគោលការណ៍នៃភាពចម្រើន។ លោកបានទាក់ទាញអ្នកបោះឆ្នោតរាប់សិបលាននាក់ ពិសេសគឺយុវជន។ ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់ថា បុគ្គលសេនដឺ យុទ្ធនាការឃោសនារបស់គាត់ និងការតស៊ូមតិរបស់យើងស្តីពីប្រាក់បៀវត្ស ឬស្តីពីការកាត់បន្ថយវិសមភាពក្នុងសង្គម គឺសុទ្ធសឹងជារឿងល្អសម្រាប់គណបក្សប្រជាធិបតេយ្យ និងសម្រាប់អាមេរិក។ យុទ្ធនាការឃោសនានៅផ្ទៃក្នុងបក្សមានការលំបាកខ្លាំង តែយ៉ាងណាក៏ដោយ ទោះបីជាលោក អ្នកបានគាំទ្រខ្ញុំ គាំទ្រលោកសេនដឺ ឬមួយក៏គាំទ្របេក្ខជនណាមកពីគណបក្សសាធារណរដ្ឋក៏ដោយ យើងទាំងអស់គ្នាត្រូវតែធ្វើការងាររួមគ្នាដើម្បីឲ្យអាមេរិកខ្លាំង និងរីកចម្រើន»។

នៅខាងគណបក្សសាធារណរដ្ឋឯណោះវិញ លោកដូណាល់ ត្រាំមិនបានទុកឱកាសនៃការប្រើសម្តីឆ្លងឆ្លើយគ្នារវាងលោកស្រីគ្លីនតុន និងលោកសេនដឺក្នុងបក្សប្រជាធិបតេយ្យឲ្យកន្លងហួសបានទេ។ នៅក្នុងន័យនេះ និងដោយដឹងថាគូប្រជែងប្រធានាធិបតីរបស់លោកមិនមែនលោកសេនដឺ លោកដូណាល់ត្រាំមិនញញើតនឹងប្រើសម្តីវាយប្រហារលោកស្រីគ្លីនតុនត្រង់ៗ ព្រមទាំងអំពាវនាវហៅអ្នកបោះឆ្នោតគាំទ្រលោកសេនដឺឲ្យចូលរួមជាមួយខ្លួនវិញ។

«ខ្ញុំយល់ពីការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាបេក្ខជនរបស់លោក អ្នក ហើយខ្ញុំចង់ជម្រាបលោក អ្នកថា ខ្ញុំនឹងមិនបោះបង់ចោលលោក អ្នកទេ។ ខ្ញុំចង់ផ្ញើសារទៅកាន់អ្នកបោះឆ្នោតគាំទ្រលោកសេនដឺដែលបានទទួលបរាជ័យដោយសារតែប្រព័ន្ធពុករលួយថា យើងទទួលយកលោក អ្នកដោយដៃទាំងពីរ។
ក្រុមគ្រួសារគ្លីនតុនបានអនុវត្តន៍នយោបាយដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន។ ក្រុមនេះទទួលបានផលចំណេញរាប់សិបលានដុល្លារតាមរយៈការលក់កុងត្រាផ្តាច់មុខ និងការទទួលបានកុងត្រាពីរដ្ឋាភិបាល។ ខ្ញុំនិយាយច្បាស់ហើយ គឺទទួលបានលុយរាប់សិបលានដុលា្លរ។ ប្រទេសនេះត្រូវបានបំផ្លាញខ្ទេចខ្ទី ហិនហោចអស់ ហេដ្ឋារចនាសម្ព័ន្ធរបស់យើងជួបមហន្តរាយ សាលារៀនរបស់យើងបាត់បង់គុណភាព ឧក្រិដ្ឋកម្មបានកើនឡើង ពលរដ្ឋកំពុងភ័យខ្លាច។ តើយើងពិតជាត្រូវការឲ្យលោកស្រីហ៊ីលឡារី គ្លីនតុនធ្វើជាម្ចាស់សេតវិមានឬ ?។ ការប្រគល់កៅអីប្រធានាធិបតីឲ្យលោកស្រីគ្លីនទុន គឺដូចជាការបន្តនយោបាយវិនាសអន្តរាយរបស់លោកអូបាម៉ាអ៊ីចឹង»។

សម្តីវាយប្រហារខ្លាំងៗរបស់លោកដូណាល់ ត្រាំរបៀបនេះមិនបានធ្វើឲ្យលោកស្រីគ្លីនតុនឈរក្រពាត់ដៃស្តាប់បានឡើយ និងបានបរិហារបកវិញថា កម្មវិធីនយោបាយរបស់លោកត្រាំកំពុងពុះចែកអាមេរិកជាពីរ។ អ្វីទៅជាជម្រើសរបស់ពលរដ្ឋអាមេរិករវាងលោកស្រីគ្លីនតុន និងលោកត្រាំ?។ គេត្រូវរង់ចាំចម្លើយនៅខែវិច្ឆិកាខាងមុខ៕

ប្រភពៈ RFI