ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច អះអាងថាសំភារៈនិងឧបករណ៍ធ្វើទារុណកម្មមួយចំនួននៅមន្ទីរស២១ ជាការប្រឌិតឡើងក្រោយថ្ងៃ៧មករា១៩៧៩។

toul-sleng

នៅទី៩ខែមិថុនាឆ្នាំ២០១៦នេះត្រូវជាថ្ងៃទី៣ក្នុងការផ្តល់សក្ខីកម្ម លោក កាំង ហ្កេកអ៊ាវ ហៅឌុច ដែលបានត្រូវបានតុលាការខ្មែរក្រហមសម្រេចឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីការទទួលខុសត្រូវរបស់លោកលើការធ្វើទារុណកម្មនិងសម្លាប់មនុស្សជាង១៥០០០នាក់នៅគុកទួលស្លែងនោះ លោកបានអះអាងប្រាប់តុលាការពីការធ្វើទារុណកម្ម៤ប្រភេទនៅក្នុងមន្ទីរសន្តិសុខស២១ ដោយមាន ការវាយនឹងរំពាត់ ការឆក់ខ្សែភ្លើង ការគ្របក្បាលអ្នកទោសនឹងថង់ប្លាស្ទិក និងការគ្របក្រមាជ្រមុជអ្នកទោស។ ក្នុងចំណោមនៃការធ្វើទារុណកម្មទាំងនេះការវាយនឹងរំពាត់ឌុចថា បានប្រើប្រាស់ច្រើនជាងគេ។ តែលោកបានបដិសេធទៅលើឧបករណ៍ធ្វើទារុណកម្មមួយចំនួនដូចជា ធុងទឹកជ្រមុជក្បាល និងឧបករណ៍ព្យូរជើងអ្នកទោសឡើងលើជាដើម ថាជាឧបករណ៍ប្រឌិតឡើងក្រោយថ្ងៃ៧មករា។

លោកថា៖ “ខ្ញុំឲ្យគេគូរត្លុកមានរូបហូជីមីញ និងរូបចនសុន ហើយឲ្យគេថ្វាយបង្គំឲ្យអ្នកទោសថ្វាយបង្គំឱព្រះអង្គអើយជួយខ្ញុំផង! អាចហៅថាធ្វើទារុណកម្មដែរ។ ហូជីមីញតំណាងឲ្យយួនឈ្លានពានវាតទីយកទឹកដីនេះ អានេះតាមទ្រឹស្តីរបស់បក្សកុំមុយនីសកម្ពុជា ចំណែកចនសុនគឺតំណាងឲ្យចក្រព័ទ្ធអាមេរិក។ … ខ្ញុំចាំបានតែអាមួយហ្នឹងជាងគេ គឺអាពូថៅពីរមុខៗពីរហ្នឹងខ្ញុំចាំបានតែអាហ្នឹងជាងគេ ឯឧបករណ៍ប្រឌិតក្រោយទៀតមាន ដូចជាឧបករណ៍ជ្រលក់ទឹកធុងក្បាលហ្នឹងទៅក្នុងអាងទឹកអីហ្នឹងជាឧបករណ៍ប្រឌិតទេ ប្រឌិតក្រោយថ្ងៃ៧មករា អាព្យូរជើងឡើងលើ ហើយអាផូតូ(បង្គោល)សម្រាប់ឡើងគោកឡើងអីនេះ ក៏ជាឧបករណ៍ប្រឌិតដែរ ជាសេចក្តីរាយការណ៍ប្រឌិតរបស់វ៉ាន់ណាត! ”

លោក កាំង ហ្កេចអ៊ាវ ក៏បានបញ្ជាក់ផងដែរថាក្នុងការធ្វើទារុណកម្ម ពុំមានអ្នកទោសណាមួយហ៊ានស្រែកនោះទេ លោកអះអាងថាចំពោះព័ត៌មានដែលថាមានការស្រែកនៅពេលជាប់ឃុំក្នុងស២១ថាជារឿងបំផ្លើស។

លោកថា៖ “ការវាយដំលឺដល់ខាងក្រៅនេះ ហើយសម្រែករបស់អ្នកទោសស្រែកថ្នូរស្រែកជំទាលនេះជារឿងបំផ្លើសសុទ្ធសាធ អត់មានលឺទេគ្នានអ្នកទោសណាហ៊ានស្រែកទេ! នេះជាក់ស្តែង”

អតីតអ្នកទោសខ្មែរក្រហមនៅស២១ឬគុកទួលស្លែង លោកជុំ ម៉ី បានឲ្យវីអូឌីដឹងថា លោកមិនបានឃើញពីឧបករណ៍ទាំងនោះទេនៅពេលដែលលោកជាប់ឃុំនៅស២១ ដោយសារលោកត្រូវគេចងមុខជាប់នៅពេលដែលចេញពីបន្ទប់ឃុំខ្លួន។ លោកអះអាងមានតែលោក វ៉ាន់ ណាត តែមួយគត់ដែលបានឃើញឧបករណ៍ទាំងនោះ។

លោកថា៖ “ខ្ញុំមិនបានឃើញអីទេពេលនោះគេចងមុខខ្ញុំណាក្មួយ គេចងមុខទៅណាឲ្យតែទៅណាគេចងមុខហើយយើងមិនបានឃើញអស់ទេ។ ហើយឧបករណ៍អស់ហ្នឹងគឺខ្ញុំមិនបានឃើញទេ ខ្ញុំបានឃើញតែអ្វីដែលគេធ្វើទារុណកម្មខ្ញុំហ្នឹង គេដកក្រចក ឆក់ខ្សែភ្លើងស្អីៗហ្នឹងយើងបានឃើញ វ៉ៃបាក់ដៃអីហ្នឹង ខ្ញុំបានឃើញខ្ញុំទទួលស្គាល់។ តែបើឧបករណ៍ដទៃទៀតនោះ(អាងជ្រមុជទឹក ឧបករណ៍ព្យូរជើងអ្នកទោស) គេប្រមូលយកមកដាក់នោះវាមិនដឹងនៅឯណាអីនៅឯណានោះយើងអត់បានដឹងណា គេអ្នកប្រមូល”

បើទោះបើជាលោក ជុំ ម៉ី ក្នុងរយៈពេលដែលលោកជាប់ឃុំនៅស២១ មិនបានឃើញពីឧបករណ៍ទាំងនេះក្តីក៏លោកមិនជឿពីការលើឡើងរបស់ឌុចទេ។

លោកថា៖ “ក្មួយត្រូវយល់អញ្ចេះ! ខ្មែរក្រហមទាំងអស់ទាំងអាមេខ្មែរក្រហមទាំងអាកូនខ្មែរក្រហមទាំងប៉ុន្មាននឹង និយាយ១០០ដង ខ្ញុំអត់ជឿវាទេវាក្រឡិចក្រឡុចណាស់!”

លោក ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌុចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត៕

ប្រភពៈ VOD