ការប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងការផ្ដល់សច្ចាប័នដល់បទដ្ឋានច្បាប់អន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្សបង្ហាញថា រដ្ឋាភិបាលមានកាតព្វកិច្ចធានាសិទ្ធិនយោបាយដល់ពលរដ្ឋគ្រប់រូប។

មានមូលដ្ឋានច្បាប់ជាតិមិនតិចទេ ដែលបង្ហាញថា សិទ្ធិនយោបាយរបស់ពលរដ្ឋត្រូវបានធានា ដោយអនុលោមតាមសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ឬសេចក្ដីប្រកាសជាសាកលរបស់អង្គការសហប្រជាជាតិ។

Loading...

មាត្រា៤២ នៃរដ្ឋធម្មនុញ្ញបញ្ជាក់ថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ ហើយសិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្ដាប់ធ្នាប់សង្គម។

ក្នុងការគ្រប់គ្រងរដ្ឋាភិបាលអស់រយៈកាល៥អាណត្តិមកនេះគឺប្រាកដណាស់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រឹងប្រែងធានាសិទ្ធិរបស់ពលរដ្ឋទៅតាមអ្វីដែលលោកក្នុងនាមជានាយករដ្ឋមន្ត្រីបានស្បថស្បែមុនចូលកាន់តំណែង។ សម្បថនោះបញ្ជាក់ថានាយករដ្ឋមន្ត្រីធានាសិទ្ធិពលរដ្ឋដូចមានចែងក្នុងសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិដែរ។

គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីក៏ប្រឹងប្រែងជួយបំពេញកាតព្វកិច្ចនេះដែរ។

ចាប់តាំងពីថ្នាក់ជាតិរហូតដល់ក្នុងគ្រួសារមន្ត្រីគណបក្សប្រជាជនប្រឹងប្រែងជ្រោមជ្រែងបក្សនេះ ដោយព្យាយាមអោយមន្ត្រីរាជការក្រោមឱវាទ និងសមាជិកគ្រួសារចូលរួមជីវភាពនយោបាយរបស់បក្សនេះ ដោយចំណាយទាំងពេលវេលា និងធនធាន។

មន្ត្រីរាជការដែលចង់រក្សាតំណែងសុទ្ធសឹងតែចូលរួមប្រមែប្រមូលធនធានចូលបក្ស និងចុះតាមមូលដ្ឋាន ដើម្បីពង្រឹងបក្សថែមទៀត។ មិនថាដើរ ដេក ឈរ អង្គុយ អ្នកទាំងនោះតែងគិតដល់គណបក្សកាន់អំណាចមួយនេះ ពេលខ្លះបានដាក់កំហិតខ្លួនឯងមិនអោយនិយាយជាមួយសារព័ត៌មានអន្តរជាតិមួយចំនួនផងដោយភ័យខ្លាចប៉ះពាល់ដល់ឈ្មោះខ្លួន ភាពស្អាតស្អំរបស់ខ្លួនជាមួយបក្ស។

ក្រុមចុះពង្រឹងបក្សតាមមូលដ្ឋានគ្រប់ជាន់ថ្នាក់នោះទៀតសោតក៏ត្រូវកែសម្រួលដែរ ដោយអ្នកមានស្រុកកំណើតនៅឯណាភាគច្រើនវិលទៅចុះពង្រឹងមូលដ្ឋានតាមទីកំណើតរបស់ខ្លួន ធ្វើយ៉ាងណាអោយការងារកាន់តែមានប្រសិទ្ធភាពទាក់ទាញពលរដ្ឋអោយគាំទ្រគណបក្សកាន់អំណាចតទៅទៀត។

នៅតាមមូលដ្ឋានវិញអាជ្ញាធរដឹកនាំមូលដ្ឋានភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា ក៏បំពេញតួនាទីពង្រឹងបក្សដែរ ដោយជួយសម្រួលការងារជានិច្ចដល់ពលរដ្ឋណាដែលបង្ហាញថា ចូលរួមជាមួយបក្សនេះ។ ពួកគេបានកំណត់គោលដៅរួចជាស្រេច និងមានផែនការជានិច្ចក្នុងការបង្កើនចំនួនអ្នកគាំទ្រគណបក្សនេះ នៅក្នុងចំណោមយុវជនដែលគ្រប់អាយុបោះឆ្នោត។ មេភូមិតែងចុះទៅតាមគ្រួសារនីមួយៗ ហើយបញ្ចុះបញ្ចូលអោយគ្រួសារទាំងនោះផ្ដល់រូបថតសមាជិកគ្រួសារ ដែលគ្រប់អាយុ ដើម្បីបំពេញបែបបទចូលជាសមាជិកបក្ស ហើយពេលខ្លះម្ចាស់ខ្លួនមិនទាំងដឹងថាបានចូលជាសមាជិកគណបក្សនេះផង។ ដើម្បីជួយដល់ការងារនេះគេបានជ្រើសរើសមនុស្សម្នាក់ក្នុងគ្រួសារភាគច្រើនជាស្ត្រីមេផ្ទះអោយធ្វើជាប្រធានក្រុមគ្រប់គ្រងសមាជិកក្នុងគ្រួសារ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាដែរនោះ។ ប្រធានក្រុមនេះតែងបានអំណោយ ឬប្រាក់នៅពេលទៅចូលរួមប្រជុំជាមួយក្រុមអ្នករាជការ ដែលចុះទៅពង្រឹងមូលដ្ឋាន ឬកិច្ចប្រជុំផ្សេងៗទៀតរបស់បក្ស។

ក្រៅពីនេះក៏នៅមានអង្គការមិនមែនរដ្ឋាភិបាល និងក្រុមសហជីពជាច្រើនទៀតដែលតែងចេញមុខគាំទ្រវិធានការរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន។ យូរៗម្ដងសហជីព និងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះបន្តកន្ទុយគ្នាចេញសេចក្ដីថ្លែងការណ៍ហៃអើតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី ឬប្រធានគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ននេះ។

ចំណែកស្ថាប័នដែលត្រូវឋិតនៅឯករាជ្យមួយចំនួន ទាំងកងកម្លាំងប្រដាប់អាវុធផងក៏បង្ហាញថាក្រុមគេមានសិទ្ធិពេញលេញក្នុងន័យនយោបាយនេះដោយធ្លាប់ប្រកាសការពារប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនេះថែមទៀត។

ប៉ុន្តែបើទោះជាសកម្មភាពទាំងនេះបង្ហាញថាសិទ្ធិនយោបាយរបស់ពលរដ្ឋបានធានាក៏ពិតមែនក៏មតិជាតិ និងអន្តរជាតិមួយចំនួនបែរជាបន្តរិះគន់មិនឈប់មិនឈរទេថារដ្ឋាភិបាលរំលោភលើសិទ្ធិនយោបាយរបស់ពលរដ្ឋទៅវិញ។

បើពិនិត្យមើលតាមជ្រុងមួយទៀតនឹងឃើញថា ពលរដ្ឋខ្មែរជាច្រើនទៀតបែរជាត្រូវរងសម្ពាធ ការរើសអើង ឬមិនត្រូវយកចិត្តទុកដាក់នៅពេលអាជ្ញាធរមូលដ្ឋានមកពីគណបក្សប្រជាជនកម្ពុជាដឹងថា មានទំនោរទៅរកគណបក្សនយោបាយផ្សេង។

កាន់តែធ្ងន់ធ្ងរថែមទៀតបើគេដឹងថា មានទំនោរទៅរកគណបក្សប្រឆាំង។

ពាក្យថា ចេតនានយោបាយត្រូវគេប្រើប្រាស់ជាទៀងទាត់ដាក់ទៅក្រុមណា ដែលងាកទៅរកគណបក្សប្រឆាំង ឬត្រូវគេចាត់ទុកថា ជាគូកននឹងបក្សប្រឆាំង បើទោះបីជាពួកគេឋិតនៅកណ្ដាលក៏ដោយ។ ក្រុមទាំងនោះរាប់ទាំងពលរដ្ឋសាមញ្ញ សកម្មជនការពារសិទ្ធិដីធ្លី ប្រព័ន្ធផ្សព្វផ្សាយ វិស័យឯកជន សហជីព និងអង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែពាក្យចេតនានយោបាយនេះគេមិនដែលជះត្រឡប់ទៅក្រុមមនុស្ស ដែលស្របនឹងរដ្ឋាភិបាលទេ។

ពាក្យថា ចេតនានយោបាយ ឬមាននិន្នាការនយោបាយប្រឆាំងនេះកាន់តែពេញនិយមណាស់នៅពេលការបោះឆ្នោតខិតជិតមកដល់។

មកដល់ពេលនេះមនុស្សមិនតិចទេ ដែលត្រូវរងគ្រោះព្រោះតែពាក្យនេះ ហើយកាន់តែយ៉ាប់ទៅទៀតចំពោះអ្នកដែលហ៊ានចេញមុខបង្ហាញថាគាំទ្រនយោបាយគណបក្សប្រឆាំង។ នៅក្រោយការធ្វើបាប និងធ្វើទុក្ខបុកម្នេញណាមួយ សាធារណមតិចាប់ផ្ដើមរិះគន់ភ្លាមៗថា នេះហើយនៅមិននៅទៅប្រឡូកនឹងនយោបាយ ប៉ុន្តែគេកម្រនឹងរិះគន់បែបនេះទៅអ្នកដែលគាំទ្រទៅគណបក្សកាន់អំណាច។ រូបភាពនៃការគំរាមកំហែងក៏មានមិនតិចដែរ ដោយប្រើរបៀបអារកមាន់បំភ័យស្វា។ ថ្មីៗនេះការពិនិត្យស្នាមមេដៃពលរដ្ឋ ដែលបក្សកាន់អំណាចហៅថា ជារឿងបច្ចេកទេសសុទ្ធសាធនោះបង្ហាញថាអ្វីៗគឺគណបក្សនេះគ្រប់គ្រងបើទោះជាស្នាមមេដៃនោះថ្វាយទៅព្រះមហាក្សត្រក៏ដោយ។

ជារួមទៅរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពិតជាបានប្រឹងប្រែងធានាសិទ្ធិនយោបាយរបស់ពលរដ្ឋដែលគាំទ្រគណបក្សខ្លួន ហើយការធានានេះទំនងមិនមែនសម្រាប់ពលរដ្ឋអ្នកគាំទ្រគណបក្សប្រឆាំងឡើយ៕

ប្រភពៈ RFA