កម្មវិធីជួបជុំរបស់អ្នកដឹកនាំវ័យក្មេង ដែលជួបជុំគ្នារយៈពេលមួយថ្ងៃក្នុងរាជធានីភ្នំពេញ មានគោលបំណងសំខាន់ដើម្បីផ្តល់ចំណេះដឹងដល់បណ្តាញយុវជនកម្ពុជាទាក់ទងនឹងផលប៉ះពាល់នៃអំពើពុករលួយ និងតួនាទីជួយដោះស្រាយបញ្ហាពុករលួយ។

ភ្នំពេញ —អង្គការតម្លាភាពកម្ពុជាបានបើកកិច្ចពិភាក្សាមួយជាមួយបណ្តាញយុវជនយ៉ាង តិច៦០នាក់ មកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យពួកគេរិះរកមធ្យោបាយសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាបញ្ហាពិបាកដោះស្រាយក្នុងប្រទេសក្រីក្រនេះ។

Loading...

កម្មវិធីជួបជុំរបស់អ្នកដឹកនាំវ័យក្មេង ដែលជួបជុំគ្នារយៈពេលមួយថ្ងៃក្នុងរាជធានីភ្នំពេញ មានគោលបំណងសំខាន់ដើម្បីផ្តល់ចំណេះដឹងដល់បណ្តាញយុវជនកម្ពុជាទាក់ទងនឹងផលប៉ះពាល់នៃអំពើពុករលួយ និងតួនាទីជួយដោះស្រាយបញ្ហាពុករលួយ ដែលគេបានប៉ាន់ប្រមាណថា ធ្វើឲ្យបាត់បង់ចំណូលរដ្ឋយ៉ាងតិច៥០០លានដុល្លារក្នុង១ឆ្នាំ ហើយធ្វើឲ្យប្រទេសកម្ពុជានៅតែស្ថិតក្នុងលំដាប់ប្រទេសក្រីក្រ និងត្រូវការជំនួយ និងប្រាក់កម្ចីពីបរទេសជារៀងរាល់ឆ្នាំ។

នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមិថុនានេះ អង្គការតម្លាភាពកម្ពុជាបានធ្វើសិក្ខាសាលាមួយដើម្បីបង្កើនសមត្ថភាពរបស់យុវជនក្នុងការលើកកម្ពស់តួនាទីរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែរ។

នាង ខុន សុនីតា និស្សិតឆ្នាំទី៤ផ្នែកទំនាក់ទំនងនៃសាកលវិទ្យាល័យកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សាថ្ងៃនេះបាន ថ្លែងថា វាជាឱកាសមួយដែលក្រុមយុវជនអាចរិះរកមធ្យោបាយក្នុងការអនុវត្តគម្រោងកាត់បន្ថយអំពើពុករលួយក្នុងសង្គម។

«ខ្ញុំគិតថា សិក្ខាសាលាថ្ងៃនេះ វាជាឱកាសមួយដែលឲ្យយុវជនរបស់ TI គាត់មកជួបគ្នា ហើយពិភាក្សាគ្នាថា តើអ្វីដែលពួកយើងគួរធ្វើបន្តទៀត ព្រោះពួកយើងបានរៀនពីសុច្ចរិតភាព តម្លាភាព និងការធ្វើគម្រោងអីអញ្ចឹងណា៎»។

ដូចសុនីតាដែរ ព្រះតេជព្រះគុណ យាន ពិសិដ្ឋ និស្សិតផ្នែកគ្រប់គ្រងនៅពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា សិក្ខាសាលាជួបជុំអ្នកដឹកនាំវ័យក្មេងនេះជួយឲ្យព្រះតេជព្រះគុណអាចស្វែងយល់បន្ថែមពីការរៀបចំគម្រោងអភិវឌ្ឍន៍មូលដ្ឋានផងដែរ។

ព្រះតេជព្រះគុណមានសង្ឃដីកាថា៖«សម្រាប់អាត្មាផ្ទាល់ ការចូលរួមកម្មវិធីហ្នឹងគឺចេះដឹងច្រើន។ ពីមុនមក អាត្មាអត់ដែលដឹងថា អំពើពុករលួយមានស្ថាប័នយ៉ាងម៉េចៗជាលក្ខណៈយ៉ាងម៉េចទេ។ ប៉ុន្តែពេលដែលអាត្មាចូលរួមក្នុងកម្មវិធីហ្នឹងមក អាត្មាដឹងថា អំពើពុករលួយហ្នឹងកើតឡើងតាមប្រព័ន្ធណាខ្លះ ហើយតម្លាភាព សុច្ចរិតភាព វាកើតឡើងយ៉ាងម៉េចៗ គឺក្នុងកម្មវិធីហ្នឹងគឺគេឲ្យយើងដឹងពីចំណុចហ្នឹង»។

45CC6A61-6028-4817-A365-BFB87E601A64_w610_r0_s

អង្គការតម្លាភាពកម្ពុជាបានធ្វើកម្មវិធីបណ្ដុះបណ្ដាលនេះតាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួង មន្ទីរនិងអាជ្ញាធរនានាតាមខេត្តជាច្រើន ដើម្បីកំណត់បញ្ហាសង្គម និងការផ្តល់សេវាសាធារណៈជូនដល់ពលរដ្ឋ និងការលុបបំបាត់អំពើអយុត្តិធម៌ក្នុងសង្គមជាដើម តាមរយៈការផ្ដល់គោលការណ៍គ្រឹះចំនួន៦ រួមមានទាំងការមិនសូកប៉ាន់ មិនស៊ីសំណូក ធ្វើការជាមួយអ្នកដទៃ និងស្ថាប័ននានា ដើម្បីប្រឆាំងអំពើពុករលួយ និងសម្ដែងមតិប្រឆាំងអំពើពុករលួយ និងរាយការណ៍អំពើពុករលួយជាដើម។

លោក ប៉ិច ពិសី បានឲ្យដឹងថា សិក្ខាសាលានេះគឺជាឱកាសជួបជុំគ្នារវាងអ្នកដឹកនាំវ័យក្មេង ដែលអង្គការតម្លាភាពធ្វើការបណ្ដុះបណ្ដាលតាំងពីឆ្នាំ២០១៣មក តាមរយៈកម្មវិធីបោះជំរំ និងក្រុមមួយទៀតគឺគេហៅថា អ្នកដឹកនាំវ័យក្មេង ដែលទទួលការបណ្ដុះបណ្ដាលរយៈពេលបីខែ។ ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ អង្គការតម្លាភាពកម្ពុជាបានអប់រំបណ្ដាញអ្នកដឹកនាំវ័យក្មេងបានប្រមាណជាង២០០០០នាក់។

លោក ប៉ិច ពិសី និយាយថា៖«ដើម្បីឲ្យគាត់ផ្លាស់ប្តូរយោបល់គ្នាអំពីគម្រោង បទពិសោធន៍ធ្វើការកន្លងមក ពីការចូលរួមរបស់គាត់ក្នុងការចូលរួមនៅក្នុងបញ្ហាសង្គម ហើយយើងនឹងឲ្យគាត់រៀបចំផែនការរបស់គាត់ក្នុងការចូលរួមជាមួយអង្គការតម្លាភាពនៅក្នុងរយៈពេលបីឆ្នាំខាងមុខទៀត»។

លោក ទីម ម៉ាល័យ ជាប្រធានបណ្ដាញយុវជនកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកអប់រំបណ្ដុះបណ្ដាលយុវជនអំពីអភិបាលកិច្ចល្អ ការតស៊ូមតិផ្នែកបរិស្ថាន និងសិទ្ធិមនុស្ស។ លោកប្រាប់ VOA ថា បើយុវជនអើពើលើរឿងអយុត្តិធម៌ក្នុងសង្គម នោះអំពើយុត្តិធម៌នោះនឹងត្រូវដោះស្រាយបាន។

លោកនិយាយថា៖ «បើសិនជាយុវជនច្រើនរូប ឬយុវជនណាមួយ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា គាត់បានក្រឡេកមកគិតគូររឿងអយុត្តិធម៌កើតមាននៅក្នុងសង្គមរបស់ខ្លួន យើងមើលឃើញថា សង្គមនោះមានការកែប្រែ ចាប់ផ្ដើមយល់ដឹងអំពីបញ្ហាសង្គមច្រើន។ ចំណែកមួយទៀត យុវជនខ្លួនឯងនឹងឆាប់ទទួលបានភាពប្រសើរឡើង និងភាពយុត្តិធម៌ឆាប់ៗ បើសិនជាយុវជនមើលឃើញថា សង្គមដែលខ្លួនរស់នៅកំពុងមានបញ្ហានោះ»។

អង្គការតម្លាភាពកម្ពុជាដែលធ្វើការតស៊ូមតិផ្នែកអំពើពុករលួយ បានដាក់ប្រទេសកម្ពុជាស្ថិតក្នុងលេខរៀងទី១៥០ក្នុងចំណោមប្រទេសចំនួន១៦៨ គឺប្រហាក់ប្រហែលនឹងប្រទេសអន់ថយជាច្រើនដូចជាប្រទេសហ្ស៊ីមបាវ៉េ (Zimbabwe) និងប្រទេសស៊ីរី៕

ប្រភពៈ VOA