កូនប្រុសស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បីនាក់ បញ្ចេញប្រតិកម្មភ្លាមៗ ចំពោះរបាយការណ៍របស់អង្គការ គ្លបល វីនេស (Global Witness) ដែលថា ក្រុមគ្រួសារត្រកូល “ហ៊ុន” កំពុងកាន់កាប់ក្រុមហ៊ុន និងភាគហ៊ុនដោយសម្ងាត់ជាច្រើនក្នុងប្រទេសកម្ពុជា។

កូនលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន ម៉ានិត បានសរសេរក្នុងហ្វេសប៊ុក (Facebook) របស់ខ្លួននៅថ្ងៃទី៧ កក្កដា ដោយចាត់ទុករបាយការណ៍របស់អង្គការ គ្លបល វីនេស នេះ ជាការបំផ្លាញគ្រួសារខ្លួន។

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងជាមន្ត្រីជាន់ខ្ពស់យោធា សរសេរក្នុងហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ កក្កដា ថា លោកចាំបានថាប៉ុន្មានអាណត្តិហើយឲ្យតែពេលជិតបោះឆ្នោត គឺជាពេលវេលាដែល គ្លបល វីនេស បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេសលើឪពុក (ហ៊ុន សែន) លោកតែម្ដង៖ «លើកនេះក៏មិនមានអ្វីថ្មីដែរ គ្រាន់តែខុសត្រង់ថា តាមរយៈការផ្សាយអត្ថបទតែមួយជួនគ្នា (បង្ហាញពីការសហការគ្នាដ៏ល្អក្នុងរឿងនេះ) រវាងកាសែតភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) និងព្រឹត្តិបត្រព័ត៌មាន ឌឹ ខេមបូឌា ដេលី (Cambodia Daily)។ លើកនេះ គឺមិនត្រឹមវ៉ៃតែឪពុករបស់ខ្ញុំនោះទេ គឺគេបានបង្កើតរឿងវ៉ៃ ទាំងគ្រួសារតែម្ដង ពោលគឺមិនអោយរួចខ្លួនម្នាក់ណាឡើយ។ចាំមើលចេញរឿងអ្វីទៀត?»។]

image

មន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងជាប្រុសលោក ហ៊ុន សែន ម្នាក់ទៀត គឺលោក ហ៊ុន ម៉ានិត សរសេរក្នុងហ្វេសប៊ុកកាលពីព្រឹកមិញថា៖ «នេះជាការវាយប្រហារលើគ្រួសារត្រកូលហ៊ុន ដែលជាការរៀបចំ និងកិច្ចសហការដ៏ល្អរវាង ក្លបល វីនេស (Global Witness) ព្រឹត្តិបត្រព័ត៌មាន ឌឹ ខេមបូឌ៊ា ដេលី (Cambodia Daily) និងកាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ដោយស្ដែងចេញពីគោលបំណងយ៉ាងច្បាស់។ ដូចសព្វដង ព័ត៌មាននេះពោរពេញទៅដោយកំហុស និងព័ត៌មានមិនពិត ក្នុងគោលបំណងតែមួយគត់គឺបង្អាប់ និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន»។

ចំណែកអ្នកស្រី ហ៊ុន ម៉ាណា ម្ចាស់ទូរទស្សន៍ និងវិទ្យុបាយ័ន ដែលជាកូនស្រីរបស់លោក ហ៊ុន សែន ម្នាក់ទៀត ក៏សរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា អ្នកស្រីដឹងច្បាស់ថា ពួកអ្នក (ក្លបល វីនេស) ចង់អ្វីពីគ្រួសារយើងខ្ញុំ គឺឲ្យតែជិតដល់ពេលបោះឆ្នោតម្ដងៗ ក្នុងគោលបំណងបំផ្លាញឪពុករបស់អ្នកស្រី គឺលោក ហ៊ុន សែន៖ « តែនាងខ្ញុំ និងគ្រួសារគួរតែអរគុណដល់អស់លោក លោកស្រីដែលបានជួយដល់ឪពុករបស់នាងខ្ញុំឲ្យឈ្នះឆ្នោតគ្រប់អាណត្តិព្រោះតែការភូតភរ ការប្រមាថរបស់លោកអ្នកធ្វើឲ្យអ្នកបោះឆ្នោត កាន់តែមានការទុកចិត្ត និង បោះឆ្នោតជូនឪពុកខ្ញុំថែមទៀត»។

image(1)

បន្ថែមពីនេះអ្នកស្រី ហ៊ុន ម៉ាណា ក៏ចាត់ទុកការផ្សាយរបស់ព្រឹត្តិបត្រព័ត៌មាន ឌឹ ខេមបូឌ៊ា ដេលី និងកាសែតភ្នំពេញប៉ុស្តិ៍ ជាការសហការយ៉ាងល្អជាមួយក្លបល វីនេស ដើម្បីបំផ្លាញដល់កិត្តិយសគ្រួសារត្រកូលហ៊ុន៖ «សូមអស់លោក លោកស្រី បន្តកិច្ចការបែបនេះតទៅទៀតចុះប្រសិនគ្មានការងារធ្វើ»។

របាយការណ៍កម្រាស់ ជិត ៦០ទំព័ររបស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស មានចំណងជើងថា “ការក្ដោបយកវិនិយោគនៅកម្ពុជា” បង្ហាញថា អធិរាជត្រកូល “ហ៊ុន” កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួន រួមនឹងសារព័ត៌មានល្បីៗលើពិភពលោករួមមាន៖ អេប៊ីស៊ី អូស្រ្តាលី (ABC NEWS) ញូយ៉ក ថាមថ៍ (New York Times) ឌឹ ឌីប្លូម៉េត (The Diplomat) ជាដើម បានផ្សាយបន្តបន្ទាប់ពីរបាយការណ៍នេះ។ លើកលែងតែសារព័ត៌មានក្នុងស្រុកខ្លះ ដែលមាននិន្នាការទៅរដ្ឋាភិបាលប៉ុណ្ណោះ មិនបានផ្សាយពីរបាយការណ៍នេះឡើយ៕

ប្រភពៈ RFA