សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះបានកាត់កំបាំងមុខឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក សម ង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន ដោយបង្គាប់ឲ្យសងជំងឺចិត្តនូវទឹកប្រាក់ចំនួន១៥០លានរៀល ក្រោមបទចោទបរិហារកេរិ៍ជាសាធារណៈ។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថាក្នុងរបបដែលដឹកនាំដោយលោក ហេង សំរិន ក្នុងទសវត្សន៍១៩៨០ បានកាត់ទោសប្រហារជីវិតសម្តេចព្រះនរោត្តម សីហនុ ដោយថា របបនោះបានចោទព្រះអង្គថាជាជនក្បត់ជាតិ និងមានភ្ជាប់ជាមួយវីឌីអូឃ្លីបមួយរបស់សម្តេចនរោត្តម សីហនុ ផង។ ប៉ុន្តែនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ មេធាវីតំណាងឲ្យលោក ហេង សំរិន គឺលោក គី តិច បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយថាការលើកឡើងនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រធានរដ្ឋសភា ហើយបានទាមទារសំណងជំងឺចិត្ត៣០០លានរៀល។

ក្នុងសវនាការព្រឹកមិញ ចៅក្រមជំនុំជម្រះ លោក រស់ ពិសិដ្ឋ បានស្តាប់ការលើកឡើងរបស់មេធាវីតំណាងដើមបណ្តឹង និងតំណាងអយ្យការ ប៉ុន្តែគ្មានតំណាងភាគី លោក សម រង្ស៊ីនោះទេ។

បន្ទាប់ពីបានសម្រាកប្រហែលជា១៥នាទី ចៅក្រមជំនុំជម្រះលោក រស់ ពិសិដ្ឋ បានប្រកាសឲ្យលោក សម រង្ស៊ី បង់ប្រាក់ពិន័យចូលថវិកាជាតិចំនួន១០លានរៀល និងសងសំណងជំងឺចិត្តដល់ដើមបណ្តឹងចំនួន១៥០លានរៀល។

ក្រោយការប្រកាសសាលក្រម មេធាវីតំណាងដើមបណ្តឹង គឺ លោក គី តិច បានប្រាប់អ្នកសារព័ត៌មានថា លោក មិនពេញចិត្តនឹងសេចក្តីសម្រេចនេះទេ ដោយលោកថា អ្វីដែលលោក សម រង្ស៊ី លើកឡើងគឺ ជារឿងមិនពិត និងបានបំភាន់សាធារណជនក្នុងចេតនាកេងចំណេញនយោបាយ។ លោកបន្តថា ក្នុងរបបដែលដឹកនាំដោយ លោក ហេង សំរិន ក្នុងទសវត្សន៍ឆ្នាំ១៩៨០ មិនមានការកាត់ទោសប្រហារជីវិត សម្តេចព្រះនរោត្តម សីហនុ ដូចការលើកឡើងនោះទេ។ លោកចាត់ទុកថា ការឡើកឡើងនេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងដល់កិត្តិយសលោក ហេង សំរិន។

លោកបន្ថែមថា៖ “អ៊ីចឹងអាហ្នឹងជាអំពើដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សម្តេច ហេង សំរិន ក្នុងសម្តេច មានតូនាទីជាន់ខ្ពស់ទាំងក្នុងរបបឆ្នាំ១៩៧៩ និងបច្ចុប្បន្នហ្នឹង ហើយជាពិសេសប៉ះពាល់ដល់គណបក្សប្រជាជនទៀត…ការសម្រេចវាបានផ្តន្ទាទោសហើយ ប៉ុន្តែគ្រាន់ថាវាមិនទាន់សមទៅនឹងអំពើដែលឯឧត្តមសម រង្ស៊ី ធ្វើប៉ះពាល់ដល់សម្តេចពញ្ញាចក្រី ហេង សំរិន ទេ”។

បើតាមលោក គី តិច លោកនឹងពិភាក្សាជាមួយលោក ហេង សំរិន ថាតើអាចទទួលយកការសម្រេចនេះឬក៏ត្រូវប្តឹងបន្តទៅសាលាឧទ្ធរណ៍ទៀត។

ទាក់ទងនឹងការសម្រេចនេះ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង ថាលោកមិនចាប់អារម្មណ៍ទៅលើការសម្រេចនេះទេ ដោយថាលោកថាសំណុំរឿងនេះមានលក្ខណៈនយោបាយ និងថាគណបក្សសង្រ្គោះជាតិក៏មិនបានបញ្ជូនមេធាវីទៅការពារដែរ។

លោកបន្ថែមថា៖ “បញ្ជូនមេធាវីទៅការពារក៏វាអត់ប្រយោជន៍ដែរ ព្រោះវាជារឿងនយោបាយហ្នឹង វាមិនមែនសម្រេចទៅតាមច្បាប់ទម្លាប់សម្រេចទៅតាមឆន្ទៈរបស់ចៅក្រមទេ យើងទៅចំណាយពេលវេលា ទៅឲ្យមេធាវីធ្វើកិច្ចការហ្នឹងខាតពេលហ្នឹង”។

គួរបញ្ជាក់ថាលោក សម រង្ស៊ី ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ លោក សម រង្ស៊ី ក៏ជាប់បណ្តឹងពីរទៀតគឺបណ្តឹងមួយប្តឹងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ពីបទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត និងបណ្តឹងថាសមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ៕

ប្រភព៖ VOD