ភ្នំពេញៈ នារយៈពេលថ្មីៗនេះសម្ភារយោធារួមមានទាំងរថក្រោះ និងរថពាសដែកផងត្រូវបានគេឃើញដឹកតាមផ្លូវមួយចំនួននៅជាយរាជធានីភ្នំពេញស្របពេលដែលស្ថានភាពនយោបាយកំពុងមានភាពតានតឹងដែលធ្វើឲ្យសាធារណជនមានក្តីបារម្ភក៏ដោយក៏អ្នកនាំពាក្យក្រសួងការពារជាតិបានហៅសកម្មភាពនេះថាជាការសម្រួលកងទ័ពតាមផែនការទៀងទាត់ប៉ុណ្ណោះ។

នៅលើហ្វេសប៊ុកកាលពីព្រឹកម្សិលមិញមានវីដេអូឃ្លីបបង្ហាញថាកងទ័ពដឹកសម្ភារយោធាទៅភាគខាងជើងនៃរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៦ ក្នុងខេត្តកំពង់ចាមខណៈមានរូបថតផ្សេងទៀតដែលចុះកាលបរិច្ឆេទថ្ងៃទី ២៦ ខែកក្កដាបានអះអាងថារថក្រោះជិត ១០០ គ្រឿងនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ត្រៀមខ្លួនចូលក្រុងដើម្បីជួសជុល។

Loading...

កាលពីដើមសប្តាហ៍មុនក៏មានឃើញការចែកចាយតៗគ្នានៃវីដេអូ និងរូបភាពនៃការដឹកសម្ភារយោធារួមទាំងរថពាសដែក និងរថក្រោះត្រូវបានដឹកមករាជធានីភ្នំពេញផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានបញ្ជាក់កាលពីថ្ងៃចន្ទថា៖ «រថក្រោះទាំងអស់» គឺត្រូវបានដឹកត្រឡប់មកមូលដ្ឋានវិញនៅជុំវិញរាជធានីភ្នំពេញដើម្បីជួសជុលខណៈដែលនៅតំបន់ព្រំដែនដែលធ្លាប់ប៉ះទង្គិចគ្នាជាមួយថៃក្នុងខេត្តព្រះវិហារត្រូវបានស្ងប់ស្ងាត់។

លោក សុជាតិ ក៏បានបញ្ជាក់ថាកងទ័ពដែលប្រចាំការនៅព្រំដែនដូចជាកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តីក៏ត្រូវបានបញ្ជូនត្រឡប់មកវិញដែរប៉ុន្តែលោកបានបដិសេធថាសកម្មភាពនេះមិនពាក់ព័ន្ធទៅនឹងស្ថានភាពនយោបាយនាពេលថ្មីៗនេះទេប៉ុន្តែគឺដោយសារទំនាក់ទំនងប្រសើរឡើងរវាងកម្ពុជា និងថៃ។

នៅពេលទាក់ទងកាលពីម្សិលមិញលោក ឈុំ សុជាតិ បានថ្លែងថាសកម្មភាពនេះគឺជាផ្នែកមួយនៃការសម្រួលទ័ពដែលជាធម្មតាត្រូវធ្វើឡើងជារៀងរាល់បីខែម្តងប៉ុន្តែពេលខ្លះយូរជាងនេះប្រសិនបើសុខភាពរបស់កងទ័ពជួរមុខមិនមានបញ្ហា។

លោកបានថ្លែងជាដដែលថា វាមិនពាក់ព័ន្ធនឹង «បញ្ហាសន្តិសុខទេ»។ លោកបន្តថា៖ «យើងកំពុងបញ្ជូនជួរក្រោយទៅជួរមុខ និងជួរមុខមកជួរក្រោយដោយសារកម្លាំងរបស់យើងដែលប្រចាំការនៅព្រំដែនមានលក្ខណៈខ្សោយជាងមុន»។

លោកបន្ថែមថា កម្លាំងដែលបញ្ជូនត្រឡប់មកវិញនេះនឹងទទួលការបណ្តុះបណ្តាលឡើងវិញនៅបញ្ជាការដ្ឋានរបស់ពួកគេ។ លោកបានបញ្ជាក់ទៀតថា៖ «នេះគឺធម្មតាទេប្រទេសនីមួយៗគឺដូចនេះ»។

ទោះយ៉ាងណាក្តីប្រភពការទូតមួយដែលត្រូវបានគេផ្តល់ព័ត៌មានសង្ខេបជាទៀងទាត់អំពីកិច្ចការយោធាបានថ្លែងថាកងយោធពលខេមរភូមិន្ទកម្ពុជាកម្រផ្លាស់ប្តូរទ័ពបែបនេះណាស់។

ប្រភពនេះថ្លែងថា៖ «ពួកគេមិនធ្វើការផ្លាស់ប្តូរទ័ពទៀងទាត់ទេ»។ ប្រភពនេះបន្តថាការបង្ហាញវត្តមានយោធាអាចដើម្បីគ្រប់គ្រងបាតុកម្មណាមួយ ឬបំបាក់ទឹកចិត្តប្រជាពលរដ្ឋមិនឲ្យមានការធ្វើបាតុកម្ម»។

ខណៈស្ថានភាពនយោបាយមានលក្ខណៈដុនដាបក្នុងរយៈកាលចុងក្រោយនេះឧត្តមសេនីយ៍ជាន់ខ្ពស់មួយចំនួនរួមទាំងរដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ បាញ់ បានថ្លែងក្នុងសុន្ទរកថារបស់លោកដោយចាត់ទុកក្រុមគណបក្សប្រឆាំងថាជាការគំរាមកំហែងដល់ស្ថិរភាព។

ខណៈមេដឹកនាំរបស់ខ្លួនកំពុងតែទទួលរងរឿងក្តីតុលាការដែលមជ្ឈដ្ឋានមួយចំនួនបានរិះគន់យ៉ាងខ្លាំងថាជារឿងនយោបាយគណបក្សសង្គ្រោះជាតិបានគំរាមធ្វើមហាបាតុកម្មប្រសិនបើអាជ្ញាធរចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងទីស្នាក់ការគណបក្សចាប់តាំងពីខែឧសភាមក។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង មិនជឿចំពោះការពន្យល់របស់ក្រសួងការពារជាតិអំពីវត្តមានយោធានាពេលថ្មីៗនេះទេប៉ុន្តែលោកថ្លែងថាលោកនឹង «ចាំមើល» ថាតើសម្ភារ និងទាហានទាំងនោះនឹងត្រូវបានប្រើក្នុងលក្ខណៈត្រឹមត្រូវឬអត់?

លោកបានថ្លែងបញ្ជាក់ថា៖ «យើងគាំទ្រប្រសិនបើកម្លាំងទាំងនោះត្រូវបានប្រើដើម្បីការពារដែនដី និងសុខដុមរមនារបស់ប្រជាជនប៉ុន្តែប្រសិនបើវាត្រូវបានប្រើដើម្បីបំភិតបំភ័យយើងមិនគាំទ្រទេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍