អ្នកគាំទ្រដោយផ្ទាល់ដល់ទៅ ១០៥៨២៦ នាក់ បានចូលរួមទស្សនា ខណៈដែលក្រុម Real Madrid បានរកគ្រាប់បាល់បញ្ចូលទី ៣ គ្រាប់ដើម្បីយកឈ្នះក្នុងលទ្ធផល ៣-២ លើក្រុម Chelsea ក្នុងការប្រកួតមិត្តភាពមួយនៅកីឡដ្ឋាន Michigan កាលពីថ្ងៃសៅរ៍។

វត្តមានអ្នកទស្សនានេះគឺតិចជាងកំណត់ត្រានៃអ្នកទស្សនារបស់សហរដ្ឋអាមេរិកចំនួន ៤០០០ នាក់ក្នុងការប្រកួតកីឡាបាល់ទាត់មួយកាលពី ២ ឆ្នាំមុននៅលើទីលានដូចគ្នានេះ ក្នុងទីក្រុង Ann Arbor ដែលនៅពេលនោះអ្នកទស្សនាសរុប ១០៩៣១៨ នាក់បានទស្សនាការប្រកួតរវាងក្រុម Real Madrid និង Manchester United។

អ្នកទស្សនាដ៏ច្រើនបានចូលទស្សនា បើទោះបី Real Madrid លេងដោយគ្មានតារាឆ្នើម Karim Benzema ដែលមានរបួស Cristiano Ronaldo និង Gareth Bale ដែលសុទ្ធសឹងសម្រាកបន្ទាប់ពី Euro ឆ្នាំ ២០១៦ ក៏ដោយ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍