ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាឲ្យជួសជុលស្ពានចាស់ក្នុងខេត្តកំពតដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងហើយដែលបានបិទមិនឲ្យធ្វើដំណើរប្រមាណបីឆ្នាំកន្លងមកហើយព្រោះបារម្ភខ្លាចមានគ្រោះថ្នាក់ដល់អ្នកដំណើរ។

បញ្ជានេះបានធ្វើឡើងកាលពីថ្ងៃទី ២ ខែសីហានៅក្នុងពិធីសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៅខេត្តកំពត។

Loading...

លោកនាយករដ្ឋមន្ត្រីថ្លែងក្នុងហ្វេសប៊ុកថា៖ «មានបងប្អូន និងកូនក្មួយសិស្សានុសិស្សបានសំណូមពរមកតាម Facebook ខ្ញុំសូមបើកប្រើប្រាស់ស្ពានចាស់នេះឡើងវិញដើម្បីកាត់បន្ថយការចំណាយប្រេងសាំង និងកាត់បន្ថយរយៈពេលនៃការធ្វើដំណើរ។ អភិបាលខេត្តត្រូវគិតគូររៀបចំជួសជុលស្ពាននេះដាក់ឱ្យប្រើប្រាស់ឡើងវិញសម្រាប់តែកង់ម៉ូតូ និងថ្មើរជើងតែប៉ុណ្ណោះ»។

លោក ស៊ុក សារ៉ាដ នាយករដ្ឋបាលសាលាខេត្តកំពតបានបញ្ជាក់កាលពីថ្ងៃពុធថាក្រោយពីទទួលបាននូវការចង្អុលបង្ហាញពីនាយករដ្ឋមន្ត្រីក្រុមវិស្វករខេត្តបានចាប់ផ្ដើមចុះត្រួតពិនិត្យស្ពានហើយតែនៅមិនទាន់ដឹងភ្លាមបានទេថាគុណភាពស្ពាននៅដំណើរការបានឬអត់ទេ?

លោកថ្លែងថា៖ «ស្ពាននេះសាងសង់តាំងពីជំនាន់បារាំងហើយដោយសារវាចាស់ខ្លាំងពេកយើងបារម្ភពីភាពគ្រោះថ្នាក់ដែលនឹងអាចកើតឡើងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ដូច្នេះក៏បិទចរាចរប្រហែលជា ៣ ឆ្នាំហើយកន្លងមកដោយសារតែរថយន្តចេះតែឆ្លងកាត់ទើបបានបិទស្ពាន»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានថ្លែងថាដំណើរចុះតាមខេត្តរបស់មន្ត្រីជាន់ខ្ពស់របស់គណបក្ស និងរដ្ឋាភិបាលគឺជាកំណែទម្រង់បើកទូលាយរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងការស្វែងរកដំណោះស្រាយ និងបម្រើប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវតាមគោលដៅរបស់បក្សកាន់អំណាច។

លោកថ្លែងថា៖ «យើងមានស្ពានថ្មីនៅទីនោះហើយៗយើងគ្រាន់តែជួសជុលទេហើយនេះគឺជាឧទាហរណ៍មួយដែលបានមកពីការបើកទូលាយ និងផ្លាស់ប្តូរព័ត៌មានរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំដោយផ្ទាល់ហើយបានបង្ហាញឲ្យឃើញទទួលបានការទុកចិត្ត និងប្រជាប្រិយភាពពីម្ចាស់ឆ្នោតដែលយើងសង្ឃឹមថានឹងទទួលបានការគាំទ្រពីម្ចាស់ឆ្នោត ១០០% ពីការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ»។

លោក សុន ឆ័យ សមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងសុំបដិសេធមិននិយាយពីបក្សកាន់អំណាច។

លោកស្រី ជា វណ្ណាត អ្នកវិភាគសង្គមបានមើលឃើញថាសកម្មភាពរបស់គណបក្សកាន់អំណាចបានបង្ហាញឲ្យឃើញពីយុទ្ធសាស្ត្រវិជ្ជមានពីកំណែទម្រង់នយោបាយថ្នាក់ក្រោមជាតិដែលឈានទៅរកបំបាត់សេវាពុករលួយនានា។

លោកស្រីថ្លែងថា៖ «សម្រាប់ខ្ញុំមើលឃើញថានេះជាយុទ្ធសាស្ត្រថ្មីរបស់បក្សកាន់អំណាចក្នុងការធ្វើកំណែទម្រង់ថ្នាក់ក្រោមជាតិហើយនិងបានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រយោជន៍ជាតិហើយឃើញថាមានប្រជាប្រិយភាពខ្លាំងផងដែរក្នុងការផ្សារភ្ជាប់ខ្លួនទៅនឹងប្រជាពលរដ្ឋនៅឯមូលដ្ឋាន»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍