អ្នកពន្លត់អគ្គិភ័យម្នាក់ដែលលះបង់កម្លាំងកាយចិត្ត ចូលទៅជួយសង្គ្រោះជីវិតមនុស្សសរុបទាំងអស់ ៣០០ នាក់ ខណៈពេលភ្លើងកំពុងឆាបឆេះយន្តហោះនៅឌូបៃ កាលពីម្សិលមិញ បានត្រូវបង់ជីវិតខ្លួនឯងគាត់គួរឲ្យអាសូរ ។

គេហទំព័រ Mirror រាយការណ៍ថា បុគ្គលិកពន្លត់អគ្គិភ័យដ៏ក្លាហានម្នាក់ ឈ្មោះ Jasim Issa Mohammed Hassan បានស្លាប់ ខណៈសម្រុកចូលទៅជួយសង្គ្រោះអ្នកដំណើរ ២៨២ នាក់ និងក្រុមសមាជិកអាកាសយានិក ១៨ នាក់ ពីយន្តហោះកំពុងឆាបឆេះ នៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ Dubai International Airport កាលពីរសៀលថ្ងៃទី ៣ សីហា ម្សិលមិញ ។

Loading...

អាជ្ញាធរបាននិយាយថា គ្រប់ៗគ្នាបានមានសេចក្តីត្រេកអរជាខ្លាំង នៅពេលទទួលដំណឹងថា អ្នកដំណើរ និងសមាជិកក្រុមអាកាសយានិកលើយន្តហោះនោះ បានរួចផុតពីអាយុសេចក្តីស្លាប់ ។ ប៉ុន្តែ ពួកគាត់ក៏មានសោកស្តាយ និងទុក្ខក្រៀមក្រំជាខ្លាំង នៅពេលឮសេចក្តីប្រកាសថា បុគ្គលិកពន្លត់អគ្គិភ័យម្នាក់បានស្លាប់ ពីប្រតិបត្តិការជួយសង្គ្រោះជីវិតអ្នកដទៃ ដោយគ្មានស្តាយស្រណោះខ្លួនឯងនេះ ៕