បន្ទាប់ពីមានសន្ទុះរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកទៅលើមន្ត្រីធ្វើលិខិតឆ្លងដែនមួយចំនួនដែលបានលួចលេងទូរស័ព្ទនៅក្នុងអំឡុងពេលធ្វើការនោះ នៅព្រឹកនេះក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិដោយទទួលស្គាល់ថា ពិតជាមានករណីបែបនោះមែន គឺជាភាពអសកម្មរបស់មន្ត្រីខ្លះប៉ុណ្ណោះ មិនមែនមន្ត្រីទាំងអស់នោះទេ។

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកថា ភាពអសកម្មរបស់មន្ត្រីធ្វើលិខិតឆ្លងដែនទាំងនោះ គឺជាការឆកល្វែងបន្តិចបន្តួចនៅក្នុងម៉ោងរដ្ឋបាលតែប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ការឆកល្វែងបែបនេះ គឺជារឿងធម្មតាដែលតែងតែកើតមាននៅកន្លែងធ្វើការដែលគ្មានបុគ្គលិកណាម្នាក់អាចបំពេញការងារបានគ្រប់៨ម៉ោងលើ៨ម៉ោងទាំងអស់នោះទេ។ ទោះជាបែបនេះក្តី លោកខៀវ សុភ័គ បានគូសបញ្ជាក់ថា នាយកដ្ឋានស្ថិតិ និងលិខិតឆ្លងដែន បានណែនាំពួកគេទាំងនោះរួចរាល់ហើយ។

Loading...

ការចេញមុខទទួលស្គាល់ការពិតនិងណែនាំដល់មន្ត្រីធ្វើលិខិតឆ្លងដែនពីសំណាក់ក្រសួងមហាផ្ទៃនៅពេលនេះ បានកើតឡើងបន្ទាប់ពីមានការលេចធ្លាយរូបភាព និងវីឌីអូអំពីសកម្មភាពរបស់មន្ត្រីធ្វើលិខិតឆ្លងដែនមួយចំនួនកំពុងអង្គុយលេងទូរស័ព្ទធ្វើព្រងើយ ស្របពេលដែលប្រជាពលរដ្ឋជាច្រើននាក់កំពុងឈរតម្រង់ជួរគ្នាយ៉ាងកកកុញ ដើម្បីបំពេញបែបបទធ្វើលិខិតឆ្លងដែន។ រូបភាព និងវីឌីអូទាំងនេះ ត្រូវបានគេចែកចាយបន្តគ្នាយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក។

គណនីហ្វេសប៊ុកមួយឈ្មោះថា Driver khmer ដែលបានបង្ហោះរូបភាព និងវីឌីអូទាំងនេះកាលពីថ្ងៃសុក្រ បានលើកយកមតិរិះគន់របស់អ្នកលេងហ្វេសប៊ុកមួយចំនួនមកចុះផ្សាយបន្ត។ អ្នកលេងហ្វេសប៊ុកខ្លះរិះគន់ថា មន្ត្រីធ្វើលិខិតឆ្លងដែនមួយចំនួនអត់សកម្មនឹងការងារទេ ម្នាក់ៗធ្វើការតាមអារម្មណ៍ផ្ទាល់ខ្លួន។ រីឯអ្នកខ្លះទៀត រិះគន់ថាពួកគេទាំងនោះ ភាគច្រើននិយាយចេញមកដូចគ្មានការរៀនសូត្រពោល គឺគ្មានអ្នកណាសម្តីល្អទេ គឺប្រើប្រាស់តែសម្តីអាក្រក់ៗ។

ចំពោះការរិះគន់ទាំងនេះ លោកសន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម បានកត់សម្គាល់ឃើញថា ទង្វើមន្ត្រីធ្វើលិខិតឆ្លងដែនមួយចំនួននេះមិនមែនជារឿងថ្មីនោះទេ។ កន្លងមកមន្ត្រីទាំងអស់នេះហាក់ដូចជាមិនសូវរវីរវល់នឹងប្រជាពលរដ្ឋដែលមកតម្រង់ជួរគ្នាធ្វើលិខិតឆ្លងដែនឡើយ។ លោកសន ជ័យ បានលើកឡើងថា នាយកដ្ឋានស្ថិតិ និងលិខិតឆ្លងដែនគួរតែត្រួតពិនិត្យមើលឥរិយាបថមន្ត្រីរបស់ខ្លួនឲ្យញឹកញាប់ ដើម្បីជៀសវាងការកើតមានភាពអសកម្មដាក់ប្រជាពលរដ្ឋតទៅទៀត៕

ប្រភព៖ RFI