អ្នកជំនាញថា ជារៀងរាល់ខែ កម្មករនិយោជិកត្រូវចំណាយអស់ទឹកប្រាក់ប្រមាណ១៧១ដុល្លារសហរដ្ឋអាមេរិក ដែលជាតួលេខបឋម និងមិនទាន់ជាផ្លូវការនៅឡើយទេ។

ភ្នំពេញ — ថ្នាក់ដឹកនាំសហជីព និងតំណាងសហជីព នៅព្រឹកថ្ងៃទី៥សីហានេះបានបើកការប្រជុំមួយ ពិភាក្សា និងវិភាគទៅលើព័ត៌មាន និងទិន្នន័យជាមូលដ្ឋានអំពីការចំណាយផ្សេងៗរបស់កម្មករនិយោជិក ដើម្បីឲ្យដឹងច្បាស់អំពីតម្រូវការរបស់កម្មករ។ ការប្រជុំនេះធ្វើឡើងក្នុងគោលបំណងចរចាដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០១៧សម្រាប់វិស័យសម្លៀកបំពាក់ និងផលិតផលស្បែកជើង។

Loading...

ប៉ុន្តែក្រោយការប្រជុំនោះ ថ្នាក់ដឹកនាំសហជីព និងតំណាងសហជីពមិនទាន់កំណត់បានតួលេខណាមួយនៅឡើយទេ។

លោកប៉ាវ ស៊ីណា ជាប្រធានសហជីពចលនាកម្មករកម្ពុជា និងជាសមាជិកមួយក្នុងចំណោមសមាជិក១៦រូបក្នុងគណៈកម្មការពិសេសសម្រាប់ចរចាដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០១៧ បានឲ្យដឹងថា ការប្រជុំនេះនៅខ្វះទិន្នន័យមួយចំនួនដែលពិបាកនឹងធ្វើការគណនា និងសម្រេចចិត្ត។

«អាចនឹងថ្ងៃទី១៩គឺជាថ្ងៃដែលយើងប្រកាសជាលទ្ធផលចុងក្រោយ។ សំខាន់គឺយើងរកតួលេខរួមមួយហើយបានយើងកំណត់ពេលវេលាដើម្បីចរចា»។

ប៉ុន្តែលោកបន្ថែមថា ជារៀងរាល់ខែ កម្មករនិយោជិកត្រូវចំណាយអស់ទឹកប្រាក់ប្រមាណ ១៧១ដុល្លារសហរដ្ឋអាមេរិក ដែលជាតួលេខបឋម និងមិនទាន់ជាផ្លូវការនៅឡើយទេ។

«តាមការអង្កេតគឺចំណាយដែលកម្មករចំណាយជាក់ស្តែងគឺ១៧១(ដុល្លារ) តែតួលេខនេះគឺការចំណាយដ៏ត្បិតត្បៀត។ តែយើងនៅមានកត្តាច្រើនទៀតដែលយើងនូវខ្វះ។ ទិន្នន័យទាំងអស់ហ្នឹងហើយជាមូលហេតុដើម្បីឲ្យយើងដាក់លេខណាមួយដើម្បីធ្វើឲ្យមានការចរចាឲ្យមានសំឡេងគ្រប់គ្រាន់ រួមទាំងមានឯកសារមួយច្បាស់លាស់ជាមូលដ្ឋានដើម្បីពិភាក្សា។ គេយល់ថា (កន្លងមក)សហជីពយើងលើកយកទៅជជែកខ្វះមូលដ្ឋាន ខ្វះការស្រាវជ្រាវ ខ្វះការវិភាគ ទើបខាងសហព័ន្ធធ្វើការអង្កេតជាក់ស្តែង»។

លោកចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានឲ្យដឹងថា ដើម្បីកំណត់ប្រាក់ខែអប្បបរមារបស់កម្មកររោងចក្រ គេត្រូវដឹងអំពីតម្រូវការជាមូលដ្ឋានរបស់កម្មករ ចំណាយជាក់ស្តែង អតិផរណា ផលិតភាពពលកម្ម លក្ខខណ្ឌទីផ្សារពលកម្មជារួម ការប្រកួតប្រជែងក្នុងតំបន់ និងអនាគតនៃវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើង។

លោកបន្តទៀតថា ចំនួនទឹកប្រាក់១៧១ដុល្លារនេះកំណត់ឡើងដោយផ្អែកលើការអង្កេតជាក់ស្តែង លើការចំណាយតែប៉ុណ្ណោះ។

«ក្នុងបុគ្គលម្នាក់ចំណាយផ្ទាល់ខ្លួនអស់១២៤ដុល្លារក្នុងមួយខែ។ ប៉ុន្តែកម្មករយើងមានកាតព្វកិច្ចភាគច្រើនជួយគ្រួសារ ជួយកូន ចិញ្ចឹមកូន។ កាតព្វកិច្ចនោះជាមធ្យម អញ្ចឹងជាមធ្យមក្នុងមួយខែៗ៤៧ដុល្លារ»។

អ្នកស្រីចែ ចរិយា អាយុ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកមួយ។ អ្នកស្រីធ្វើការក្នុងវិស័យនេះ១៦ឆ្នាំមកហើយ។ អ្នកស្រីប្រាប់ VOA ថា ការចំណាយរបស់គាត់មានចំនួនលើស១៧០ដុល្លារនេះ។ ដូច្នេះអ្នកស្រីត្រូវធ្វើការបន្ថែមម៉ោង។ អ្នកស្រីចង់ឲ្យការចំណាយលើសុខភាពត្រូវរាប់បញ្ចូលដែរ។

«ស្ថានភាពរាល់ថ្ងៃខ្ញុំគិតថា គួរតែអាចលើសពី២០០ដុល្លារឡើង។ ទី១ យើងអាចជួយសម្រាលទាក់ទងនឹងការចំណាយ កុំឲ្យពួកខ្ញុំហ្នឹងខំប្រឹងធ្វើការថែមម៉ោងពេក ព្រោះអីធ្វើការថែមម៉ោងយូរៗទៅ វាប៉ះពាល់ខ្លាំងជាមួយសុខភាព។ សុខភាពយើងវានឹងទ្រុឌទ្រោមដែរ។ ប្រាក់ខែប៉ុណ្ណឹងវាមិនអាចបន្សល់ឲ្យយើងមើលជំងឺទេ។ ហើយទំនិញទីផ្សារហ្នឹងវាឡើងរហូត។ ទំនិញឲ្យតែបុណ្យទានវាឡើងរហូត»។

ក្រុមសហជីពបានឲ្យដឹងថា បន្ទាប់ពីបានតួលេខច្បាស់លាស់ ពួកគេនឹងដាក់ស្នើទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជជែកអំពីការដំឡើងប្រាក់ខែរបស់កម្មករនិយោជិកក្នុងឆ្នាំ២០១៧។

នៅកម្ពុជាលក្ខខណ្ឌការងារនៅតាមបណ្តារោងចក្រមិនអំណោយផលដល់សុខមាលភាពរបស់របស់កម្មករឡើយ។ ជារឿយៗ គេឃើញមានករណីរំលោភបំពានលើកម្លាំងពលកម្ម និងកម្មករដួលសន្លប់ក្នុងរោងចក្រជាដើម។ នៅក្នុងវិស័យកាត់ដេរ ចំនួនស្រ្តីអាយុ១៨ទៅ៣៥ឆ្នាំ ប្រមាណ៩០%ទៅ៩៥% ដែលជាតួលេខច្រើនជាងគេក្នុងចំណោមចំនួនកម្មករសរុបប្រមាណជាង៧០ម៉ឺននាក់ក្នុងប្រទេសកម្ពុជា។

កាលពីខែតុលាឆ្នាំ២០១៥ រដ្ឋាភិបាលបានសម្រេចចិត្តកំណត់ប្រាក់ខែអប្បបរមាសម្រាប់កម្មករនិយោជិកត្រឹមចំនួន១៤០ដុល្លារ។ ការកំណត់នេះធ្វើឡើងបន្ទាប់ពីក្រុមកម្មករ និងសហជីពធ្វើបាតុកម្មជាហូរហែតាមដងវិថីនានានៅក្នុង និងក្រៅទីក្រុងដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ខែ និងការគិតគូរអំពីលក្ខខណ្ឌការងាររបស់កម្មករ៕

ប្រភព៖ VOA