ព្រះវិហារៈ រោងចក្រស្ករអំពៅធំជាងគេនៅក្នុងប្រទេសកម្ពុជាត្រូវបានផ្អាកប្រតិបត្តិការបន្ទាប់ពីការដំណើរការចង្វាក់ផលិតកម្មបាន ៥០ ថ្ងៃដំបូងដោយសារតែកង្វះការផ្គត់ផ្គង់អំពៅ។ នេះបើតាមមន្ត្រីកសិកម្មខេត្តព្រះវិហារ។

ក្រុមហ៊ុន Rui Feng (Cambodia) International Co., Ltd ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាល ៨៨៤១ ហិកតានៅក្នុងស្រុកឆែប ខេត្តព្រះវិហារបានសម្ពោធរោងចក្រស្ករសតម្លៃ ៣៦០ លានដុល្លារកាលពីថ្ងៃទី ១៩ ខែមេសា ២០១៦ ដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

Loading...

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានឲ្យដឹងថាបន្ទាប់ពីដំណើរការបាន ៥០ ថ្ងៃចាប់តាំងពីបើកសម្ពោធមករោងចក្រនេះត្រូវបានពន្យារពេលដោយសារការផ្គត់ផ្គង់អំពៅមិនឆ្លើយតបតាមតម្រូវការ។

លោកឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនបានដាំដុះលើផ្ទៃដីប្រហែល ៥០០០ ហិកតារួចហើយប៉ុន្តែវានៅតែមិនឆ្លើយតបនឹងសមត្ថភាពរបស់រោងចក្របាន។

ក្រុមហ៊ុន Rui Feng អះអាងថារោងចក្ររបស់ខ្លួនអាចកិនអំពៅបាន ២០ ០០០ តោនក្នុងមួយថ្ងៃដែលអាចផលិតស្ករសបាន ២០០០ តោនសម្រាប់នាំចេញទៅអឺរ៉ុប ចិន និងប្រទេសឥណ្ឌា។

ប៉ុន្តែលោក ទ្រីដា បានឲ្យដឹងថារហូតមកដល់ពេលនេះការផ្គត់ផ្គង់មានប្រហែលតែ ១០០០០ តោនប៉ុណ្ណោះមុនពេលផ្អាកចង្វាក់ផលិតកម្មកាលពីខែមិថុនា។ លោកថ្លែងថា៖ «ឥឡូវនេះមិនមានអំពៅសម្រាប់ការផ្គត់ផ្គង់ដល់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន»។

លោកបន្តថា៖ «ចាប់តាំងពីការសម្ពោធដាក់ឲ្យដំណើរការរបស់ខ្លួនមកវាដំណើរការបានតែប្រហែល ៥០ ថ្ងៃប៉ុណ្ណោះ»។ លោកបានបញ្ជាក់ថាដើម្បីដំណើរការពេញមួយឆ្នាំក្រុមហ៊ុនចាំបាច់ត្រូវជំរុញឲ្យកសិករត្រូវផ្ដោតលើការដាំដុះអំពៅ និងបង្ហាញពីប្រយោជន៍ដល់កសិករ។

លោកថ្លែងថា៖ «រោងចក្រនេះត្រូវតែបង្ហាញពីផលចំណេញពីការដាំដុះអំពៅដល់កសិករបន្ទាប់មកកសិករនឹងផ្លាស់ប្តូរចិត្តពីការដាំដុះដំណាំកសិកម្មផ្សេងទៅដាំដុះអំពៅវិញ»។ លោកបន្ថែមថាបច្ចុប្បន្នអំពៅមានតម្លៃ ៣៩ ដុល្លារក្នុងមួយតោន។ ប៉ុន្តែក្រុមហ៊ុនត្រូវតែចំណាយពេលយ៉ាងហោចណាស់ចាប់ពី ៣ ដល់ ៤ ឆ្នាំដើម្បីឲ្យការផ្គត់ផ្គង់ដល់រោងចក្រនេះរលូន។

លោក គុយ យឿន ប្រធានរដ្ឋបាលនៅក្រុមហ៊ុននេះបានថ្លែងថាវាជាធម្មតាសម្រាប់ខ្សែចង្វាក់ផលិតកម្មនៅពេលចាប់ផ្ដើមលើកដំបូងហើយនៅពេលនេះវាជារដូវភ្លៀងដែលមិនអាចមានលទ្ធភាពសម្រាប់ការប្រមូលផលដើម្បីផ្គត់ផ្គង់ដល់ខ្សែចង្វាក់ផលិតកម្មបាន។

លោកបន្តថា៖ «ជាធម្មតារោងចក្រកែច្នៃនៅរដូវប្រាំងវាត្រូវការរយៈពេលប្រហែល ៩០ ថ្ងៃក្នុងមួយខ្សែចង្វាក់ផលិតកម្មដូច្នេះវាជាធម្មតាសម្រាប់រយៈពេលប្រហែល ៥០ ថ្ងៃសម្រាប់ខ្សែចង្វាក់ផលិតកម្មនេះដោយសារតែវាជាការចាប់ផ្ដើម និងការសាកល្បងលើកដំបូង»។

លោកបានបន្តថា៖ «ខ្សែចង្វាក់ផលិតកម្មលើកក្រោយនឹងចាប់ផ្ដើមនៅខែមករាឆ្នាំក្រោយហើយវាជារដូវប្រមូលផលផងដែរ»។

លោកបញ្ជាក់ថា សម្រាប់ការចាប់ផ្ដើមលើកដំបូងរោងចក្រនេះបានផ្ដល់ការងារដល់កម្មករ ២០០ នាក់។ លោកថ្លែងថាកាលពីសប្ដាហ៍មុនគណៈកម្មាធិការអន្តរក្រសួងបានរៀបចំកិច្ចប្រជុំមួយដើម្បីត្រួតពិនិត្យការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) របស់គម្រោងក្រុមហ៊ុន Rui Feng។

លោក ទ្រី ដា ឲ្យដឹងថាពេលនេះវាជា EIA ពេញលេញដោយសារក្រុមហ៊ុនបានបញ្ចប់ EIA ដ៏សំខាន់ហើយ។

លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថាទំហំការវិនិយោគមិនស្របនឹងសមត្ថភាពផលិតដោយសារតែវាមិនអាចរកប្រាក់ចំណេញបាន។

លោកលើកឡើងថា៖ «វាមិនត្រឹមត្រូវនោះទេដែលរោងចក្រអាចដំណើរការបានតែ ៥០ ថ្ងៃនោះ»។

លោកបន្តថា៖ «ដើម្បីរកប្រាក់ចំណេញបានវាចាំបាច់ត្រូវដំណើរការក្នុងរយៈពេល ៣៦០ ថ្ងៃឲ្យបានយូរតាមដែលវាអាចធ្វើទៅបានដើម្បីទទួលបានប្រាក់ចំណេញ»។

លោកថា៖ «រោងចក្រនេះអាចប្រឈមនឹងបញ្ហាការផ្គត់ផ្គង់អំពៅ ឬវត្ថុធាតុដើមផ្សេងទៀតសម្រាប់ការកែច្នៃ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍