ក្នុងជំនួបជាមួយអ្នកគាំទ្រនៅរដ្ឋ Florida ថ្ងៃពុធទី ១០ សីហា លោក ដូណាល់ ត្រាំ បានហៅ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីឡារី គ្លីនតុន ពេញៗមាត់ថាជាសហស្ថាបនិកក្រុមភេរវជនជីហាតរដ្ឋឥស្លាម។ នេះមិនមែនជាលើកទីមួយឡើយព្រោះបេក្ខជនប្រធានាធិបតីរូបនេះក៏ធ្លាប់ចោទរដ្ឋបាលលោក អូបាម៉ាថាជាអ្នកជួយទំនុកបម្រុងក្រុមអាល់កៃដានៅអ៊ីរ៉ាក់មុនពេលពួកគេក្លាយជាក្រុមរដ្ឋឥស្លាម។

ថ្លែងទៅកាន់អ្នកគាំទ្រនៅក្រុង Sunrise នាទីរដ្ឋ Florida នៅថ្ងៃពុធទី១០ សីហា បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ចាប់ផ្តើមលើកយកបញ្ហានយោបាយការបរទេស និងការកកើតឡើងនៃក្រុមភេរវជនរដ្ឋឥស្លាម ឬក្រុមដែស្ ហដើម្បីចោទប្រកាន់ និងទម្លាក់ប្រជាប្រិយភាព លោកស្រី ហ៊ីឡារី គ្លីនតុន និងរដ្ឋបាលលោក បារ៉ាក់ អូបាម៉ាផង។

Loading...

យោងតាមវីដេអូសុន្ទរកថារយៈពេលប្រហែលមួយម៉ោង លោក ដូណាល់ ត្រាំ បានចោទប្រកាន់ដោយមិនស្ទាក់ស្ទើរថា ប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីឡារី គ្លីនតុន ជាសហស្ថាបនិកនៃក្រុមភេរវជនជីហាតរដ្ឋឥស្លាម។

លោកបានថ្លែងថា៖«ក្រុមភេរវជនគោរពប្រធានាធិបតី អូបាម៉ា។ អូបាម៉ានេះ ហើយជាស្ថាបនិករបស់ក្រុមរដ្ឋឥស្លាម។ គាត់បង្កើតក្រុមនេះឡើងមក។ ហើយខ្ញុំចង់ថា គាត់ប្រហែលជាសហស្ថាបនិកជាមួយអ្នកនយោបាយក្រឡិចក្រឡុច ហ៊ីឡារី គ្លីនតុន»។

សេដ្ឋីអចលទ្រព្យរូបនេះ លើកឡើង និងចោទប្រកាន់រដ្ឋបាលអាមេរិកបច្ចុប្បន្ន និងគូប្រជែងរបស់លោកបែបនេះ ក៏ដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រលោកថា ទាំងលោក អូបាម៉ានិងលោកស្រី គ្លីនតុន សុទ្ធតែមិនមានលទ្ធភាពដោះស្រាយ និងទប់ស្កាត់ការគំរាមកំហែងពីសំណាក់ក្រុមភេរវជននោះ។ អ្នកនយោបាយរូបនេះ ក៏ព្យាយាមភ្ជាប់បញ្ហានេះជាមួយករណីបាញ់ប្រហារភេរវកម្មនៅក្រុង Orlando កន្លងមកដែរ។

តាមពិតទៅ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើល ហើយវាក៏មិនមែនជាលើកទីមួយ ដែលអ្នកនយោបាយម្នាក់នេះ ចោទប្រកាន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ក៏ដូចជាលោកស្រីហ៊ីឡារី គ្លីនតុន ដែលជាអតីតរដ្ឋមន្ត្រីការបរទេសក្នុងអាណត្តិទីមួយរបស់លោក អូបាម៉ានោះ។

យោងតាមសារព័ត៌មាន Politico កាលពីខែមិថុនា លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter ដោយអះអាងថាលោកបារ៉ាក់ អូបាម៉ា នេះធ្លាប់គាំទ្រក្រុមអាល់កៃដា យ៉ាងសកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ មុនក្រុមនេះប្រែក្លាយខ្លួនជាក្រុមរដ្ឋឥស្លាមនោះ។

វាគ្មានចម្លើយអ្វីជាក់លាក់ពាក់ព័ន្ធដើមកំណើតនៃក្រុមរដ្ឋឥស្លាមនេះឡើយ ហើយគេក៏ពិបាកចោទប្រកាន់ថា អ្នកណាម្នាក់ជាអ្នកបង្កើតវាឡើងមកដែរ។ ប៉ុន្តែការផុសឡើងនៃក្រុមភេរវជនរដ្ឋឥស្លាមកន្លងមក មានចំណែកសហរដ្ឋអាមេរិកដែលចូលរួមឈ្លានពានអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣ ដើម្បីគាស់រំលើងរបបដឹកនាំរបស់លោក សាដាម ហ៊ូសេន និងការអន្តរាគមន៍របស់អាមេរិកនៅលីប៊ី ដើម្បីផ្តួលរំលំរបបដឹកនាំលោក ហ្កាដាហ្វី ឆ្នាំ២០១១ ផងដែរ៕

ប្រភព៖ thmeythmey


កាន់តែក្តៅគគុកហើយ! លោក Donald Trump ប្រកាសចោទចំៗលើលោកស្រី Clinton និងលោក Obama ថាជាស្ថាបនិកក្រុមភេរវករ ISIS

(វ៉ាស៊ីនតោន)៖ កាន់តែក្តៅគគុកទៀតហើយសម្រាប់ថ្ងៃនេះ ដោយលោក Donald Trump ដែលប្រកបដោយថ្វីមាត់ មិនចេះរីងស្ងួត បានចោទចំៗទៅលើលោកស្រី ហ៊ីលឡារី គ្លីនតុន និងប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ថាជាសហស្ថាបនិក នៃក្រុមរដ្ឋអ៊ីស្លាម ISIS ដែលកំពុងមានឥទ្ធិពលខ្លាំងនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។

ថ្លែងចំពោះមុខក្រុមអ្នកគាំទ្រនៅទីក្រុង Fort Lauderdale រដ្ឋផ្លូរីដា ភាគអាគ្នេយ៍ សហរដ្ឋអាមេរិក លោក Trump បានលើកឡើងថា «ក្រុមសកម្មប្រយុទ្ធនោះ កំពុងតែស្វាគមន៍ប្រធានាធិបតី អូបាម៉ា។ គាត់ជាអ្នកបង្កើតក្រុម ISIS។ គាត់ជាអ្នកបង្កើត ISIS, ដឹងអត់? គាត់ជាស្ថាបនិក! គាត់បានបង្កើត ISIS។ ជាការពិតណាស់ សហស្ថាបនិក ប្រាកដជាលោកស្រី ហ៊ីលឡារី គ្លីនតុន»។

ខណៈដែលមានការស្រែកពាក្យចោទប្រកាន់ខាងលើនេះ ក្រុមអ្នកគាំទ្រលោក Trump រាប់ពាន់នាក់ ក៏បានស្រែកហ៊ោរ ដោយក្តីពេញចិត្តទៅនឹងអ្វីដែល មេដឹកនាំពួកគេ បានលើកឡើង។ វាជាការថ្លែងដោយអត្ថន័យចោទប្រកាន់ធ្ងន់ធ្ងរ លើកទីមួយហើយ សម្រាប់លោក Trump ទៅលើលោកស្រី គ្លីនតុន បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានទទួលរងព្រនង់ នៃពាក្យរិះគន់ លើការបញ្ចេញមតិស្តីពីច្បាប់គ្រប់គ្រងកាំភ្លើងនៅអាមេរិក ដែលនាំឲ្យលោកស្រី គ្លីនតុន ហៅលោក Trump ថាជាមនុស្សចូលចិត្តបំផុសឲ្យមានអំពើហិង្សា៕

ប្រភព៖ freshnewsasia