ភ្នំពេញ: បន្ថែមពីលើក្ដីព្រួយបារម្ភពីការទទួលថតភាពយន្តពីររឿងក្នុងពេលតែមួយ ថតមិនទាន់ចប់ប្លង់ក៏ជួបនឹងគ្រោះស៊យ ដួលបាក់កជើងទៀតនោះ តារាសម្តែង និងកំប្លែងងារមាត់ដាច អ្នកនាង សំ ប៉ូលីដា ក៏ត្អូញត្អែរក្នុងភាពទុក្ខព្រួយភិតភ័យទៀតថា ជំងឺអ្នកនាង គ្រូពេទ្យមិនហ៊ានទទួលការវះកាត់នោះទេ។

តារាសម្តែង និងកំប្លែង ដែលទើបនឹងទទួលបានសុភមង្គលពិត លើបង្គងជីវិតមន្ត្រីប៉េអឹម នឹងបង្កើតបានកូនប្រុសស្រីពីរគ្រាប់ដ៏គួរឲ្យស្រឡាញ់ ក្រោយព្យុះជីវិតដ៏កម្សត់បក់បោកលើវិថីសិល្បៈជាច្រើនឆ្នាំ ទាំងរងនូវហិង្សាប្តីហេងស៊យមុនៗនោះ អ្នកនាង សំ ប៉ូលីដា ក៏បានប្រាប់ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងពីជីវិតរបស់នាងបច្ចុប្បន្ននេះថា៖ «មួយរយៈចុងក្រោយនេះ ទាំងយីអ៊ុននិងទាំងក្តីសុខ សុភមង្គលក៏ប្រសើរច្រើនដែរ។ ប៉ុន្តែទើបនឹងជួបគ្រោះស៊យដោយខ្លួនឯងមួយប៉ប្រិចភ្នែកហ្នឹងទេ»។

Loading...

អ្នកកំប្លែងងារមាត់ដាច និយមតែងខ្លួនយ៉េៗវ័យ ៤៥ ឆ្នាំ ក៏ស្ងប់រឿងអាស្រូវជីវិតពេលពើបស្នេហាក្រោមជីវិតអាពាហ៍ពិពាហ៍ជាមួយមន្ត្រីប៉េអឹម អ្នកនាង សំ ប៉ូលីដា បានរៀបរាប់បន្តថា៖ «បន្ទាប់ពីការសម្រាលកូនទី ២ ជាមួយនឹងប្តី អាយុបាន ៦ ខែ ខ្ញុំជាម្តាយក៏រឹងដៃរឹងជើង ក៏ទទួលថតកុន ដែលគេទាក់ទងមកបានចំនួន ២ រឿង និងកំពុងតែថត ពេលនេះស្រាប់តែខ្ញុំក៏ជួបគ្រោះថ្នាក់បាក់ជើងទៀត ហើយក៏បារម្ភណាស់ដែរ ដែលប្លង់ថត នៅមិនទាន់ថតចប់»។

រំឭកពីគ្រោះថ្នាក់តិចតួចដែលនាំឲ្យឈានដល់បញ្ហារបួសជើងនោះ អ្នកនាង សំ ប៉ូលីដា បានបញ្ជាក់ថា៖ «ខ្ញុំបានដួលក្នុងផ្ទះ ក្រឡាច់ទ្រនាប់ជើងកែង បណ្តាលឲ្យបាក់លើ កជើង ហើយក៏បានចូលគេងពេទ្យព្យាបាល តែពេលនេះក៏បានធូរបន្តិចដែរហើយ»។

អ្នកនាង សំ ប៉ូលីដា បានប្រាប់ឲ្យដឹងថា អ្នកនាង ដួលបាក់ លើ កជើង តាំងពីថ្ងៃទី ៣ ខែសីហា និងបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលត្រឹមតែមួយយប់ក៏ចេញមកវិញ ដោយគ្រូពេទ្យគេរុំរបួស គេមិនបានវះកាត់ដាក់ដែកអបជើងនោះទេ។

បន្ថែមលើសម្ដីថ្លែងក្នុងជំនួបជាមួយ ភ្នំពេញ ប៉ុស្តិ៍ ថា ពេលនេះកំពុងសម្រាកនៅផ្ទះនោះ តារាកំប្លែងវ័យ ៤៥ ឆ្នាំរូបនេះ បានឲ្យដឹងពីសុខភាពរបស់អ្នកនាងដែរថា៖ «ត្បិតខ្ញុំថាបានស្បើយបន្តិចមែន តែនោះវាស្បើយតែការឈឺចាប់ ព្រោះយើងប្រើថ្នាំ តែក៏ស្ថិតក្នុងការបារម្ភច្រើន»។

អ្នកកំប្លែងរូបនេះបញ្ជាក់ថា៖ «អ្វីដែលជាការបារម្ភនោះទី ១ គឺគ្រូពេទ្យគាត់មិនហ៊ានទទួលការវះកាត់អបឆ្អឹងឲ្យខ្ញុំ ព្រោះថាខ្ញុំវាមានជំងឺប្រចាំកាយមួយទៀត ជំងឺទឹកនោមផ្អែម និងទី ២ បារម្ភនឹងការងារសិល្បៈដែលបានទទួលថតឲ្យគេ ហើយពេលនេះថតមិនទាន់ចប់ក៏ជួបរឿងអ៊ីចឹង»។

តែទោះជាយ៉ាងណាអ្នកនាង សំ ប៉ូលីដា ក៏បង្ហាញក្តីសង្ឃឹមថា៖ «កាលពីមុនពេទ្យថា ជើងខ្ញុំប្រហែលជា ៦ ខែ ទើបបានអាចជាសះស្បើយ ប៉ុន្តែពេលនេះ ពេទ្យថាអាចត្រឹមបីខែវិញ ពេលនេះខ្ញុំនឹងអាចទៅថតបន្តបាន»។

ជាមួយគ្នា តារាកំប្លែង ដែលជួបស្នេហ៍កក់ក្តៅនឹងប្រអប់ទ្រូងមន្ត្រីប៉េអឹម បង្កើតបានកូនពីរនាក់ហើយនោះ បានប្រាប់ដែរថា៖ «នៅពេលនេះទាំងជីវភាព និងទាំងសុខក្នុងគ្រួសារ ដូចជាគ្មានអ្វីត្រូវបារម្ភទេ ព្រោះថាប្តីក៏គាត់ស្រឡាញ់ ចេះឲ្តម្លៃយើងជាប្រពន្ធ និងចេះគោរពស្រឡាញ់ក្រុមគ្រួសារមិនដូចស្នេហាមុនៗទេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍