សំណុំរឿងឃាតកម្ម ដែលកក្រើកទីក្រុងភ្នំពេញកាលពីជាង១ខែមុន នឹងត្រូវបើកសវនាការជាសាធារណៈ ដើម្បីជម្រះទន្ទិលសង្ស័យ និងផ្តល់ភាពស្អាតស្អំដល់កម្លាំងអាជ្ញាធរ រួមទាំងរដ្ឋាភិបាល។ ប៉ុន្តែសំណុំរឿងនេះ ទើបតែដល់តំណាក់កាលស្តាប់ចម្លើយសារភាពពីឃាតករតែប៉ុណ្ណោះ។

ទាំងក្រសួងមហាផ្ទៃ និងតុលាការក្រុងភ្នំពេញបានបញ្ជាក់ព្រមគ្នាថា សវនាការជម្រះក្តីលើឃាតកម្មលោកបណ្ឌិត កែមឡីនឹងត្រូវធ្វើជាសាធារណៈ ខណៈដែលសង្គមទាំងមូលបានដាក់ការសង្ស័យថា ករណីឃាតកម្មនេះនឹងត្រូវបញ្ចប់ត្រឹមភាពអយុត្តិធម៌ ត្បិតតែជារឿងនយោបាយ។ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អាជ្ញាធរបានប្តេជ្ញាចិត្តខ្ពស់ចំពោះករណីបាញ់សម្លាប់ទាំងកណ្តាលទីក្រុងនេះ។ ហើយថា ការបើកសវនាការសាធារណៈនេះមិនត្រឹមតែផ្តល់ភាពយុត្តធម៌ដល់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏បាននឹងផ្តល់ភាពយុត្តិធម៌ដល់កម្លាំងសមត្ថកិច្ច ដែលត្រូវបានគេចោទប្រកាន់ថា អសមត្ថភាពក្នុងការវែកមុខរកអ្នកបញ្ជាពីក្រោយនៃឃាតកម្មដ៏សាហាវសម្រាប់ឆ្នាំ២០១៦នេះផងដែរ។

Loading...

លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សវនាការសាធារណៈនឹងត្រូវធ្វើឡើង ក្រោយការប្រមូលភស្តុតាងបានគ្រប់គ្រាន់។ លោកបន្ថែមថា នៅថ្ងៃទី១២ សីហានេះ តុលាការកំពុងបន្តសាកសួរលើ ជនជាប់ចោទឈ្មោះជួប សម្លាប់។ ជនជាប់ចោទនេះ ត្រូវបានតុលាការចោទប្រកាន់ចំនួន២ករណី គឺឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់។ ក្រៅពីនេះ អ្នកដែលផ្តល់អាវុធក៏ត្រូវជាប់ចោទផងដែរ។

សូមរំលឹកថា លោកកែម ឡី ដែលជាអ្នកវិភាគហ៊ានរិះគន់រដ្ឋាភិបាលមិនសំចៃមាត់ ត្រូវបានឃាតករដែលដាក់ងារឱ្យខ្លួនឯងថា ជួប សម្លាប់ បានបាញ់នៅកុងស្តាម៉ាតស្តុបបូកគោ កាលពីថ្ងៃទី១០ កក្កដា។ មតិសាធារណៈបានរិះគន់សមត្ថភាពរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនអំពីសុវត្ថិភាពពលរដ្ឋ និងការស្វែងរកភាពយុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ។ យ៉ាងណាក៏ដោយ អ្នកតាមដានសង្គម និងក្រុមអ្នកវិភាគ បានអះអាងថា ការប្រកាសឱ្យមានសវនាការសាធារណៈនេះ គឺដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋលើសេវាតុលាការដែលពលរដ្ឋគ្មានជំនឿនាពេលកន្លងមក៕

ប្រភព៖ RFI