គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទ ទី១៥ សីហានេះ បានតម្រូវឱ្យសមាជិកគណបក្ស ដែលមកកាន់ទីស្តីការគណបក្សស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ដើម្បីគាំទ្រយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅររបស់សង្គមស៊ីវិល។ អាជ្ញាធរ បានលើកឡើងថា បើគណបក្សប្រឆាំងមិនចូលគឺជាការល្អ។

លោកអេង ឆៃអ៊ាង សមាជិកគណៈអចិន្ត្រៃយ៍បានឱ្យដឹងថា ការប្រារព្ធយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅគឹជាគោលជំហររបស់គណបក្សសង្គ្រោះជាតិ។ សង្គ្រោះជាតិ ដែលគាំទ្រដល់យុទ្ធនាការដើម្បីឱ្យមានការដោះលែងមនុស្សទាំង៥រូប ដែលគេចាត់ទុកថា គឹជាអ្នកទោសមនសិការ។ នៅថ្ងៃចន្ទនេះ ទាំងលោក សម រង្ស៊ី ប្រធានគណបក្ស ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងសមាជិកគណបក្សសង្គ្រោះជាតិ រួមទាំងអ្នកគាំទ្ររបស់គណបក្សបានស្លៀកពាក់ពណ៌ខ្មៅដើម្បីចូលរួមព្រឹត្តិការណ៍ ដែលផ្តើមដោយសង្គមស៊ីវិលនេះ។ នេះគឺជាលើកទី១ហើយ ដែលគណបក្សប្រឆាំងបានប្រកាសចេញជាគោលជំហរជាផ្លូវការគាំទ្រដល់យុទ្ធនាការ ដែលរដ្ឋាភិបាលអះអាងថា ជាព្រឹត្តិការណ៍ដែលមានចេតនាចង់ផ្តួលរំលំរបបនៃការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

Loading...

លោកអេង ឆៃអ៊ាង សមាជិកគណៈអចិន្ត្រៃយ៍ជាន់ខ្ពស់ បានអះអាងថាគណបក្សនឹងបន្តប្រារព្ឋយុទ្ធនាការនេះ រៀងរាល់សប្តាហ៍រហូតដល់មានការដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្ស៤រូប និងមន្ត្រីជាន់ខ្ពស់គ.ជ.ប១រូប រួមទាំងការត្រឡប់ចូលតុចរចាវិញរវាងគណបក្សធំទាំងពីរផងដែរ។ សង្គមស៊ីវិល បានផ្តើមយុទ្ធនាការនេះអស់រយៈពេលជាង៣ខែមកហើយតាំងពីថ្ងៃទី៩ ឧសភា។ ជាយុទ្ធនាការដែលត្រូវរងការបង្ក្រាបពីអាជ្ញាធរ។

អភិបាលរងរាជធានីភ្នំពេញ លោកឃួង ស្រេង បានអះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិមិនចូលរួមយុទ្ធនាការនេះគឺជាការល្អ។ សូមបញ្ជាក់ថា ដូចជារៀងរាល់សប្តាហ៍ដែរ យុទ្ធនាការថ្ងៃចន្ទ ពណ៌ខ្មៅតែងតែមានការចូលរួមក្រុមសង្គមស៊ីវិល និងសកម្មជនមួយចំនួនដែលសំដែងមតិជាសាធារណៈ ឬក៏ចូលរួមនៅតាមទីស្នាក់ការរបស់ខ្លួន។ នៅថ្ងៃចន្ទនេះ យ៉ាងហោចណាស់សកម្មជនបុរីកីឡាចំនួន៤នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនផងដែរ។ លោក អុំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ បានអះអាងថា គណបក្សគ្រប់និន្នាការនយោបាយ មិនថា សង្គ្រោះជាតិ ឬគណបក្សប្រជាជនកម្ពុជានោះទេ អាចចូលរួមក្នុងព្រឹត្តិការណ៍នេះបានព្រោះថា ជាព្រឹត្តិការណ៍ដើម្បីស្វែងរកយុត្តិធម៌ដល់មនុស្ស៥រូប ដែលកំពុងជាប់ពន្ធនាគារ និងស្វែងរកយុត្តិធម៌សម្រាប់សព្វលោកបណ្ឌិតកែម ឡី ដែលជាស្ថាបនិកនៃថ្ងៃយុទ្ធនាការនេះផងដែរ៕

ប្រភព៖ RFI