ក្រុមពលរដ្ឋជាអតីតទាហានខ្មែរក្រហមក្នុងតំបន់ផ្តាច់ខ្លួនជាច្រើនបានថ្លែងថា ពួកគេស្ងប់ចិត្តនឹងការបញ្ចប់សង្គ្រាម និងការអភិវឌ្ឍនៅតាមទល់ដែន។ ពួកគេមិនចង់ឃើញសង្គ្រាមកើតឡើងដូចអតីតកាលទេ។ សមាហរណកម្មដែលចាប់ផ្តើម២០មុនឆ្នាំនេះបានចាប់ផ្តើមបង្កឲ្យមានសន្តិភាព និងការផ្លាស់ប្តូរច្រើននៅតាមតំបន់ផ្តាច់ខ្លួនទាំងនោះ។

អន្លង់វែង — វត្តកោងកាងក្នុងក្រុងប៉ៃលិនជាទីកន្លែងដំបូងដែលរដ្ឋាភិបាលចាប់ផ្តើមប្រកាសទទួលយកកងទ័ពខ្មែរក្រហមដំបូងគេ កាលពី២០ឆ្នាំមុន ក្រោយពេលពួកគេបានផ្តាច់ខ្លួនចេញពីការគ្រប់គ្រងរបស់ក្រុមមេដឹកនាំខ្មែរក្រហមប៉ុល ពត។ ការធ្វើសមាហរណកម្មដើម្បីបង្រួបបង្រួមជាតិបានបញ្ចប់សង្គ្រាមនេះ និងបានបើកឱកាសឲ្យអតីតតំបន់ទីតាំងរឹងមាំចុងក្រោយនៃក្រុមខ្មែរក្រហមទទួលបានការអភិវឌ្ឍដូចផ្នែកដទៃទៀតរបស់ប្រទេសដែរ។

Loading...

ក្រុមកងទ័ពខ្មែរក្រហមដែលធ្លាប់ទទួលជំនួយពីចិនបានវាយប្រយុទ្ធគ្នាជាមួយកងទ័ពរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាមជាច្រើនទសវត្សរ៍ បន្ទាប់ពីរបបខ្មែរក្រហមក្រោមការគ្រប់គ្រងដោយប៉ុល ពតត្រូវផ្តួលរំលំដោយការឈ្លានពានរបស់កងទ័ពវៀតណាមនៅដើមឆ្នាំ១៩៧៩។ តែក្រោយមក កងទ័ពខ្មែរក្រហមនិងក្រុមគ្រួសារជាច្រើនម៉ឺននាក់ ដឹកនាំដោយលោកអៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងមេបញ្ជាការពីរនាក់គឺលោកអ៊ី ឈាន នៅប៉ៃលិន និងលោកសុខ ភាពនៅម៉ាឡៃ បានចុះចូលជាមួយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមគោលនយោបាយផ្សះផ្សា និងបង្រួបបង្រួមជាតិ។

លោកសូ វុន អាយុ៥៤ឆ្នាំ នៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានថ្លែងថា ក្រោយសមាហរណកម្ម ទោះជាមានការលំបាកបន្តិចមែន តែសន្តិភាពនេះបានធ្វើឲ្យលោកដែលធ្លាប់ធ្វើជាទាហានជាង៣០ឆ្នាំ អាចចាប់ផ្តើមជីវភាពរស់នៅដោយគ្មានការភ័យខ្លាច ប្រឈមមុខនឹងសង្គ្រាម។

«តាំងពីយើងធ្វើសមាហរណកម្មមក យើងអត់មានលំបាកទៀតផង។ អញ្ចឹងមានតែយើងនាំគ្នាប្រឹងប្រែង ខំនាំគ្នារកស៊ីទៅ ចាប់ផ្តើមប្រកបមុខរបរ។ ពីមុន យើងអត់មានបានប្រកបមុខរបរ រហូតនាំប្រពន្ធកូនគេចគ្រាប់ គេចអីហ្នឹង ដល់មកជំនាន់នេះ យើងអត់មានពិបាកគេចទៅណាទេ»។

តែអ្វីដែលលោកទទូចចង់បានពីអាជ្ញាធរនិងរដ្ឋាភិបាលជាបន្ទាន់នោះគឺទីផ្សារកសិផលសមរម្យ ជាពិសេសទីផ្សារដំឡូង ដែលអាចឲ្យលោកផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានកូនក្នុងបន្ទុក៦នាក់ និងបណ្តុះបណ្តាលកូនៗឲ្យមានចំណេះដឹងសមរម្យទៅតាមនិន្នាការប្រទេស តំបន់ និងសាកល។ បច្ចុប្បន្ន លោកសូ វុន និងប្រពន្ធរបស់លោកគឺអ្នកស្រីសំរិទ្ធ ណុនកំពុងដាំដុះដំណាំផ្សេងៗ ដូចជាដំឡូង និងដំណាំដទៃទៀត ព្រមទាំងចិញ្ចឹមសត្វដូចកសិករដែលជាអតីតខ្មែរក្រហមដទៃដែរ ក្រោយពីលោកបានផ្តាច់ខ្លួនពីរបបខ្មែរក្រហម។

បទពិសោធន៍ទុក្ខលំបាកក្នុងសង្គ្រាមបានធ្វើឲ្យគ្រួសារនេះមិនចង់ឃើញសង្គ្រាមតទៅទៀតទេ លើកលែងតែស្ថានភាពបង្ខំដែលមានការឈ្លានពានពីប្រទេសជិតខាង។

«ប្រទេសយើងកំពុងមានសន្តិភាព ហើយបើសិនតទៅមុខទៀត វាកើតពីបញ្ហាហ្នឹងទៀត ជាទស្សនៈខ្ញុំទេ បើសម្រាប់ខ្មែរគឺអត់ៗ។ ហេតុអ្វីបានថា អត់? ព្រោះកូនខ្មែរទាំងអស់ស្គាល់រសជាតិហើយ។ យូរឆ្នាំណាស់ហើយ គ្មាននរណាម្នាក់ចង់ទៀតទេ។ ខ្ញុំថា ទៅមិនរួច អត់កើតសង្គ្រាមបានទេ។ ខ្លាចតែជាមួយប្រទេសជិតខាង អាហ្នឹងអត់ដឹងទេ។ រឿងព្រំដែនអាហ្នឹង បើកើត(ខ្ញុំចូលរួម)ទៀតហ្នឹងឯង»។

ក្នុងការកំណត់បង្គោលព្រំដែនមិនទាន់បានចប់នៅឡើយរវាងកម្ពុជាជាមួយនឹងប្រទេសជិតខាងនោះ កម្ពុជាមានបញ្ហាវិវាទព្រំដែនជាមួយវៀតណាមគឺឈានដល់ការបញ្ចេញកំណត់ការទូត ជាពិសេសលើការជីកស្រះ ធ្វើប៉ុស្តិ៍យោធាជួរមុខ និងការធ្វើផ្លូវចូលមកក្នុងទឹកដីកម្ពុជានៅក្នុងខេត្តជាប់នឹងព្រំដែនវៀតណាម។ ជម្លោះជាមួយនឹងប្រទេសថៃបានឈានដល់ការវាយប្រហារគ្នាតាមព្រំដែន កន្លងមក ក្រោយពេលកម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨។

ជា សាយ អាយុ៦៦ឆ្នាំនៅភូមិអូតាវ៉ៅ ក្រុងប៉ៃលិនជាកសិករដាំដំឡូងនិងដំណាំផ្សេងទៀត។

«តាំងពីរដ្ឋាភិបាលច្របាច់ចូលគ្នាមក ខ្ញុំសប្បាយចិត្ត។ ទោះបីក្រ មាន យ៉ាងម៉េច ក៏ខ្ញុំសប្បាយចិត្ត ធ្វើម៉េចកុំឲ្យតែកើតសង្គ្រាម។ តែកើតសង្គ្រាមហើយមានតែហិនហោច អត់មានអីរីកចម្រើនដល់ប្រទេស ឬដល់ប្រជាជនទេ»។

តែលោកនិយាយថា ទៅថ្ងៃអនាគត លោកគ្មានសិទ្ធិសម្រេចអ្វីបានទេក្នុងនាមជាប្រជាពលរដ្ឋ ប្រសិនបើប្រទេសជាតិត្រូវការលោក។

«បើសិនថ្ងៃក្រោយកើតសង្គ្រាមទៀត និយាយរួម ខ្ញុំជាប្រជាជន កសិករក្រីក្រ មានតែគេបញ្ជាឲ្យធ្វើអី ធ្វើហ្នឹង មិនអាចទៅរើបម្រះអីបានទេ។ បើគេឲ្យកាន់អាវុធច្បាំង ច្បាំងដូចមុនទៀតហ្នឹង(សើច)»។

លោកបានចូលបម្រើជាកងទ័ពខ្មែរក្រហមតាំងពីលោកសេនាប្រមុខលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ ព្រះនរោត្តម សីហនុពីអំណាចក្នុងទសវត្សរ៍១៩៧០។ តែលោកបានឈប់ធ្វើទាហាន ក្រោយពេលសមាហរណកម្មដំបូងនៅប៉ៃលិន។ លោកថ្លែងថា កិច្ចការសំខាន់ពេលនេះគឺលោកចង់ឲ្យកសិផលមានតម្លៃខ្ពស់ ក្រោយពេលលោកប្រឈមនឹងបញ្ហាដែលផលដំឡូងរបស់លោកមានតម្លៃថោក។

លោកស្រីជា លាភ អភិបាលរងខេត្តប៉ៃលិន និងជាអ្នកនាំពាក្យ បានថ្លែងថាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យមានការអភិវឌ្ឍនៅខេត្តប៉ៃលិន រួមមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលមិនធ្លាប់មានពីមុន គឺរាប់ទាំងឱកាស រៀបចំកសាងសមត្ថភាព មានជាយុទ្ធសាស្ត្រ មានគោលនយោបាយអប់រំប្រជាពលរដ្ឋដោះគ្រាប់មីន គិតអំពីសុខាភិបាល កសាងសាលារៀន វត្តអារាមជាជាងវាយប្រយុទ្ធគ្នា។

«ប្រជាជនកន្លងទៅគាត់អត់ពិបាកទេ។ ក្រោយពីសមាហរណកម្ម គាត់សប្បាយចិត្ត ដោយសារអី យើងអត់ឮគ្រាប់កាំភ្លើងទៀតទេ។ ហើយយើងអត់បារម្ភថា ខែនេះ យើងរត់ ខែនោះយើងរត់ទេ។ យើងគិតថា ដល់ខែយើងបង្កបង្កើនផល»។

លោកស្រីបានទទួលស្គាល់ថា ភាពរាំងស្ងួតនៅឆ្នាំថ្មីៗបានធ្វើឲ្យកសិករមានការលំបាកក្នុងការប្រមូលផល ហើយតម្លៃកសិផលធ្លាក់ចុះ។ តែលោកស្រីបានអះអាងថា អាជ្ញាធរខេត្តនឹងជំរុញផ្នែកដំណាំយុទ្ធសាស្ត្រ ដំណាំរួមផ្សំ បង្កើតសមាគម ជំរុញការអភិវឌ្ឍផ្លូវថ្នល់ដល់មូលដ្ឋាន បង្កភាពងាយស្រួលក្នុងការដឹកជញ្ជូន សេវាកម្មសុខាភិបាល។

«តែដល់ប្រមើលមើលមកដល់បច្ចុប្បន្ននេះគឺយើងមានការអភិវឌ្ឍតាំងពីផ្លូវ ភ្លើង ទឹកគឺយើងមានការអភិវឌ្ឍ ឲ្យប្រជាពលរដ្ឋយើងបានប្រើប្រាស់»។

ខេត្តប៉ៃលិន ដែលជាតំបន់ប្រកាសផែនការចុះចូលដំបូង មិនខុសគ្នាពីតំបន់អន្លង់វែងក្នុងខេត្តឧត្តរមានជ័យ ដែលជាអតីតតំបន់ខ្មែរក្រហមផ្តាច់ខ្លួននៅតំបន់ទីតាំងរឹងមាំចុងក្រោយទេ។

លោកស្ងួន សេងឡុង អាយុ២៤នៅក្នុងស្រុកអន្លង់វែង ជាកូនរបស់អតីតទាហានខ្មែរក្រហម បានឈប់រៀនត្រឹមថ្នាក់ទី៨ដើម្បីប្រកបរបរកសិកម្ម និងរកចំណូលតាមរយៈការស៊ីឈ្នួលបាញ់ថ្នាំដំឡូងឲ្យគេ។ លោកសេងឡុងបានថ្លែងថា ការប្រកបមុខរបរមានការលំបាកក្នុងការរកចំណូលចិញ្ចឹមជីវិត ក្រោយពីឪពុកម្តាយបានស្លាប់ចោលអស់។

«ពេលខ្លះខ្វះអង្ករ ទិញអង្ករ នំ បន្លែបន្លុក កូនឈឺផង ម្ហូបផង អត់សល់ផងនៅបង់អង្គការដែលខ្ញុំខ្ចីទៀត ១ខែត្រូវបង់ការប្រាក់៦ម៉ឺន។ រកបង់គ្រប់កន្លែងផង កូនចាយផង ខ្លាចវាឈឺស្កាត់ផង។ ប៉ះខ្ញុំឈឺស្កាត់ទៀត ចប់បណ្តោយ អត់ដឹងទៅណារួច អត់ដឹងអ្នកណារកស៊ីចញ្ចឹម»។

លោកអួន ចន្ថា អាយុ៤៧ រស់នៅឃុំអន្លង់វែង ស្រុកអន្លង់វែង។ លោកជាទាហានទូរសារ៨៥ និងបានឈប់ធ្វើទាហានក្រោយសមាហរណកម្ម។

លោកប្រកបរបរកសិកម្មដាំដំឡូង និងធ្វើជាងផ្ទះ ក្រោយពេលសង្គ្រាមបានបញ្ចប់ និងក្រោយពេលបានធ្វើសមាហរណកម្ម។

«ខ្ញុំនិយាយទៅ បើសង្គ្រាមមួយ ខ្ញុំអត់ចង់ឃើញទេ ចង់តែសន្តិភាពដូចសព្វថ្ងៃហ្នឹង វាចង់ហើយ តែគ្រាន់តែថា នៅខ្វះបន្តិចត្រង់តែថា យើងរៀបចំអត់ទាន់ត្រូវសព្វថ្ងៃនេះ។ មើលទៅតាំងពីច្បាប់ តាំងពីអីឡើង ដូចអត់ទាន់ស្រួលដូចប្រទេសគេទេ។ បើប្រទេសគេផ្សេងៗ មើលទៅដូចរលូនតែម្តង»។

លោកថ្លែងដូចនេះគឺដោយសារអយុត្តិធម៌កើតមានចំពោះពលរដ្ឋ រាប់ទាំង បញ្ហាចរាចរណ៍។ ទោះជាមានការមិនសប្បាយចិត្តខ្លះ តែជារួមលោកអួន ចន្ថា បានបង្ហាញពីភាពរីករាយចំពោះសមិទ្ធផលក្រោយសមាហរណកម្មក្នុងតំបន់របស់លោក។

ពេលនេះលោកថា អ្វីដែលរដ្ឋាភិបាលត្រូវធ្វើដើម្បីដោះស្រាយជីវភាពរបស់ពលរដ្ឋគឺការធ្វើឲ្យទីផ្សារដំឡូង និងកសិផលផ្សេងៗមានតម្លៃខ្ពស់។

កសិករម្នាក់ទៀតជាអតីតទាហានខ្មែរក្រហមគឺលោកអ៊ូ សុខុន អាយុ៥១ឆ្នាំ រស់នៅស្រុកអន្លង់វែង។ លោកបានថ្លែងថា លោកដាំកសិផលបានដោះស្រាយជីវភាព ដោយការលក់ដូរ។ តែកាលពីជំនាន់សង្គ្រាម កសិករដាំដំណាំគ្រាន់តែទុកសម្រាប់ទទួលទានប៉ុណ្ណោះ។

«ពីនោះមកនេះសប្បាយចិត្តនឹងការបង្កបង្កើនផល ព្រោះយើងចង់និយាយថា មានទីផ្សារ។ យើងធ្វើបានហើយមានទីផ្សារ។ វាមិនមែនអត់មានទីផ្សារទេ តែគ្រាន់តែថា សំណូមពររបស់កសិករយើងចង់បានថា ទីផ្សារហ្នឹងឲ្យបានមានតម្លៃខ្ពស់បន្តិចអញ្ចឹងទៅណា៎ សម្រាប់កសិផលកសិករផលិតបាន។ សំណូមពរមានតែប៉ុណ្ណឹងឯង»។

លោកអះអាងថា លោកមើលពុំឃើញថា មានសង្គ្រាមរវាងខ្មែរនិងខ្មែរនោះទេ ព្រោះគ្មានកងទ័ពណាដែលប្រឆាំងគ្នាដូចមុនសមាហរណកម្មនោះទេ។

«បើសិនជាកើតសង្គ្រាម មានតែបរទេសមកឈ្លានពាន អាហ្នឹងបានកើតសង្គ្រាម (សើច) តែបើខ្មែរដូចមិនមាន»។

លោកអ៊ុន រ៉េត អាយុ៦៥ ជាអតីតទាហានខ្មែរក្រហម ហើយបច្ចុប្បន្នជា ប្រធានភូមិមួយក្នុងស្រុកអន្លង់វែង។ លោកបានថ្លែងថា លោកមិនចង់ឃើញសង្គ្រាមកើតឡើងជាថ្មីទេ ដោយសារមានការអភិវឌ្ឍរួចហើយ។ ម៉្យាងទៀត សង្គ្រាមបានធ្វើឲ្យមានការលំបាកនិងភ័យខ្លាច។

«វាលំបាកខ្លាំងនោះពេលដែលកងទ័ពទាំងពីរប្រយុទ្ធគ្នាម្តងៗ មានការលំបាក គេចខ្លួន ហើយក៏ភ័យព្រួយខ្លាចត្រូវគ្រាប់ស្លាប់ ឬក៏របួសអីទៅ វាមានការភ័យព្រួយលំបាកខ្លាំង។ ដល់ចប់សង្គ្រាមអញ្ចឹងទៅ វាស្រួលត្រង់ថា ធ្វើអីក៏បាន ទៅលេងបងប្អូនស្រុកឆ្ងាយណាក៏អត់ភ័យព្រួយទាំងអស់»។

លោកអះអាងថា លោកឆ្លងកាត់សង្គ្រាមបីជំនាន់ ហើយលោកពិការដៃឆ្វេង ក្នុងសង្រ្គាម តាំងពីទសវត្សរ៍១៩៧០មកទល់នឹងសមាហរណកម្ម។ លោកថា ពេលបញ្ចប់សង្គ្រាម និងមានសន្តិភាពជាច្រើនឆ្នាំមកនេះ ពលរដ្ឋក្នុងតំបន់របស់លោកអាចបង្កបង្កើនផលបាន។

លោកហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានថ្លែងថា តាំងពីតំបន់នេះមានសន្តិភាពពេញលេញមក មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយតំបន់នេះបានប្រែក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ហើយនឹងធ្វើឲ្យមានសុខដុមរមនីយកម្ម ហើយគ្មានការរើសអើងនិងបែងចែកទៀតទេ។

«ជាការកត់សម្គាល់ មកដល់ពេលនេះ ហាក់បីដូចជាគ្មានបញ្ហាការរើសអើងឬក៏បែងចែកអ្នកភ្នំពេញ ឬក៏អ្នកអតីតខ្មែរក្រហមសោះ។ សតិអារម្មណ៍បងប្អូនគឺធ្វើការរួមគ្នា គឺនៅតុកាហ្វេ តាមហាងគុយទាវ មិនដែលឮថា អានោះពួកខ្មែរក្រហម អានោះពួកភ្នំពេញ គឺអត់ដែលមានទេ»។

ទោះជាយ៉ាងណាក៏ដោយ ការកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ និងការកាត់ទោសរកយុត្តិធម៌ ការសន្យារបស់រដ្ឋាភិបាលជាមួយក្រុមអតីតខ្មែរក្រហមផ្តាច់ខ្លួនទាំងឡាយ រាប់ទាំងរក្សាតួនាទី មិនយកទោសពៃរ៍ ហើយថែមទាំងអនុញ្ញាតឲ្យគ្រប់គ្រងមូលដ្ឋានដដែលនោះ នៅតែជាផ្នែកសំខាន់ក្នុងនយោបាយជាតិ។

លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា យន្តការបង្កានានាទាក់ទងនឹងការផ្សះផ្សាផ្លូវចិត្ត ត្រូវការយន្តការច្រើន ដោយសារថា រឿងនេះមិនទាន់ធ្វើឲ្យបានទូលំទូលាយនៅឡើយ។ លោកថា ពេលបុណ្យសពលោកអៀង សារីមានកម្មាភិបាលខ្មែរក្រហមជាច្រើនបានចូលរួម ដែលមើលទៅក្រុមខ្មែរក្រហមហាក់ដូចជានៅជាប្រព័ន្ធនៅឡើយ។

«ហើយដូចខ្ញុំនិយាយអញ្ចឹងគឺថា តំបន់អន្លង់វែងនេះគឺជាតំបន់ចុងក្រោយ អញ្ចឹង វាមានលក្ខណៈពិសេស។ អញ្ចឹងបើសិនជាយើងអាចធ្វើបានគឺវាអាចពង្រីកការផ្សះផ្សាបានច្រើនទូទាំងប្រទេស ហើយកិច្ចការទាំងអស់នេះវាទៅមុខហើយ។ ប៉ុន្តែដូចខ្ញុំថាអញ្ចឹងគឺយើងមិនត្រូវមើលរំលងទេ ដូចថា ជាគោលនយោបាយជាតិ ត្រូវតែបន្ត ជារៀងរាល់ថ្ងៃ ជារៀងរាល់សប្តាហ៍ ជារៀងរាល់ខែ ពីព្រោះយើងមិនទាន់ឆ្លងផុតមួយជំនាន់អ្នកដែលរស់រានមានជីវិតពីសម័យខ្មែរក្រហម»។

លោកថា ប្រទេសកម្ពុជាពេលនេះបានប្រើប្រាស់ប្រព័ន្ធអប់រំសម្រាប់មនុស្សជំនាន់ក្រោយ អំពីប្រវត្តិសាស្ត្រ វត្តអារាម មជ្ឈមណ្ឌលសន្តិភាពជាដើម ដើម្បីផ្សះផ្សាផ្លូវចិត្ត និងការយោគយល់គ្នារវាងជនរងគ្រោះ និងក្រុមអតីតខ្មែរក្រហម ដែលជាផ្នែកមួយក្នុងការថែរក្សាសន្តិភាព។

លោកសុខ ភាព អ្នកដឹកនាំការផ្តាច់ខ្លួនម្នាក់ ហើយបច្ចុប្បន្នជាអនុរដ្ឋលេខា ធិការក្រសួងការពារជាតិ បានថ្លែងថា បច្ចុប្បន្ននេះការការពារសន្តិភាពជាបញ្ហាសំខាន់ទន្ទឹមគ្នានឹងការអភិវឌ្ឍតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

«អត់មានបញ្ហាអីទេបាទ នៅតែពង្រឹងសន្តិភាព ហើយសន្តិភាពយើងឃើញថាមិនងាយរកបានទេ។ បើយើងនិយាយពីប្រវត្តិសាស្ត្រស្រុកខ្មែរយើងតាំងពីយូរយាមកហើយមិនដែលមានសន្តិភាពដូចសព្វថ្ងៃហ្នឹងទេ គឺមាននយោបាយឈ្នះ ឈ្នះដែលក្រោមការដឹកនាំដោយសម្តេចតេជោហ៊ុន សែននេះហើយដែល នាំឲ្យប្រទេសកម្ពុជាយើងមានសន្តិភាពមកទល់សព្វថ្ងៃ មានការអភិវឌ្ឍ ជឿនលឿន។ ដូច្នេះកងទ័ពម្នាក់ៗគឺថា ម្នាក់ៗគ្មានអីដែលដើរពីផ្លូវនេះទេ ទោះបីសភាពការម៉េចក៏ដោយ នៅតែពង្រឹងសន្តិភាព នៅតែការពារសន្តិភាពជាដរាប អញ្ចឹង។ ដូច្នេះនរណាដែលមកបំផ្លាញសន្តិភាពគឺកងទ័ពត្រូវតែឈរដាច់ខាតការពារសន្តិភាព»។

លោកថ្លែងថា នៅតំបន់ម៉ាឡៃ ដែលលោកធ្លាប់កាន់កាប់ នៅពេលនេះជីវភាពប្រជាជនមានការរីកចម្រើន។

«សន្តិភាពក្រោយពីការអនុវត្តនយោបាយឈ្នះឈ្នះមកទល់ថ្ងៃនេះបានន័យថា វាជិត២០ឆ្នាំដែរហើយ។ ដូច្នេះយើងឃើញថា បញ្ហាសំខាន់គឺជីវភាពរបស់កងទ័ព ក៏ដូចជាក្រុមគ្រួសារកងទ័ពនៅក្នុងតំបន់ម៉ាឡៃយើងខ្ញុំ ខ្ញុំសង្កេតឃើញថា វារីកចម្រើនជាងមុនច្រើន មានផ្លូវ មានភ្លើង មានទឹក មានផ្សារ មានផលដំណាំ មានការលក់ដូរ ឃើញថា ជីវភាព ការរស់នៅ ផ្ទះសម្បែងអី វាផុសដូចផ្សិតដែរ។ វាច្រើន វាមិនដូចមុន»។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីពុង ឈីវកេក ស្ថាបនិកអង្គការលីកាដូ បានថ្លែងថា សន្តិភាពពិតប្រាកដសម្រាប់ប្រទេសកម្ពុជាត្រូវមានកត្តារួមផ្សំជាច្រើន។

«បានន័យថា ប្រទេសហ្នឹងត្រូវអត់មានសង្គ្រាម ហើយត្រូវឲ្យមានស្ថិរភាពខាងនយោបាយ ស្ថិរភាពខាងសង្គម។ ដូច្នេះយើងយកមកគិតមើលទៅ។ ដូច្នេះបើចង់ឲ្យបានស្ថិរភាពសង្គមត្រូវតែប្រជាពលរដ្ឋហ្នឹងទុកចិត្តទៅលើស្ថាប័នជាតិទាំងប៉ុន្មានហ្នឹង ជាពិសេសតុលាការ ស្ថាប័នបោះឆ្នោត ព្រោះអីនៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ លោកមានសិទ្ធិនឹងបញ្ចេញមតិហើយរើសអ្នកដឹកនាំណាមួយដែលលោកពេញចិត្ត»។

ប្រទេសកម្ពុជាកំពុងមានបញ្ហានយោបាយផ្ទៃក្នុងដូចនៅប្រទេសថៃ ជាប្រទេសជិតខាងផង ហើយនឹងមានភាពល្អក់កករខ្លះក្នុងរឿងសមុទ្រចិនខាងត្បូងផង ហើយក៏ហាក់ដូចជារងការរិះគន់ច្រើនរឿងលំហប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស៕

ប្រភព៖ VOA