ពលរដ្ឋសហគមន៍បុរីកីឡា ៤នាក់ត្រូវបានកម្លាំងរបស់អាជ្ញាធរខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ខ្លួននៅសហគមន៍បុរីកីឡា នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ ខណៈដែលពួកគេបម្រុងនឹងប្រមូលផ្ដុំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទ ពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប ។

ពលរដ្ឋបុរីកីឡា ដែលមិនព្រមទទួលយកសំណងពីអាជ្ញាធរជិត ១០នាក់ មានគម្រោងធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ នៅអគារទី៩ នៃសហគមន៍បុរីកីឡា ប៉ុន្តែពួកគេមិនទាន់ទាំងបានជួបជុំគ្នាផង ស្រាប់តែកងកម្លាំងអាជ្ញាធរចុះមកឃាត់ និងចាប់ខ្លួនពួកគេដាក់រថយន្តនាំទៅអធិការដ្ឋានខណ្ឌ៧មករា តែម្ដង។

Loading...

ចំណែកនៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ ឯណោះវិញ ពុំមានការប្រមូលផ្ដុំធ្វើយុទ្ធនាការនេះទេ ប៉ុន្តែមន្ត្រី និងសកម្មជនបក្សនេះមួយចំនួន បានស្លៀកពាក់ពណ៌ខ្មៅ និងបង្ហោះសារគាំទ្រយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ។

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយរូប គឺលោក អេង ឆៃអ៊ាង បានបង្ហោះរូបថតលោកដែលមានស្លៀកពាក់ខោអាវពណ៌ខ្មៅ និងភ្ជាប់ជាមួយសារនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា៖ “រៀងរាល់ ថ្ងៃច័ន្ទ ពួកយើងគាំទ្រ និងចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទោសមនសិការ ព្រមទាំងឲ្យមានការទម្លាក់ចោលការចោទប្រកាន់លើសកម្មជនគណបក្ស នយោបាយ និងសកម្មជនសិទ្ធិមនុស្ស” ។

យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ត្រូវបានសង្គមស៊ីវិល និងពលរដ្ឋធ្វើឡើងដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីអង្គការ សិទ្ធិមនុស្ស ៤នាក់ និងមន្ត្រី គ.ជ.ប ម្នាក់ ដែលត្រូវបានតុលាការឃុំខ្លួនដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី តាមបណ្ដឹងរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេចោទថា ជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។

ថ្ងៃទីច័ន្ទ ទី១៥ ខែសីហា នេះ គឺជាសប្ដាហ៍ទី១៥ ហើយ នៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ៕

ប្រភព៖ RFA