ភ្នំពេញៈ គណបក្សប្រឆាំងបានប្រកាសបើកសិក្ខាសាលាមួយនាសប្តាហ៍នេះដោយអញ្ជើញអ្នកជំនាញច្បាប់នានាដើម្បីធ្វើការជជែកពិភាក្សាអំពីច្បាប់ស្តីពីសញ្ជាតិ និងអន្តោប្រវេសន៍ជាការឆ្លើយតបទៅនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលថាជនបរទេសអាចបោះឆ្នោតបាន បើទោះបីពួកគេមិនចេះនិយាយភាសាខ្មែរក្តី។

កាលពីថ្ងៃសុក្រសប្តាហ៍មុន គ.ជ.ប. បានប្រកាសជាសាធារណៈនៅក្នុងសន្និសីទកាសែតមួយថាឲ្យតែអ្នកដែលកាន់អត្តសញ្ញាណប័ណ្ណកម្ពុជាមានសិទ្ធិចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបើទោះបីពួកគេមិនចេះនិយាយភាសាខ្មែរក៏ដោយ។

ប៉ុន្តែតំណាងរាស្រ្តលោក អេង ឆៃអ៊ាង តាងនាមឲ្យគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រនៅទីស្នាក់ការគណបក្សកាលពីម្សិលមិញថាគណបក្សនឹងបើកសិក្ខាសាលាមួយនាសប្តាហ៍នេះដោយអញ្ជើញអ្នកជំនាញច្បាប់ដើម្បីបង្ហាញ និងពិភាក្សាអំពីច្បាប់ស្តីពីសញ្ជាតិ និងអន្តោប្រវេសន៍ដើម្បីធានាថា តើត្រូវបំពេញបែបបទអ្វីខ្លះមុនពេលជនជាតិបរទេសអាចចូលសញ្ជាតិកម្ពុជាបាន។

លោក ឆៃអ៊ាង បន្តថា៖ «ចំពោះជនបរទេសដែលមិនបានបំពេញនូវលក្ខខណ្ឌសញ្ជាតិថា តើសមត្ថកិច្ចអាចចេញអត្តសញ្ញាណប័ណ្ណឲ្យពួកគេបានឬអត់? ប្រសិនបើសមត្ថកិច្ចចេញ [អត្តសញ្ញាណប័ណ្ណ] ឲ្យពួកគេ តើសមត្ថកិច្ចនឹងត្រូវទទួលរងបទល្មើសកម្រិតណា?»។

លោកបន្តថា៖ «ក្នុងករណីនេះប្រសិនបើជនបរទេសយកអត្តសញ្ញាណប័ណ្ណដែលចេញដោយខុសច្បាប់ដោយសមត្ថកិច្ចទៅចុះឈ្មោះបោះឆ្នោត តើគាត់ត្រូវទទួលបទល្មើសប្រភេទណា? ហើយនរណាជាអ្នកដោះស្រាយបញ្ហាទាំងអស់នេះ?»។

លោកបន្ថែមថាបន្ទាប់ពីចប់សិក្ខាសាលានេះគណបក្សសង្គ្រោះជាតិនឹងប្រកាសលទ្ធផលនៃសិក្ខាសាលាទៅសាធារណជន។

ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក និងអ្នកនាំពាក្យ លោក ហង្ស ពុទ្ធា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញខណៈអគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា បានបដិសេធធ្វើអត្ថាធិប្បាយ។

លោក តុប ណេត អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថារហូតមកដល់ពេលនេះមិនមានអត្តសញ្ញាណប័ណ្ណក្លែងក្លាយណាមួយត្រូវបានចេញទៅប្រជាជនកម្ពុជាទេប៉ុន្តែបានទទួលស្គាល់ថាពេលខ្លះមានករណីមួយចំនួនដែលប្រជាជនទទួលបានអត្តសញ្ញាណប័ណ្ណដោយសកម្មភាពខុសច្បាប់។

លោកបន្តថា៖ «យើងមិនទាន់ទទួលបានព័ត៌មានណាមួយថាមានចេញ [អត្តសញ្ញាណប័ណ្ណ] ក្លែងក្លាយទេរហូតមកដល់ពេលនេះប៉ុន្តែអាចមានជនបរទេសមួយចំនួនទទួលបានអត្តសញ្ញាណប័ណ្ណខុសច្បាប់»។«អត្តសញ្ញាណប័ណ្ណគឺត្រឹមត្រូវប៉ុន្តែរបៀបដែលគាត់ទទួលបានវាគឺមានរឿងផ្សេងៗ»។

លោកមិនបានប្រាប់ថាតើវាខុសច្បាប់ឬអត់គ្រាន់តែសំដៅទៅជនបរទេសមួយចំនួនឃុបឃិតជាមួយបុគ្គលមួយចំនួនដើម្បីទទួលបានឯកសារខុសច្បាប់នៅក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ។

ទោះយ៉ាងណាក្តីលោក តុប ណេត បានបន្ថែមថាប្រសិនបើមានបញ្ហាមួយចំនួនកើតឡើងដូចនេះមន្រ្តី គ.ជ.ប.ដែលសង្ស័យលើភាពមិនប្រក្រតីនេះត្រូវតែពិភាក្សានៅក្នុងកម្រិតថ្នាក់ក្រោមជាតិហើយប្រសិនបើបញ្ហាទាំងនេះមិនអាចដោះស្រាយបានពួកគេនឹងបញ្ជូនបញ្ហាទាំងនេះទៅថ្នាក់ជាតិដើម្បីដោះស្រាយ។

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានថ្លែងថាបើទោះបីជាច្បាប់ស្តីពីការបោះឆ្នោតអនុញ្ញាតឲ្យប្រជាជនគ្រប់រូបមានសិទ្ធិចុះឈ្មោះបោះឆ្នោតក៏ដោយក៏ប៉ុន្តែ គ.ជ.ប. ត្រូវតែទទួលខុសត្រូវនៅក្នុងការស្វែងរកការពិតនៃជនបរទេសដែលកំពុងកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីឲ្យប្រាកដថា តើពួកគេកំពុងកាន់អត្តសញ្ញាណប័ណ្ណក្លែងក្លាយឬអត់?

លោក គល់ បញ្ញា បានថ្លែងបន្តថា៖ «គ.ជ.ប. អាចសង្ស័យអត្តសញ្ញាណប័ណ្ណខ្មែរចំពោះជនបរទេសណាមួយដែលមកសុំចុះឈ្មោះបោះឆ្នោតហើយគាត់មិនចេះនិយាយភាសាខ្មែរ [គ.ជ.ប.] អាចសង្ស័យអត្តសញ្ញាណប័ណ្ណនេះក្លែងក្លាយផងដែរព្រោះអាចទទួលបានសញ្ជាតិខ្មែរលុះត្រាតែគាត់ចេះភាសាខ្មែរ»។ «គ.ជ.ប.អាចសង្ស័យហើយទុកករណីជនបរទេសនោះដែលមិនចេះនិយាយភាសាខ្មែរសុំអនុសាសន៍ពីក្រសួងមហាផ្ទៃដើម្បីបញ្ជាក់ថា តើគាត់មានអត្តសញ្ញាណប័ណ្ណខ្មែរពិតប្រាកដឬអត់។ ប្រសិនបើ [ជនបរទេស] មាន [អត្តសញ្ញាណប័ណ្ណខ្មែរ] ត្រឹមត្រូវ [គ.ជ.ប.] ទើបត្រូវចុះឈ្មោះបោះឆ្នោតឲ្យជនបរទេសនោះ»។

លោក បញ្ញា ក៏បានបន្ថែមផងដែរថានេះជាការអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតហើយថា គ.ជ.ប. មិនមានសិទ្ធិសួរដេញដោលជនបរទេសនោះថា តើមានសញ្ជាតិខ្មែរឬអត់នោះទេ។

ដោយសារតែនៅក្នុងការបោះឆ្នោតកន្លងមកមានសេចក្តីរាយការណ៍ជាច្រើនថាមានជនជាតិវៀតណាមមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតហើយបានទៅបោះឆ្នោតមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុកជាច្រើនបានដាក់ការព្រួយបារម្ភថាអាចនឹងមានជនជាតិវៀតណាមកាន់តែច្រើនថែមទៀតនឹងទៅចុះឈ្មោះបោះឆ្នោតក្នុងពេលខាងមុខដោយប្រើឯកសារដែលមិនបានបំពេញឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ដែលមានចែងនៅក្នុងច្បាប់ស្តីពីសញ្ជាតិរបស់កម្ពុជា៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍