ជាទូទៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍ហាក់មិនថមថយសោះខណៈច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីកំពុងត្រូវបានអនុវត្តទូទាំងប្រទេស។ បើទោះបីជាច្បាប់ថ្មីនេះបានបង្កើនការផាកពិន័យច្រើនជាងមុនរហូតដល់ ៥ ដងក៏ប៉ុន្តែមិនបានធ្វើឲ្យអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍មានការថយចុះនោះទេ។

ភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសលោក គង់ សុវណ្ណ នាយកអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង (I.A.R.D) ជុំវិញបញ្ហានេះដែលមានខ្លឹមសារដូចខាងក្រោម ៖

Loading...

តើលោកអង្កេតឃើញថាស្ថានភាពការធ្វើចរាចរណ៍ និងការអនុវត្តច្បាប់ចរាចរណ៍ទាំងនគរបាល ទាំងអ្នកធ្វើចរាចរណ៍មានការយល់ដឹងប្រែប្រួលបែបណាដែរ?

ខ្ញុំចង់រំឭកឡើងវិញបន្ដិចថាច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានប្រកាសឲ្យប្រើចាប់តាំងពីពេលដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្តលេខានៅថ្ងៃទី ៦ ខែមករាឆ្នាំ ២០១៥។

ច្បាប់នេះក៏មានភ្ជាប់នូវអនុក្រឹត្យស្ដីពីការពិន័យអន្តរការចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដែលចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៦ មកផងដែរ។ អនុក្រឹត្យនេះបានដំឡើងការផាកពិន័យច្រើនជាងមុនប្រាំដង។

ជាក់ស្តែងយើងសង្កេតឃើញថាមានគោលដៅចល័តដើម្បីត្រួតពិនិត្យអនុវត្តច្បាប់រាល់ថ្ងៃ និងស្ទើរគ្រប់ផ្លូវជាតិសំខាន់ៗទូទាំង ២៥ ខេត្ត-រាជធានីដោយបូករួមជាមួយនឹងការអប់រំផ្សព្វផ្សាយផងដែរ។ ប៉ុន្តែស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ហាក់ពុំទាន់ឃើញថាមានសញ្ញាណបានធូរស្រាលនៅឡើយនោះទេ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបានឲ្យដឹងថាចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានជនរងគ្រោះថ្នាក់សរុបក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦ នេះមានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០១៥ ក៏ប៉ុន្ដែចំនួនអ្នកស្លាប់ និងអ្នករបួសធ្ងន់ធ្ងរបន្តកើនឡើងទៅវិញ។

បើទោះជាច្បាប់ចរាចរណ៍កំពុងត្រូវបានអនុវត្តក្តីប៉ុន្តែស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានឡើងហើយច្រើនតែមានលក្ខណៈសាហាវៗ តើបណ្តាលមកពីមូលហេតុអ្វី?

ជាទូទៅមូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ (ឬដូចដែលលោកថាមានលក្ខណៈសាហាវគួរឲ្យខ្លាចញញើត) គឺបណ្តាលមកអំពីការបើកបរលើសល្បឿនកំណត់។ យើងនិយាយបានដោយសាមញ្ញថាការប្រឈមគ្រោះថ្នាក់ចរាចរណ៍នឹងមានកាន់តែខ្ពស់ប្រសិនបើអ្នកបើកបរបើកកាន់តែលឿនហើយបើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនោះលទ្ធផលគឺកាន់តែធ្ងន់ធ្ងរទៅតាមនោះផងដែរ។ ជាលក្ខណៈរូបសាស្រ្តគឺយើងមិនអាចទប់ខ្លួនឲ្យមានលំនឹងបានទេនៅពេលដែលមានការបុកប៉ះទង្គិចកើតឡើង ប្រសិនបើគ្មានឧបករណ៍សុវត្ថិភាពក្នុងយានយន្តដើម្បីទប់លំនឹង។ ដូចជាខ្សែក្រវាត់សុវត្ថិភាពជាដើម។ល។

នៅក្នុងការបុកប៉ះមួយក្នុងល្បឿន ៥០ គ/ម៉ នោះកុមារម្នាក់ដែលមានទម្ងន់ ៥ គីឡូក្រាម និងកើនឡើងប្រមាណ ២០ ដងក្នុងត្រឹមតែ ១ វិនាទីដោយសារតែកម្លាំងរំញោចលនា។

មានកត្តាទំនាក់ទំនងជាច្រើនជំរុញឲ្យអ្នកបើកបរបើកហួសល្បឿនកំណត់ដូចជាប្រញាប់ចង់ចំណេញពេលវេលាសម្រាប់ការធ្វើដំណើរលើរយៈចម្ងាយផ្លូវដូចគ្នាចង់បង្ហាញថាខ្លួនពូកែបើកបរសង្ហាស្រស់ស្អាត ឬក្លាហាន ឬក៏នឹងទទួលបានការសរសើរលើកទឹកចិត្តពីប្រធានថាមានជំនាញខ្ពស់។ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន និងសេវាដឹកជញ្ជូនឯកជនអ្នកបើកបរអាចរងសម្ពាធត្រូវប្រញាប់បញ្ចូនអីវ៉ាន់ឲ្យភ្ញៀវឲ្យបានច្រើនត្រឡប់ក្នុងមួយថ្ងៃទៅមក។ល។

ក្នុងនោះក៏មានបញ្ចូលនូវសមត្ថភាពការយល់ដឹងសីលធម៌ និងសុជីវធម៌នៃការបើកបរផងដែរ។ ប្រសិនបើអ្នកបើកបររងសម្ពាធឲ្យបើកប្រញាប់មិនបានឆ្លងកាត់សាលាបើកបរបានត្រឹមត្រូវ និងពិសារគ្រឿងស្រវឹង ឬសេពគ្រឿងញៀនការបើកបរទាំងអស់នេះហើយធ្វើឲ្យមានទំហំបញ្ហាធ្ងន់ធ្ងរ។

គួរឲ្យកត់សម្គាល់ដែរថានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនដែលបង្កឲ្យមានការស្លាប់ និងរបួសជាលក្ខណៈសមូហភាពបង្កដោយរថយន្តដឹកកម្មករ រថយន្តក្រុង រថយន្តដឹកកុងតឺន័រ រថយន្តគ្រឿងចក្រ។ល។

បទពិសោធន៍សកលបង្ហាញថាការរឹតបន្តឹងក្នុងការអនុវត្តច្បាប់ចរចរណ៍ជាប់លាប់ដោយមានលក្ខណៈជាគោលដៅអចល័ត និងចល័តព្រមទាំងផ្លាស់ប្តូរម៉ោងពេលអនុវត្តជាប្រចំាគឺជាការធ្វើទីផ្សារ និងលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថអ្នកបើកបរយ៉ាងមានប្រសិទ្ធភាពខ្ពស់ជាងគេ។

ដូចនេះដើម្បីទទួលបានស្មារតីចូលរួមអនុវត្តគោរពច្បាប់នៅទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលឈានទៅសម្រេចផែនការជាតិក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រឹមឆ្នាំ ២០២០ សមត្ថភាពជំនាញត្រូវតែច្បាស់លាស់ម៉ឺងម៉ាត់ឯករាជ្យ និងមានតម្លាភាពបូករួមជាមួយនឹងក្រមសីលធម៌របស់មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជំនាញពាក់ព័ន្ធគឺជាកត្តាចាំបាច់។

ដូចគ្នាផងដែរការអប់រំផ្សព្វផ្សាយត្រូវតែសំដៅជាខ្លាំងដល់ក្រុមគោលដៅដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍ហើយខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀតថាល្បឿន និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាមូលហេតុបង្កគ្រោះថ្នាក់ធំ និងធ្ងន់ធ្ងរជាងគេ។

យោងមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថាករណីបុកមនុស្សបណ្តាលឲ្យស្លាប់ជនបង្កត្រូវជាប់គុកពី ១ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានទៅ ១៥ លានរៀល។ ការផ្តន្ទាទោសនេះត្រូវមតិសាធារណៈមួយចំនួនយល់ថាមានលក្ខណៈស្រាលពេកទើបធ្វើឲ្យអ្នកល្មើសមិនរាងចាលតើលោកយល់បែបណា?

ដូចខ្ញុំបង្ហាញខាងដើមការពិន័យនឹងអំពើល្មើសនឹងច្បាប់បានដំឡើងការផាកពិន័យច្រើនជាងមុនប្រាំដងបើធៀបទៅនឹងច្បាប់ចាស់។ ស្ថានទម្ងន់ទោសអាចត្រូវផ្តន្ទាទោសបន្ថែមច្រើនដូចមានចែងក្នុងមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។ លើសពីនេះជនល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានទៅ ២៥ លានរៀលប្រសិនបើបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង។

ដោយមានអត្រាជាតិអាល់កុលពី ០,៤០ មិលី្លក្រាមក្នុងមួយលីត្រខ្យល់ឡើងទៅ និងគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរមិនត្រូវតាមប្រភេទយានយន្ត។ យន្តការហាមឃាត់មិនឲ្យបើកបរ ៥ ឆ្នាំ បិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសរយៈពេលពីរខែជាប់គ្នា និងផ្សាយក្នុងសារព័ត៌មាន និងគ្រប់មធ្យោបាយទូរគមនាគមន៍ក៏ត្រូវបានដាក់បញ្ចូលក្នុងមាត្រានេះដែរ។ ប្រាកដណាស់ត្រឹមប្រាក់ពិន័យអាចធ្វើឲ្យមនុស្សមិនរាងចាលតែការដាក់ស្ថានទម្ងន់ទោសបន្ថែមដូចរៀបរាប់ខាងលើគឺល្មមគ្រប់គ្រាន់ឲ្យជនល្មើស និងអ្នកបើកបរដែលធ្វេសប្រហែសទាំងឡាយពិចារណាបាន។

ស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយគួរផ្សាយហើយផ្សាយទៀតផ្សាយឲ្យបានច្រើនតាមទូរទស្សន៍វិទ្យុ កាសែត និងបណ្តាញសង្គមក្តីនូវមាត្រានេះ (មាត្រា ៨៥) ជូនដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបនៅកម្ពុជាឲ្យបានដឹងហើយចាំបាច់អនុវត្តមាត្រានេះឲ្យបានម៉ឺងម៉ាត់នោះទើបគ្រប់គ្នាអាចបង្កើតបាននូវវប្បធម៌ទទួលខុសត្រូវក្នុងការបើកបរបាន។

ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកតើសំណងត្រឹម ៤ លានរៀល និងជនបង្កត្រូវជាប់ពន្ធនាគារពី ១ ដល់ ៣ ឆ្នាំនេះសំដៅលើយានយន្តមានឯកសារគ្រប់គ្រាន់ ឬយ៉ាងណា? ចុះបើយានយន្តគ្មានស្លាកលេខហើយបុកមនុស្សស្លាប់ត្រូវជាប់ទោសដូចម្តេច?

ប្រើប្រាស់រថយន្តដោយគ្មានប័ណ្ណ ឬស្លាកលេខសម្គាល់គឺត្រូវបន្ថែមតាមបញ្ញតិ្តមាត្រា ៨២ ។

ប្រសិនបើជនបង្កដឹងថាមនុស្សនោះគ្រាន់តែដួល និងរងរបួសតែអ្នកបើករថយន្តបែរជាទៅបើកកិនឲ្យគាត់ស្លាប់ តើច្បាប់ដាក់ទោសជននោះក្នុងស្ថានទម្ងន់ទោសដូចម្ដេច?

ក្នុងករណីនេះគឺបន្ថែមនូវអំពើសម្លាប់ជីវិតមនុស្សដោយចេតនាអ៊ីចឹងខ្ញុំយល់ថាបើមានសាក្សី និងភ័ស្តុតាងគ្រប់គ្រាន់អ្នកច្បាប់លោកនឹងដាក់ស្ថានទម្ងន់ទោសតាមក្រមព្រហ្មទណ្ឌដូចចែងក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន)៕