ភ្នំពេញ — សកម្មជនសិទ្ធិមនុស្ស និងអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមនៅប្រទេសកម្ពុជាបង្ហាញការព្រួយបារម្ភខ្លាំងអំពីការគាបសង្កត់សិទ្ធិសេរីភាពលើប្រជាពលរដ្ឋខ្មែរ ដែលធ្វើការសម្ដែងមតិដោយអហិង្សា តែត្រូវអាជ្ញាធរចាប់ឃុំខ្លួនជាបន្តបន្ទាប់។

ពួកគេនិយាយថា ប្រទេសកម្ពុជាអាចនឹងវិលរកស្ថានភាពមុនឆ្នាំ ១៩៩៣ ប្រសិនបើអំពើចាប់ឃុំខ្លួននេះនៅតែបន្តទៅមុខទៀតនោះ។ ពួកគេបញ្ជាក់បន្ថែមទៀតថា កម្ពុជាក៏អាចនឹងវិលទៅរករបបនយោបាយចាស់របស់ប្រទេសភូមា ឬ មីយ៉ាន់ម៉ា ដែលធ្លាប់គ្រប់គ្រងដោយក្រុមយោធា។

Loading...

ក្តីបារម្ភរបស់សកម្មជនសិទ្ធិមនុស្ស និងអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមនេះកើតមានឡើង នៅស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញបានបើកយុទ្ធនាការបង្ក្រាបក្រុមធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលមានគោលដៅទាមទារឲ្យមានការដោះលែងអ្នកជាប់ចោទចំនួនប្រាំរូប ដែលជាសកម្មជនសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងការទាមទារយុត្តិធម៌ជូនលោក កែម ឡី អ្នកវិភាគនយោបាយដ៏សំខាន់របស់កម្ពុជា ដែលត្រូវខ្មាន់ភ្លើងបាញ់ស្លាប់កណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅជាដើម។

ក្រុមអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ យ៉ាងហោចណាស់ប្រាំមួយនាក់ ត្រូវបានចាប់ខ្លួននៅទីតាំងដាច់ដោយឡែកពីគ្នា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។ លោកស្រី ទេព វន្នី ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices និងជាសកម្មជនដីធ្លីក្នុងតំបន់បឹងកក់ ក៏ស្ថិតក្នុងចំណោមមនុស្សដែលត្រូវបានឃាត់ខ្លួននោះដែរ។

លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA កាលពីថ្ងៃច័ន្ទថា សកម្មភាពយាយីលើអ្នកប្រឆាំងអំពើអយុត្តិធម៌សង្គម អាចនឹងទាញកម្ពុជាឲ្យដើរថយក្រោយត្រឡប់ទៅរបបគ្រប់គ្រងមុនឆ្នាំ១៩៩៣ ប្រសិនបើអាជ្ញាធរកម្ពុជាមិនបញ្ឈប់សកម្មភាពនេះទេ។

«ទៅអនាគត វាអាចឈានចូលទៅដល់ប្រទេសកម្ពុជាយើងវិលទៅរករបបមុនឆ្នាំ១៩៩៣ ឡើងវិញ បើសិនជានៅតែមិនមានការផ្តល់សិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ ពង្រឹងនីតិរដ្ឋក៏ដូចជាប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បាទ»។

លោកថ្លែងបន្តថា រដ្ឋាភិបាលមិនអាចរក្សាការរឹតត្បិតសិទ្ធិសេរីភាព ដោយមិនស្តាប់ការផ្តល់យោបល់ពីប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដែលស្នើឲ្យមានការបញ្ឈប់ការយាយីការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ដែលស្របតាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជានោះ។

លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលមិនអាចមកគាបសង្កត់ប្រជាពលរដ្ឋរបស់ខ្លួនតាមរយៈការបណ្ដោយឲ្យមានការចាប់ខ្លួនក្រុមជំទាស់ ដោយសារតែមានការជួយជ្រោមជ្រែងខ្លាំងក្លាពីប្រទេសចិន ទាំងវិស័យសេដ្ឋកិច្ច និងយោធានោះទេ។ លោកមានប្រសាសន៍ថា ប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានរក្សាការឃ្លាំមើលទង្វើរបស់រដ្ឋាភិបាល ហើយប្រជាពលរដ្ឋខ្មែរទៀតសោតក៏មិនព្រមបោះបង់សិទ្ធិរបស់ពួកគេដែរ។

«លោកបណ្ឌិតកែម ឡី យើងឃើញហើយ ប្រជាពលរដ្ឋជិត២លាននាក់ដែលងើបឡើងនេះមិនមែនជាការចូលរួមទេ ក៏ជាការបង្ហាញក្នុងការទាមទាររកភាពយុត្តិធម៌ និងសេរីភាពក្នុងការបញ្ចេញមតិហ្នឹងផងដែរបាទ»។

នៅមុនឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានស្ថិតក្រោមការដឹកនាំតាមលទ្ធិកុម្មុយនិស្ត ដែលពុំបានផ្តល់សិទ្ធិពលរដ្ឋក្នុងការនិយាយប្រឆាំងគោលនយោបាយរបស់បក្សកុម្មុយនិស្តដ៏ឆ្អិនឆ្អៅនោះទេ។ សេរីភាពក្នុងការធ្វើដំណើរគឺមានដែនកំណត់ និងមិនអនុញ្ញាតឲ្យប្រមូលផ្តុំគ្នាជជែករឿងនយោបាយនោះឡើយ។

លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ថា កម្ពុជាអាចនឹងវិលទៅរករបបយោធា ក្នុងកាលៈទេសៈដែលការចាប់ឃុំខ្លួននេះនៅតែបន្ត និងក្នុងពេលដែលសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាធ្លាក់ចុះ ក្នុងការបោះឆ្នោតនាពេលខាងមុខ។

«អាហ្នឹងវា វានឹងចេញទៅច្រកហ្នឹងហើយ ប្រសិនបើរដ្ឋាភិបាលមិនបានពិចារណាឡើងវិញ ព្រោះអីកាលណា ឧបមាថា ថ្ងៃច័ន្ទហ្នឹងចាប់ពីរបី ដល់ពេលថ្ងៃច័ន្ទក្រោយ បើមានទៀតចាប់ពីរ បីទៀត បាទ។ ដល់យូរៗទៅ វាទៅជាការចាប់អ្នកអាវខ្មៅហ្នឹង វាចាប់រាល់អាទិត្យ ហើយខ្ញុំគិតថា រដ្ឋាភិបាលក៏ចាប់ហ្នឹងបែបមើលដែរ ថាតើចាប់ពេលហ្នឹង តើថ្ងៃច័ន្ទក្រោយ ស្រកស្រុតទៀតដែរឬអត់?»

លោកបានថ្លែងបញ្ជាក់ទៀតថា សកម្មភាពឃាត់ខ្លួន និងការប្រឹងប្រែងបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនេះបានធ្វើឲ្យខូចដល់មុខមាត់របស់រដ្ឋាភិបាលកម្ពុជា ហើយថា នយោបាយកម្ពុជាសព្វថ្ងៃបានមកដល់ផ្លូវទាល់មួយ ដែលជំរុញឲ្យរដ្ឋាភិបាលមិនអាចរកដំណោះស្រាយដល់វិបត្តិសង្គមសព្វថ្ងៃបាន មានតែការចាប់ចង និងឃុំខ្លួនតែប៉ុណ្ណោះ។

«យើងមើលទៅវាហាក់ដូចជានយោបាយខ្មែរយើងនេះ វាដល់កន្លែងមួយ គឺយើងទាល់ច្រកក៏ថា បានដែរ បើតាមទស្សនៈរបស់ខ្ញុំ។ ទាល់ច្រកត្រង់ថា មិនមានដំណោះស្រាយអីក្រៅពីរឿងគំរាមកំហែង ហើយនិងចាប់ខ្លួន។ ការតវ៉ាទាំងឡាយលែងមានប្រសិទ្ធភាព លែងមានការចូលមកដោះស្រាយ ហើយវាទៅជារឿងហ្នឹងគឺជារឿងឲ្យតែធ្វើអីដែលមិនសូវសម គេចាប់ ហើយចាប់យកទៅដាក់គុកអីអញ្ចឹងទៅ ដល់ពេលអញ្ចឹងទៅ រដ្ឋាភិបាលហ្នឹងហើយជាអ្នកដែលត្រូវខូចឈ្មោះ ដែលត្រូវទទួលរងនូវការរិះគន់ពីអន្តរជាតិ»។

នៅមុនការឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ លោកស្រី ទេព វន្នី បានប្រាប់ VOA ថា ក្រុមតស៊ូមតិរបស់លោកស្រីមានក្តីបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ តែដោយសារការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលអាក្រក់ខ្លាំងពេក ក្រុមអ្នកស្រីក៏បន្តការតវ៉ាទាំងដឹងថា រាល់សកម្មភាពរបស់ក្រុមអ្នកស្រីត្រូវគេឃ្លាំមើលយ៉ាងដិតដល់នោះ។

លោកស្រីនិយាយថា៖

«រាល់ថ្ងៃហ្នឹងយើងចង់និយាយថាអញ្ចេះ គេចង់ឲ្យយើង គេវាស់ម៉ែត្រឲ្យយើងដើរ។ ហើយគេក៏គេឲ្យ សេរីភាពយើងសម្រេចលើគេ ក្នុងការដកដង្ហើមរបស់យើងដែរ គេចង់ឲ្យយើងដើរសេរីភាព ដើរបានប៉ុណ្ណា ប៉ុណ្ណឹង។ គេចង់ឲ្យយើងដកដង្ហើមបានរយៈពេលប៉ុន្មាន គឺប៉ុណ្ណឹងគឺសម្រេចលើគេអីអញ្ចឹងច៎ា»។

ក៏ប៉ុន្តែ លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា រដ្ឋាភិបាលមិនបានបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការសម្តែងមតិនោះទេ តែអ្វីដែលរដ្ឋាភិបាលកំពុងធ្វើនោះគឺការអនុវត្តច្បាប់។ លោកអះអាងថា ការអនុវត្តច្បាប់នេះមិនអាចធ្វើឲ្យខូចមុខមាត់រដ្ឋាភិបាលនោះទេ។

«យើងមានច្បាប់ទម្លាប់របស់យើង។ យើងអនុវត្តច្បាប់យើង។ ខូចមុខ ខូចមាត់អី! ចង់ឲ្យមុខមាត់ល្អម៉េច បើសិនមុខមាត់ល្អខាងក្រៅ តែនៅខាងក្នុងជួបសង្គ្រាមផ្ទៃក្នុងម៉េចទៅ? ឧទាហរណ៍គណបក្សប្រឆាំង គេចង់ឲ្យមានការស្អី ដែលហៅថា បដិវត្តន៍ពណ៌អីអញ្ចឹង ហើយបែកបែកផ្ទៃក្នុង។ វាមិនល្អទេ។ សុខចិត្តឲ្យប្រទេសសន្តិភាពអញ្ចឹងទៅ ហើយនរណាថាអីថាទៅ! សេដ្ឋកិច្ចដើររីកចម្រើនអីអញ្ចឹងទៅហ្នឹង។ ប៉ុន្តែវាមានប៉ះពាល់អីទៅដល់មុខមាត់? សំខាន់ក្រពះយើង»។

នៅក្នុងទិដ្ឋភាពរក្សាអំណាចវិញ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានប្រាប់ VOA នៅរសៀលថ្ងៃច័ន្ទនេះថា លោកនៅមានជំនឿថា រដ្ឋាភិបាលនៅតែមានការបារម្ភជ្រុលហួសហេតុអំពីការផ្ទុះឡើងនូវបដិវត្តន៍ ហើយក៏សម្រេចចិត្តតាមប្រមាញ់អ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ។

លោកនិយាយថា ការតាមចាប់ឃុំខ្លួននេះ ក៏មិនចំណេញដល់រដ្ឋាភិបាលផងដែរ ហើយទង្វើនេះក៏កំពុងស្ថិតក្នុងក្រសែភ្នែករបស់យុវជន ដែលបច្ចុប្បន្នហ៊ាននិយាយរិះគន់រដ្ឋាភិបាល មិនដូចកម្ពុជាកាលពីអតីតកាលនោះទេ។

«ខ្ញុំមើលថា ការព្រួយបារម្ភរបស់រដ្ឋាភិបាលជាមូលហេតុ ដោយសារអញ្ចឹងទៅ ការព្រួយបារម្ភជ្រុល គាត់ទៅធ្វើប្រតិកម្មបែបការគាបសង្កត់ ឬមួយក៏ការចាប់ខ្លួន គឺធ្វើឲ្យខាតមុខមាត់កម្ពុជា ខាតទៅលើ ខ្ញុំមើលទៅ ខាតទៅលើផលប្រយោជន៍សេដ្ឋកិច្ច ហើយមានការរិះគន់ ជាពិសេសប្រជាពលរដ្ឋ ជាពិសេសគឺក្មេងៗ ធ្វើការរិះគន់ទៅលើរដ្ឋាភិបាលច្រើន ហើយដោយសារអញ្ចឹងហើយ ខ្ញុំមិនឃើញចំណេញអីសម្រាប់គណបក្សកាន់អំណាចនោះទេ បាទ»។

ថ្វីត្បិតតែមានការលើកឡើងនានាអំពីការគាបសង្កត់សិទ្ធិសេរីភាពដោយការបង្ក្រាបសកម្មជនធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅរាជធានីភ្នំពេញក៏ដោយ ក៏លោកមាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំយុទ្ធនាការនេះបន្តទៀតទេ។

ឆ្លើយទៅនឹងសំណួររបស់ VOA ថា តើអាជ្ញាធរនឹងបន្តចាប់ខ្លួនអ្នកធ្វើយុទ្ធនាការនាថ្ងៃច័ន្ទក្រោយនេះដែរឬទេ លោកមាន ចាន់យ៉ាដា មានប្រសាសន៍ថា៖

«ហ្នឹងមិនមែនជារឿងចាប់បន្តទេ អានេះជាគោលការណ៍របស់រាជរដ្ឋាភិបាល ហើយបងប្អូនដដែលៗហ្នឹងនៅតែចចេះធ្វើនូវការងារហ្នឹង។ យើងគ្រាន់តែជាការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់តែប៉ុណ្ណោះ ដើម្បីថែរក្សាសន្តិសុខ ស្ថិរភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានី ក៏ដូចជានៅក្នុងទូទាំងប្រទេស»។

នៅក្នុងការគ្រប់គ្រងតាមបែបយោធាដែលធ្លាប់កើតមាននៅប្រទេសភូមា ហើយដែលកំពុងកើតឡើងនៅប្រទេសថៃ ការជួបជុំសម្តែងមតិប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលត្រូវបានហាមឃាត់ ឬចាប់ខ្លួនអ្នកធ្វើចលនាបាតុកម្ម។ នេះបើតាមការបញ្ជាក់ពីក្រុមសង្គមស៊ីវិលដែលបំពេញការងារក្នុងប្រទេសទាំងនោះ។

ក្រុមអ្នកវិភាគនយោបាយកម្ពុជានិយាយថា កម្ពុជានឹងមិនវិលទៅរបបនយោបាយគ្រប់គ្រងដោយយោធានោះទេ ប្រសិនបើអ្នកនយោបាយខ្មែរហ៊ានទទួលស្គាល់ការណ៍ពិតនៃលទ្ធផលបោះឆ្នោតនាឆ្នាំ២០១៨៕

ប្រភព៖ VOA