ភ្នំពេញ៖ ចៅក្រោមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចំណាយពេលប្រហែលកន្លះម៉ោង ដើម្បីសាកសួរលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ជាស្ថាប័នគ្រប់គ្រងវិទ្យុ VOD ជុំវិញរឿងរ៉ាវរបស់ កញ្ញា ខុម ចន្ទតារ៉ាទី ហៅស្រីមុំ ជាមួយឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ តុលាការ សង្ស័យលោក ប៉ា ងួនទៀង អាចជាប់ព័ន្ធក្នុងករណីឯកឧត្តម កឹម សុខា។

ក្រោយចាកចេញពីតុលាការរាជធានីភ្នំពេញ លោក ប៉ា ងួនទៀង បានប្រាប់អ្នកសារព័ត៌មានថា ចៅក្រមស៊ើបសួរ បានសួរលោក នូវសំនួរចំនួន៣សំខាន់ៗ ទាក់ទងនឹងរឿងរ៉ាវរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ លោកលើកឡើងពីសំណួរទាំង៣ ប្រាប់អ្នកសារព័ត៌មានថា៖«គេសួរខ្ញុំថា តើខ្ញុំមានបានរៀបចំឲ្យលោក នី ចរិយា ជួបជាមួយនឹងកឹម សុខា អត់? ខ្ញុំមានបានហៅទូរសព្ទ ទាក់ទងជាមួយលោកស្រី ទ្រី ឈួន ដែលជាមេធាវី របស់ស្រីមុំ អត់? ហើយខាងVOD មានបំណងហៅស្រីមុំ មកធ្វើជាវាគ្មិន អត់? ចំណុចសំខាន់ៗ៣ហ្នឹង»។

Loading...

នៅពេលអ្នកសារព័ត៌មាន សួរថាបន្ថែមថា តើលោកបដិសេធចំពោះសំនួរខាងលើ ឬយ៉ាងណា លោក ប៉ា ងួនទៀង គ្រាន់តែបញ្ជាក់ថា លោក ជាអ្នកសារព័ត៌មាន ហើយមានការងារច្រើនណាស់ដែលត្រូវធ្វើ ដូច្នេះលោក មិនចាំថា ខ្លួនបានប្រព្រឹត្តពិតមែន ដូចទៅនឹងអ្វី ដែលចៅក្រមស៊ើបសួរ លើកជាសំនួរឡើង នោះទេ។ លោកបញ្ជាក់បែបនេះថា៖ «ដោយសារខ្ញុំ ជាអ្នកសារព័ត៌មាន ហើយខ្ញុំ វារឿងច្រើនពេក ខ្ញុំអត់ចាំ។ អត់ចាំថា វាមានករណីអ៊ីចឹងមែន ឬអត់»។

ទាក់ទងនឹងបញ្ហាខាងលើ លោក លី សុផាន់ណា អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា ការសាកសួរលើលោក ប៉ា ងួនទៀង បានផ្តល់ប្រយោជន៍ជាច្រើនដល់ការសើបសួរ ហើយចៅក្រមសម្រេចនឹងបន្តនីតិវិធីស៊ើបសួរ ក្នុងសំណុំរឿងនេះបន្តទៀត ។ តែលោក មិនអាចបញ្ជាក់ពីចំណាត់ការស៊ើបសួរបាននោះទេ។

សំណុំរឿងរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា នេះហើយ ដែលបណ្តាលឲ្យលោក នី ចរិយា អគ្គលេខាធិការរងរបស់គជប និងមន្ត្រីអាដហុក៤ រូបទៀត គឺលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី រងការការចោទប្រកាន់ពីតុលាការ។ លោក នី ចរិយា ត្រូវបានចោទពីបទ «សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី» រីឯមន្ត្រីអាដហុកទាំង៤រូប ជាប់ពីបទ «សូកប៉ាន់សាក្សី»។

បន្ទាប់មក អ្នកទាំង៥ខាងលើ ក៏ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ។ បើតាមការចោទប្រកាន់របស់តុលាការជាន់ទាប អ្នកទាំង៥ខាងលើ សុទ្ធតែជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាមួយឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ៕

ប្រភព៖ ថ្មីៗ