ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងជួយសាងសង់ទីក្រុង Smart City ដោយផ្តោតលើប្រជាពលរដ្ឋថ្នាក់កណ្តាល ជាលើកដំបូងនៅខេត្តព្រះសីហនុ តាមរយៈអនុស្សរណដែលបានចុះហត្ថលេខានៅទីក្រុងសេអ៊ូល នាថ្ងៃអង្គារកន្លងមកថ្មីៗនេះ។

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរលើនៅទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនាព្រឹកថ្ងៃអង្គារថា ពិធីចុះអនុស្សរណយោគយល់គ្នា រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ដើម្បីកិច្ចសហប្រតិបត្តិការគ្នាលើ៤ចំណុច ទី១ការកសាងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម ទី២ ការកសាងផែនការប្រើប្រាស់ដី និងសិក្សាប្លង់លម្អិតនគរូបនីយកម្មលក្ខណៈទំនើបតាមបច្ចេកវិទ្យា ដោយយកទីក្រុងព្រះសីហនុ ជាទីក្រុងសាកល្បង ទី៣ ការកសាងលំនៅឋានសាធារណៈ និងទី៤ ការបណ្តុះបណ្តាលធនធានមនុស្ស។

Loading...

លោករដ្ឋមន្ត្រី បានថ្លែងប្រាប់វិទ្យុអន្តរជាតិមួយ មុនពេលលោកអញ្ជើញទៅធ្វើទស្សនកិច្ចនៅឯសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃចន្ទថា ហេដ្ឋារចនាសម្ព័ន្ធដើម្បីកសាង Smart City នឹងរៀបចំទៅតាមបែបផែនការ ដោយរៀបចំជាតំបន់កសិកម្ម តំបន់ចិញ្ចឹមសត្វ ដើម្បីឲ្យទីក្រុងហ្នឹងអាចរស់នៅបានត្រូវមានសាលារៀន មន្ទីរពេទ្យ។ អាហ្នឹងគេរៀបចំអ៊ីចឹង ដើម្បីឲ្យមានលក្ខណៈវិទ្យាសាស្ត្រ ដើម្បីកុំឲ្យអភិវឌ្ឍហើយមិនអាចធានាបាននូវនិរន្តរភាព។

លោកបន្តថា ៖ «អនុស្សរណនេះមានរយៈពេលបីឆ្នាំ ហើយការអនុវត្តនឹងចាប់ដំណើរការនាពេលឆាប់ៗនេះ ដោយចាប់ផ្តើមមុនគេនៅខេត្តព្រះសីហនុ និងបន្តធ្វើនៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម និងខេត្តត្បូងឃ្មុំ»។

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយបច្ចេកទេស ក្នុងការរៀបចំលិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធនឹងការរៀបចំលំនៅឋាន ការអភិវឌ្ឍទីក្រុង លំនៅឋានសាធារណៈ និងការបណ្តុះបណ្តាលមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់កម្ពុជាផងដែរ។

ទោះជាយ៉ាងណា លោកមិនបញ្ជាក់ឲ្យដឹងលម្អិតអំពីគម្រោងនេះថា នឹងត្រូវវិនិយោគដោយក្រុមហ៊ុនឯកជន ឬវិនិយោគដោយរដ្ឋាភិបាល និងចំណាយទុនប៉ុន្មានជាក់លាក់នៅឡើយទេ។

យោងតាមសារព័ត៌មាន យ៉ុនហាប់ របស់ប្រទេសកូរ៉េខាងត្បូង ដោយដកស្រង់ប្រភពពីមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កូរ៉េថា បទពិសោធរបស់កូរ៉េ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហានៅក្នុងទីក្រុងនោះ នឹងអាចជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយការអភិវឌ្ឍដោយមិនប្រុងប្រយ័ត្ននៅខេត្តព្រះសីហនុ។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយ លោកបានបញ្ជាក់ថា លោកមិនបានដឹងពីគម្រោង Smart City ឬ លំនៅឋានសាធារណៈនេះទេ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានដឹងពីគម្រោងសាងសង់លំនៅឋានសាធារណៈនេះទេ ប៉ុន្តែកន្លងមកមានក្រុមហ៊ុនកូរ៉េមួយចំនួនបានទាក់ទងមកខេត្ត និយាយទាក់ទងនឹងគម្រោងសាងសង់លំនៅឋានតម្លៃចាប់ពី១ម៉ឺន ទៅ២ម៉ឺនដុល្លារផងដែរ ប៉ុន្តែក្រោយមកក៏ស្ងាត់រហូតមកទល់ពេលនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានថ្លែងថា លោកមិនជឿពីគម្រោងវិនិយោគនេះឡើយ ព្រោះសេដ្ឋកិច្ចកូរ៉េមិនល្អនោះទេ ហើយកូរ៉េនៅកម្ពុជាពួកគេមិនសាងសង់អ្វីនោះទេ ពួកគេរង់ចាំលក់ដីយកលុយប៉ុណ្ណោះ។

លោកបន្តថា ប្រសិនជាសាងសង់លំនៅឋានតម្លៃចន្លោះពី១ទៅ២ម៉ឺនដុល្លារ ហើយដើម្បីសាងសង់លំនៅឋានគួរធ្វើនៅទីក្រុងភ្នំពេញ ព្រោះពីប្រជាជនមក ពីខេត្តនានាចូលមករស់នៅក្រុងភ្នំពេញ ប៉ុន្តែប្រជាពលរដ្ឋនៅភ្នំពេញ ទៅរស់នៅតាមខេត្តមិនសូវមាននោះទេ។

លោកបន្តថា ៖ «ប្រសិនជាគម្រោងនេះសាងសង់ ជោគជ័យឬមិនជោគជ័យអាស្រ័យលើគម្រោងជាក់ស្តែង ប៉ុន្តែបើអ្នកវិនិយោគមានដី មានប្រាក់សាងសង់គឺទទួលជោគជ័យ តែបើរង់ចាំយកប្រាក់ពីអតិថិជនទៅសាងសង់ នឹងមិនទទួលជោគជ័យនោះទេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍