រដ្ឋាភិបាលដាក់ចេញយន្តការថ្មីគឺលុបចោលរាល់ឯកសារ និង លិខិតស្នាមផ្សេងៗបញ្ជាក់ ភាពជាពលរដ្ឋខ្មែរចំពោះជនអន្តោប្រវេសន៍ចំនួន ១០ ម៉ឺននាក់កំពុងរស់នៅកម្ពុជា។ជាការលុបចោលបន្ទាប់ពីជនអន្តោប្រវេសន៍ទាំងនេះបានកាន់កាប់ឯកសាររដ្ឋបាល ខ្មែរដែលចេញដោយអាជ្ញាធរនាពេលកន្លងមក។ លោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានគូសបញ្ជាក់ថា ជនអន្តោប្រវេសន៍ចំនួន១០ម៉ឺននាក់នេះអាចត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ ម្យ៉ាងទៀតពួកគេអាចដាក់ពាក្យសុំរស់នៅជាជនអន្តោប្រវេសន៍ក្នុងរយៈពេល៧ឆ្នាំសម្រាប់មនុស្សចាស់។ ៣ឆ្នាំសម្រាប់កុមារ។ លោក សុខ ផល បន្ថែមថា ប្រសិនបើពួកគេសុំចូលសញ្ជាតិខ្មែរអាចដាក់ពាក្យសុំ ហើយអាជ្ញាធរនឹងពិនិត្យមើលលក្ខខណ្ឌតាមក្រោយ។ ក្រៅពីស្វាគមន៍ចំពោះយន្តការថ្មីនេះសង្គមស៊ីវិល គណបក្សប្រឆាំង និង អ្នកស្រាវជ្រាវបញ្ហាសង្គម រង់ចាំមើលចំណាត់ការជាក់ស្ដែង។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចាត់ទុកយន្តការថ្មីរបស់រដ្ឋាភិបាលជាចំណុចចាប់ផ្ដើមល្អមួយ បើទោះបីជាការងារជាក់ស្ដែងលោកនៅមិនទាន់ឃើញក៏ដោយ។ ប៉ុន្តែ លោក ចង់ឲ្យមានវិធានការទប់ស្កាត់កុំឲ្យជនបរទេសចូលមកកម្ពុជាតាមតែអំពើចិត្ត។ ជាពិសេសវិធានការនៅតាមព្រំដែននៅមានភាពធូររលុង។

Loading...

ទាក់ទងជនអន្តោប្រវេសន៍នេះដែរ លោក សុន ឆ័យ បង្ហើបឲ្យដឹងថា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃដើម្បីសុំឲ្យស្ថាប័នជាតិមួយនេះ បង្ហាញចំនួនជនបរទេសទទួលបានសញ្ជាតិតាមរយៈព្រះរាជ្យក្រឹត្យ។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសជាន់ខ្ពស់នៃអង្គការលីកាដូយល់ថា យន្តការថ្មីនេះអាចចូលរួមទប់ស្កាត់រាល់ជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់។ ប៉ុន្តែលោកចាត់ទុកថា យន្តការនេះគ្រាន់តែជាការចូលរួមបានមួយផ្នែកប៉ុណ្ណោះនៅក្នុងការទប់ស្កាត់លំហូរជនបរទេសខ្លះចូលមកកម្ពុជាដោយខុសច្បាប់។

លោក អំ សំអាត បន្ថែមថា រឿងដែលរដ្ឋាភិបាលត្រូវទប់ស្កាត់និងពិនិត្យឡើងវិញករណីមន្ត្រីមួយចំនួនលួចចេញឯកសារផ្សេងៗទៅឲ្យជនបរទេស។

លោក មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គមចាត់ទុកយន្តការថ្មីរបស់រដ្ឋាភិបាលជាការកែទម្រង់លើការគ្រប់គ្រងជនអន្តោប្រវេសន៍។ លោកបានជំរុញទៅរដ្ឋាភិបាលគួរមានវិធានការបន្ថែមទៀតក្នុងគ្រប់គ្រងជនបរទេសនៅទូទាំងប្រទេស ដែលមានចំនួនច្រើនជាង១៦ម៉ឺននាក់។

សូមបញ្ជាក់ថា ក្នុង២០១៦ អាជ្ញាធររកឃើញជនអន្តោប្រវេសន៍១៦ម៉ឺននាក់ មានវៀតណាម៩៩ភាគរយ។ ដោយឡែក យន្តការលុបចោលរាល់ឯកសារនិងលិខិតស្នាមផ្សេងៗបញ្ជាក់ភាពជាពលរដ្ឋខ្មែរចំពោះជនអន្តោប្រវេសន៍ចំនួន១០ម៉ឺន ដែលបានកាន់កាប់ឯកសាររដ្ឋបាល បញ្ជាក់ពីភាពជាពលរដ្ឋខ្មែររស់នៅកម្ពុជា គឺជាវិធានការថ្មីមួយក្នុងចំណោមវិធានការពីរផ្សេងទៀតរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍។

ទី១-គ្រប់គ្រងជនអន្តោប្រវេសន៍ដែលនៅសេសសល់ចំនួន៧ម៉ឺននាក់ក្នុងសម័យសង្គមរាស្ត្រនិយមនិងសម័យ លន់ ណល់។ ទី៣-គ្រប់គ្រងជនអន្តោប្រវេសន៍ដែលមកថ្មីអនុវត្តតាមមាត្រ ២៩ ៣០ នៃច្បាប់អន្តោប្រវេសន៍ដែលផ្ដល់សិទ្ធិឲ្យអាជ្ញាធរឃាត់ខ្លួននិងបណ្ដេញពួកគេត្រឡប់ទៅប្រទេសកំណើតវិញ៕

ប្រភព៖ RFI