អ្នកភូមិនៃឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អះអាងថា បទល្មើសដាក់លូស្បៃម៉ុងចាប់យកត្រីល្អិតៗ ទៅធ្វើជាចំណីត្រីឆ្ដោរ កើតមានកាន់តែច្រើននៅក្នុងមូលដ្ឋាននេះ។ ប៉ុន្តែអាជ្ញាធរបញ្ជាក់ថា បទល្មើសពុំមានច្រើននោះទេ ដោយសារកម្រិតទឹកទន្លេទាបមិនទាន់ហូរចូលបឹង ឬព្រែក ដែលបង្កភាពងាយស្រួលដល់ការប្រព្រឹត្តបទល្មើស។

ក្រុមអ្នកភូមិឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ថា ត្រីល្អិតៗ ឬត្រីនុយចន្លោះពី ៧០០គីឡូក្រាម ទៅ ១តោន ក្នុង១ថ្ងៃ ត្រូវឈ្មួញប្រមូលទិញពីពលរដ្ឋទៅចែកចាយតាមស្រះចិញ្ចឹមត្រីឆ្ដោរនៅស្រុកបាធាយ ខេត្ដកំពង់ចាម និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពួកគេថា លូស្បៃមុងកើតមានរាយប៉ាយនៅភូមិស្ដីបន្លិច ភូមិអំពិលទឹក ប៉ុន្តែនៅចំណុចបឹងទួលចារ ភូមិស្ទឹងស្ងួត ឃុំអំពិលទឹក មានច្រើនស្អេកស្កះ។

Loading...

ពលរដ្ឋរស់នៅឃុំអំពិលទឹកម្នាក់ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា រយៈពេលពីរ ឬបីថ្ងៃដែលទឹកទន្លេឡើងហូរចូលបឹង និងព្រែក បានបង្កភាពងាយស្រួលដល់ជនល្មើសក្នុងការដាក់លូស្បៃមុងចាប់យកត្រីទាំងតូចទាំងធំ។ លោកថា អាជ្ញាធរ ឬជំនាញរដ្ឋបាលជលផលបង្ក្រាបពុំមានប្រសិទ្ធភាពនោះទេ ដោយបង្ក្រាបបានតែទៅលើម្ចាស់ស្បៃមុងណាដែលមិនបង់លុយឲ្យទៅគេក្នុងមួយរដូវទឹកឡើងចន្លោះពី ១០ម៉ឺន ទៅ ១៥ម៉ឺនរៀល ទើបអ្នកប្រព្រឹត្តបទល្មើសមិនខ្លាច៖ «បើសមត្ថកិច្ចមិនជឿថា មានបទល្មើសដល់ថ្នាក់ហ្នឹងទេ អញ្ជើញគាត់មកតែម្ដងមកឲ្យចុះមកផ្ទាល់ហ្មង។ ប៉ុន្ដែកុំឲ្យផ្ដល់ព័ត៌មានមុន (ផ្ដល់ព័ត៌មានដល់ជនល្មើស) ព្រឹកមិញគ្រាន់តែឮថា ខាងជលផលចុះមក និយាយពីម្នាក់ៗ គឺថាចុះទូកចង់ខុសហើយសារតាមទន្លេ។ ខ្ញុំសំណូមពរថា បើមានបទល្មើសអ៊ីចឹងឲ្យតុលាការចេញដីកាកោះហៅអ្នកធ្វើបទល្មើសតែម្ដងទៅបានវាអស់ បើថា ចាប់តែស្បៃចាប់មួយកើតដល់បីវិញមកណោះ»។

ឆ្លើយតបបញ្ហានេះមេឃុំអំពិលទឹក លោក ហេង ចំរើន ថាបទល្មើសលូស្បៃមុងកើតមានតិចតួចនៅតាមច្រកល្ហកព្រៃក្នុងទន្លេ ប៉ុន្តែនៅតាមបឹង ឬព្រែកមិនទាន់មានទេ ព្រោះទឹកទើបហូរចូល៖ «មានដែរតែមានតិចតួច វាមិនទាន់ខ្លាំងក្លាណាស់ណានោះទេ! ម្យ៉ាងគាត់មានការយល់ដឹងច្រើនផងឥឡូវហ្នឹងមិនដូចកាលពីដើម ហើយទីពីរ បានធ្វើការឃោសនាចលនារាល់ខែ ពេលប្រជុំប្រចាំខែឡើងដាក់ផែនការតាមរយៈមេភូមិ និងតាមរយៈសហគមន៍»។

មន្ត្រីសម្របសម្រួលសហគមន៍របស់អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) ប្រចាំខេត្តកំពង់ឆ្នាំង លោក អ៊ុក សុផាត ថ្លែងថា ការអនុញ្ញាតឲ្យចិញ្ចឹមត្រីឆ្ដោឡើងវិញរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ អាចជំរុញឲ្យអ្នកចិញ្ចឹមត្រីឆ្ដោប្រព្រឹត្តបទល្មើសនេសាទ និងអាចជំពាក់បំណុលធនាគារក្រោយខ្ចីលុយទៅធ្វើដើមទុនច្រើនជាងចំណូល។ ប៉ុន្តែលោកថា បទល្មើសលូស្បៃមុងមិនទាន់កើតមានច្រើនដូចការអះអាងរបស់ពលរដ្ឋនោះទេ ដោយសារស្ថានភាពទឹកនៅតិច៖ «បើកឲ្យចិញ្ចឹមកូនត្រី ក៏ប៉ុន្ដែមិនយកកូនត្រីធម្មជាតិមកចិញ្ចឹមនោះទេតាមច្បាប់នោះណា! វាអាចប៉ះពាល់ដល់ធនធានធម្មជាតិដោយសារគាត់ត្រូវប្រើបទល្មើស ដើម្បីយកកូនត្រីធម្មជាតិមកធ្វើនុយត្រី»។

អាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សោម ភិរុណ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៩ ខែសីហា។ ប៉ុន្តែកន្លងទៅលោកធ្លាប់បញ្ជាក់ថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសមួយបើកទូលាយឲ្យមានការចិញ្ចឹមត្រីឆ្ដោរឡើងវិញ។ ចំពោះប្រភពចំណីចិញ្ចឹមត្រីឆ្ដោរដែលពលរដ្ឋម្ចាស់ស្រះប្រមូលមកពីណានោះលោកមិនដឹងឡើយ ប៉ុន្តែការប្រើឧបករណ៍លូស្បៃមុងចាប់ត្រីល្អិតពីក្នុងបឹងទន្លេសាបមកធ្វើជាចំណីនោះ គឺជាទង្វើខុសច្បាប់ដែលខាងលោកត្រូវតែបង្ក្រាប៕

ប្រភព៖ RFA