ភ្នំពេញ — ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានស្នើភាគីវៀតណាមឲ្យបញ្ឈប់ការរំលោភព្រំដែនកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជានិងវៀតណាមដែលស្ថិតក្នុងខេត្តមួយចំនួន នៃប្រទេសរួមមានខេត្តនៅភាគឦសាន គឺខេត្តរតនគីរី និងមណ្ឌលគីរី និងខេត្តនៅភាគខាងកើត គឺខេត្តស្វាយរៀង តាកែវ និងខេត្តកណ្តាល។ នេះបើទៅតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជាដែលបានផ្ញើជូនភាគីវៀតណាមនិងចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃសុក្រនេះ។

នៅក្នុងការតវ៉ារបស់ខ្លួនប្រឆាំងការរំលោភបំពានពីភាគីវៀតណាម កម្ពុជាបានបញ្ចេញព័ត៌មានលម្អិត អំពីការរំលោភបំពាននានា រួមមានការជីកស្រះ ៩កន្លែង និងការសង់អគារ និងផ្លូវបេតុងក្នុងខេត្តរតនគីរី ការធ្វើផ្លូវ និងប៉ុស្តិ៍រដ្ឋបាលនៅតំបន់ដាក់ដាង ដាក់ហ៊ូត ខេត្តមណ្ឌលគីរី ការធ្វើផ្លូវនៅខេត្តស្វាយរៀង ការសាងសង់ប៉ុស្តិ៍យោធា នៅខេត្តកណ្តាល និងការធ្វើប៉ុស្តិ៍នៅច្រកទា្វរហួយដុង ជាប់បង្គោលព្រំដែនលេខ ២៦០ ទល់មុខច្រកទ្វារកំពង់ក្រសំាងស្រុកបូរីជលសារខេត្តតាកែវ។

Loading...

ការស្នើសុំឲ្យបញ្ឈប់សកម្មភាពរំលោភព្រំដែនកម្ពុជាពីសំណាក់ភាគីវៀតណាមនេះកើតមានឡើង បន្ទាប់ពីកម្ពុជាបានធ្វើកំណត់ទូតផ្ញើ ជូនទៅភាគីវៀតណាម ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១១ រហូតមកដល់ឆ្នាំ ២០១៦នេះ មានចំនួនដល់ទៅជាង២០ដង។ លិខិតរបស់ក្រសួងការបរទេសកម្ពុជាចុងក្រោយ ចុះថ្ងៃទី ១៨ ខែសីហា បានឲ្យដឹងថា ការប្រជុំចង្អៀតមួយរវាងភាគីកម្ពុជា និងវៀតណាមអំពីកិច្ចការព្រំដែន នឹងធ្វើឡើងនាថ្ងៃទី ២៩ ខែសីហានេះ នៅរាជធានីភ្នំពេញ។

VOA មិនទាន់អាចទាក់ទង លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទេនៅថ្ងៃសុក្រនេះ ដើម្បីសុំការអធិប្បាយអំពីលិខិតដែលបានផ្ញើទៅក្រសួងការបរទេសវៀតណាមនៅទីក្រុងហាណូយ។

យ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានប្រាប់ VOA នៅរសៀលថ្ងៃ សុក្រនេះថា រាជរដ្ឋាភិបាលកំពុងធ្វើការតវ៉ាជាមួយប្រទេសវៀតណាម ដែលបានរក្សាការបំពានរបស់ខ្លួនមកលើព្រំដែនកម្ពុជា តាមការបញ្ជូនកំណត់ទូតជាច្រើនជាច្រើនសារដល់ភាគីវៀតណាម។ លោកមានប្រសាសន៍ថា ទោះបីវៀតណាមមិនទាន់ព្រមធ្វើតាមការស្នើសុំរបស់កម្ពុជាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាមិនបានបញ្ឈប់ការតវ៉ារបស់ខ្លួនដែរ។

លោកអះអាងថា កម្ពុជា នឹងធ្វើការបកស្រាយបន្ថែមអំពីការរំលោភបំពាននេះ នៅក្នុងកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែសីហានេះ។

«យើងអត់មានឈប់ទេ។ យើងអត់មានទទួលការដែលរំលោភដីអស់ហ្នឹង យើងអត់មាននេះទេ អាហ្នឹងខាងផ្លូវច្បាប់អន្តរជាតិ។ យើងត្រូវតែរក្សាជំហរយើងរឹងមាំតើអាហ្នឹង ជាបញ្ជាសម្តេចតេជោ។ យើងផ្ញើទៅម្សិលមិញ ហើយថ្ងៃហ្នឹងគឺថាសម្តេចតេជោ លោកឲ្យផ្ញើទៅទាំងអស់។ អត់មានទុកទាមអីទេ ឲ្យប្រជាជនដឹងថាយើងធ្វើ។ រដ្ឋាភិបាលយើងធ្វើ អីចឹងមិនមែនជារឿងទុកចោលទេ។ អីចឹងបានថា ឲ្យក្រសួងការបរទេសធ្វើទាំងអស់ រំឮកតាំងពីប៉ុន្មានឆ្នាំមក»។

លោកបានបនុ្តថា ការបញ្ចេញឲ្យដឹងព័ត៌មានលម្អិត ពីសកម្មភាពរំលោភបំពានព្រំដែនកម្ពុជា ពីភាគីវៀតណាមនេះ បានកើតឡើងបន្ទាប់ពីកម្ពុជា បានរក្សាការសម្ងាត់តាមការទូត ក្នុងការតវ៉ាឲ្យវៀតណាម គោរពបូរណភាពទឹកដីកម្ពុជា។ លោកបន្ថែមថា កម្ពុជាមិនបានទ្រាំស្ងៀម ឲ្យភាគីវៀតណាមបន្តសកម្មភាពរំលោភដែនដីកម្ពុជាបាននោះឡើយ។

យោងតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជាផ្ញើជូនភាគីវៀតណាម បានសង្កត់ធ្ងន់ពីជំហរកម្ពុជា ដោយបានបញ្ជាក់ថា ស្របតាមស្មារតី និងខ្លឹមសារនៃកំណត់ទូត និងលិខិតដូចដែលបានជំរាបជូនទាំងអស់ខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាសូមស្នើរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាថ្មីម្តងទៀត សូមឲ្យបញ្ឈប់សកម្មភាពសាងសង់ទាំងអស់ខាងលើជាបន្ទាន់។

កម្ពុជាក៏បាន ស្នើឲ្យវៀតណាម ធ្វើឲ្យស្ថានភាពបរិស្ថាន នៅតំបន់ដូចរៀបរាប់ខាងលើមានសភាពដូចដើមវិញ ព្រមទាំងចាត់វិធានការរារាំងកុំឲ្យពលរដ្ឋវៀតណាមចូលមកដាំដុះ ឬធ្វើសកម្មភាពនៅតំបន់ព្រំដែនទាំងឡាយណាដែលមិនទាន់បញ្ចប់ការខណ្ឌសីមានិងបោះបង្គោលព្រំដែន។

លិខិតដដែលរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាស្នើសុំបារំាងផ្តល់អ្នកជំនាញបច្ចេកទេសខាងផែនទី មកចម្លងខ្សែព្រំដែនផែនទីបោន ខ្នាត ១/១០០ ០០០ ទៅលើផែនទី UTM ខ្នាត ១/៥០ ០០០ នៅចន្លោះបង្គោលព្រំដែនលេខ ៣០-៤០ ស្ថិតក្នុងខេត្តរតនគីរី/ដាក់ឡាក់ និងនៅចន្លោះបង្គោលព្រំដែន លេខ ១៣៨-១៤៧ ស្ថិតក្នុងភូមិដូងខេត្តស្វាយរៀង/តៃនិញ ព្រមទាំងជួយដៅខ្សែព្រំដែននៅលើដីជាក់ស្តែងនោះ។

ការព្រមព្រៀងគ្នានេះ បានកើតចេញកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម ដែលរៀបចំឡើងកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៦ នៅទីក្រុងហូជីមីញ ប្រទេសវៀណាម។

លោក ម៉ៅ មុន្នីវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ចាម បានថ្លែងគំាទ្រចំពោះការស្នើរកជំនួយគំាទ្រផ្នែកបចេ្ចកទេស ពីប្រទេសបារាំង ដោយសារប្រទេសកម្ពុជាពុំមានប្រៀបច្រើនក្នុងតតាំងជាមួយវៀតណាមដែលជាប្រទេសធំទាំងក្នុងវិស័យយោធា និងសេដ្ឋកិច្ច។

«ទាក់ទងបញ្ហានេះ ខ្ញុំ ខ្ញុំគំាទ្របាទ ជំរុញឲ្យមានប្រទេសទីបី ជួយបែបនេះ តែបើសិនជា យន្តការនេះទៅមិនរួច គឺមានតែឈានប្តឹងទៅតុលាការអន្តរជាតិហើយ ព្រោះអ្វីប្រទេសយើងតូចជាងគេបាទ»។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា កម្ពុជាសង្ឃឹមថា គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រជុំចង្អៀត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦នៅភ្នំពេញ នឹងឆាប់ឯកភាពគ្នាលើលិខិតស្នើសុំទៅលោកប្រធានាធិបតីបារាំង ដើម្បីពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេសនេះឲ្យបានឆាប់។

នៅក្នុងសំណុំរឿងព្រំដែនកម្ពុជាវៀតណាមនេះ មន្ត្រីគណបក្សប្រឆាំងពីររូបគឺលោក ហុង សុខហួរសមាជិកព្រឹទ្ធិសភា និង លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ត្រូវបានអាជ្ញាធររបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួន និងបញ្ជូនទៅតុលាការបន្ទាប់ពីការអធិប្បាយនានារបស់ពួកគេទាក់ទិនការប្រើប្រាស់ផែនទី និងកំណត់ព្រំប្រទល់កម្ពុជាវៀតណាម។

លោក ហ៊ុន សែន បានព្រមានខ្លំាងៗថា ការចាប់ខ្លួននឹងធ្វើឡើងជាបន្ទាន់ ប្រសិនបើជនណាម្នាក់មិនថាតំណាងរាស្ត្រ ឬជនសាមញ្ញធម្មតា និយាយថា រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ផែនទីក្លែងក្លាយ សម្រាប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជាវៀតណាម៕

ប្រភព៖ VOA