ភ្នំពេញៈ ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកំព្យូទ័របែបទំនើបថ្មីនឹងត្រូវចាប់ផ្តើមជាលើកដំបូងនៅថ្ងៃទី ១ ខែកញ្ញាខាងមុខដែលការចុះឈ្មោះនេះត្រូវការតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះហើយជនចំណាកស្រុកក៏អាចទៅចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំសង្កាត់ដែលខ្លួនស្នាក់នៅបានដែរដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាក់ទីលំនៅរបស់អាជ្ញាធរភូមិ ឃុំសង្កាត់ដែលខ្លួនរស់នៅ។

បើតាម គជប អ្នកទៅចុះឈ្មោះបោះឆ្នោតនៅកន្លែងណាគឺត្រូវទៅបោះឆ្នោតនៅកន្លែងនោះ។

Loading...

ក្នុងបទបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ ២០១៦ ត្រង់ប្រការ ៤.៦ ចែងថាអ្នកសុំចុះឈ្មោះបោះឆ្នោតដែលមានលំនៅឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សេងពីលំនៅឋាន ឬទីសំណាក់ដែលសាមីខ្លួនកំពុងរស់នៅហើយសាមីខ្លួនពុំមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារដែលបញ្ជាក់ពីការស្នាក់នៅរបស់ខ្លួនក្នុងមូលដ្ឋានដែលខ្លួនចង់ចុះឈ្មោះបោះឆ្នោតនោះសាមីខ្លួនអាចសុំចុះឈ្មោះបានដោយត្រូវសុំលិខិតបញ្ជាក់លំនៅពីឃុំ ឬសង្កាត់សម្រាប់ប្រើប្រាស់ចុះឈ្មោះបោះឆ្នោតរួមជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខ្លួនមាន។

លិខិតបញ្ជាក់លំនៅត្រូវចេញដោយអាជ្ញាធរឃុំ ឬសង្កាត់ដែលអ្នកចុះឈ្មោះបោះឆ្នោតកំពុងស្នាក់នៅហើយអាជ្ញាធរដែលបដិសេធចេញលិខិតបញ្ជាក់លំនៅនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់។ នេះជាអ្វីដែលមានចែងក្នុងប្រការ ៤.៦.១។

ទាក់ទងនឹងការចេញលិខិតបញ្ជាក់លំនៅសម្រាប់អ្នកមានលំនៅខុសពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះចៅសង្កាត់ចាក់អង្រែក្រោមលោក ជា សុខៃ ថ្លែងថាកម្មករ សិស្សនិស្សិត ឬអ្នកចំណាកស្រុកផ្សេងទៀតដែលកំពុងស្នាក់នៅ និងធ្វើការនៅភ្នំពេញអាចសុំលិខិតបញ្ជាក់លំនៅដើម្បីធ្វើការចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនកំពុងរស់នៅបានបើសិនជាអ្នកទាំងនោះមិនចង់វិលទៅចុះឈ្មោះបោះឆ្នោតនៅឯស្រុកកំណើត។

លោកថា ដើម្បីសុំលិខិតបញ្ជាក់លំនៅបានប្រជាពលរដ្ឋទាំងនោះត្រូវទៅសុំលិខិតបញ្ជាក់លំនៅតាមរយៈមេភូមិរបស់ខ្លួនដោយមានភ្ជាប់រូបថត ៤ គុណ ៦ ចំនួន ១ សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងមានម្ចាស់ផ្ទះជួលជាសាក្សី។

លោកបន្តថា៖ «ឧទារហ៍ថាប្អូននៅតាកែវ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរនៅតាកែវឯនោះហើយប្អូនមកជួលផ្ទះស្នាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោមអ៊ីចឹងយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរនៅតាកែវមក (សង្កាត់) គេសួរ (មន្ត្រីធ្វើលិខិតបញ្ជាក់លំនៅ) ថាប្អូនឯងនៅផ្ទះលេខប៉ុន្មានៗមកគេបញ្ជាក់លំនៅឲ្យហើយមានសាក្សីម្នាក់ ម្ចាស់ផ្ទះហ្នឹងហើយជាសាក្សី…រូបថតមួយសន្លឹក និងតាមរយៈមេភូមិ»។

លោក ជា សុខៃ ឲ្យដឹងថាតាមការស្រង់ស្ថិតិរបស់សង្កាត់អ្នកស្នាក់នៅបណ្តោះអាសន្នក្នុងសង្កាត់របស់លោកមានចំនួនប្រហែល ៣០០០ នាក់ក្នុងនោះមានប្រហែល ៦០ ភាគរយនឹងត្រឡប់ទៅចុះឈ្មោះបោះឆ្នោតនៅឯស្រុកកំណើត និង ៤០ ភាគរយទៀតនឹងចុះឈ្មោះបោះឆ្នោតនៅក្នុងសង្កាត់ដែលគាត់កំពុងរស់នៅ។ លោកថាមន្ត្រីសង្កាត់បានពន្យល់អ្នកទាំងនោះពីនីតិវិធីចុះឈ្មោះបោះឆ្នោតនេះរួចរាល់ផងដែរដោយថាមន្ត្រីស្រង់ស្ថិតិជាអ្នកពន្យល់អ្នកទាំងនោះ។

អ្នករត់រ៉ឺម៉កកង់បីក្នុងរាជធានីភ្នំពេញម្នាក់គឺលោក សាន់ សែ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌចំការមនឲ្យដឹងថាមន្ត្រីចុះស្រង់ស្ថិតិបានប្រាប់លោកថាលោកអាចចុះឈ្មោះបោះឆ្នោតនៅក្នុងសង្កាត់នេះបានតែលោកថាលោកមិនធ្វើដូច្នេះទេគឺលោកនឹងទៅចុះឈ្មោះបោះឆ្នោតនៅឯស្រុកកំណើតក្នុងខេត្តព្រៃវែងវិញ។ «ចង់ទៅចុះឈ្មោះនៅឯស្រុក (កំណើត) ជាងបានជួបជុំបងប្អូនសប្បាយ»។

នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក គល់ បញ្ញា ចាត់ទុកនីតិវិធីនេះថាបានជួយសម្រួល និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានទីសំណាក់បណ្តោះអាសន្នក្នុងការចុះឈ្មោះបោះឆ្នោតដោយមិនចាំបាច់ត្រឡប់ទៅស្រុកកំណើត។

ទោះយ៉ាងណា លោកថា ការធ្វើបែបនេះអាចធ្វើឲ្យកន្លែងមួយចំនួនមានអ្នកចុះឈ្មោះបោះឆ្នោតកើនឡើង និងខ្លះថយចុះទៅវិញ។ ត្រង់ចំណុចនេះលោក គល់ បញ្ញា ថាបើសិនជាច្បាប់អនុញ្ញាតឲ្យប្រជាពលរដ្ឋចុះឈ្មោះនៅទីណា និងបោះឆ្នោតនៅទីណាក៏បាននោះជាការល្អ។

ទោះយ៉ាងណា លោកសង្ឃឹមថា ទៅថ្ងៃអនាគតច្បាប់នឹងអនុញ្ញាតឲ្យធ្វើដូចនេះដោយថាប្រព័ន្ធចុះឈ្មោះបោះឆ្នោតសព្វថ្ងៃបានប្រើបច្ចេកវិទ្យាកុំព្យូទ័ររួចហើយ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងថាតាមច្បាប់ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ននៅកន្លែងណាមួយដែលខុសពីអាសយដ្ឋាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចចុះឈ្មោះបោះឆ្នោតនៅកន្លែងដែលខ្លួនកំពុងរស់នៅបានតែលោកថាចុះឈ្មោះទីណាគឺបោះឆ្នោតនៅទីនោះ។

លោកបន្តថា ការប្រែប្រួលនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតអាចកើតមានដោយសារតែការអនុញ្ញាតឲ្យចុះឈ្មោះបែបនេះតែលោកថាវាមិនជាបញ្ហានោះទេព្រោះច្បាប់បានអនុញ្ញាត។

លោកបន្ថែមថា៖ «ច្បាប់តម្រូវបែបហ្នឹងហើយ គ.ជ.ប គ្មានជម្រើសអ្វីផ្សេងក្រៅពីហ្នឹងទេ…ទោះជា (ចំនួនអ្នកបោះឆ្នោត) នៅទីណាមានការប្រែប្រួលក៏ដោយតែស្ថិតក្នុងទឹកដីកម្ពុជាតែមួយ»។

ការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកញ្ញាដល់ចុងខែវិច្ឆិកាឆ្នាំ ២០១៦។ បើតាមតារាងស្ថិតិប្រជាពលរដ្ឋសម្រាប់ចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៦ របស់ គ.ជ.ប មានប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅតាមរាជធានី ខេត្តទាំង ២៥ មានចំនួន ៤៤៨ ៦៨៨ នាក់ក្នុងនោះមាន ២៩៦ ៨៧១ នាក់នៅរាជធានីភ្នំពេញ។ បើតាមតារាងដដែលអ្នកមានអាយុ ១៨ ឆ្នាំឡើងមានជាង ៩,៦ លាននាក់ និងមានការិយាល័យបោះឆ្នោតទូទាំងប្រទេសចំនួន ២២៣៣៧ កន្លែង៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍