រីឯអ្នកស្រី ទេព វន្នី បានរងការចោទប្រកាន់ថ្មីមួយទៀត គឺបទហិង្សាដោយចេតនា ដែលទើបត្រូវបានតុលាការលើកយកមកជំនុំជម្រះកាលពីសប្តាហ៍មុន ទាក់ទងនឹងការតវ៉ា ដែលបានកើតឡើង កាលពីឆ្នាំ២០១៣។

ភ្នំពេញ — ក្រុមសកម្មជនសិទ្ធិមនុស្សបានព្យាករណ៍ថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានឹងបន្តធ្លាក់ចុះ រហូតដល់ការបោះឆ្នោតជាតិឆ្នាំ២០១៨ បន្ទាប់ពីមានការបង្ក្រាបដោយអាជ្ញាធរសារជាថ្មី លើសកម្មជនការពារសិទិ្ធលំនៅដ្ឋាននៅសហគមន៍បឹងកក់។

Loading...

ក្រុមសកម្មជនសិទ្ធិមនុស្សនៅថ្ងៃអង្គារនេះ បានហៅបទចោទប្រកាន់ថ្មីមួយធ្វើឡើងដោយសាលាដំបូងរាជធានីភ្នំពេញទៅលើអ្នកស្រី ទេព វន្នី ជ័យលាភីរងា្វន់ស្រ្តីជាអ្នកដឹកនាំរបស់អង្គការ Vital Voices ថា ជាការបង្កើនការដាក់សម្ពាធមិនឲ្យមានចលនាតស៊ូមតិដោយអហិង្សាប្រឆាំងនឹងការរំលោភបំពានសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា។

សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទ បានសម្រេចផ្តន្ទាទោសអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ និងសហការីលោកស្រីម្នាក់ទៀត គឺអ្នកស្រី បូវ សោភា ពីបទ«ប្រមាថមន្ត្រីរាជការសាធារណៈ» បន្ទាប់ពីពួកបានរៀបចំការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅក្នុងសហគមន៍បឹងកក់ កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។ ក្រោយពីតុលាការផ្តន្ទាទោសអ្នកទាំងពីរឲ្យជាប់ក្នុងពន្ធនាគារចំនួន៦ថ្ងៃ មានតែអ្នកស្រី បូវ សោភា ប៉ុណ្ណោះ ដែលត្រូវបានដោះលែងឲ្យមានសេរីភាពវិញកាលពីយប់ថ្ងៃច័ន្ទ។

រីឯអ្នកស្រី ទេព វន្នី បានរងការចោទប្រកាន់ថ្មីមួយទៀត គឺបទហិង្សាដោយចេតនា ដែលទើបត្រូវបានតុលាការលើកយកមកជំនុំជម្រះកាលពីសប្តាហ៍មុន ទាក់ទងនឹងការតវ៉ា ដែលបានកើតឡើង កាលពីឆ្នាំ២០១៣។

ការជំនុំជម្រះនេះ គឺធ្វើឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញបានចាប់ខ្លួនអ្នកស្រី កាលពីល្ងាចថ្ងៃច័ន្ទ សប្តាហ៍មុន នៅក្រោយពេលដែលអ្នកស្រី និងសកម្មជនដីធ្លី ក្នុងសហគមន៍បឹងកក់ បានរៀបចំពិធីដាក់បណ្តាសា ទៅលើទីងមោងចំនួនបួន ដែលតំណាងឲ្យឃាតករ តុលាការអយុត្តិធម៌ មន្ត្រីពុករលួយ និងអ្នកជួលឃាតករឲ្យសម្លាប់សកម្មជននានា ដូចជាអ្នកការពារបរិស្ថាន អ្នកការពារសិទ្ធិកម្មករ ឬអ្នកវិភាគនយោបាយ ដូចជាលោក កែម ឡី ជាដើម។

អ្នកស្រី បូ ឆវី វ័យ៤០ឆ្នាំ សកម្មជនសិទ្ធិលំនៅដ្ឋាននៅក្នុងសហគមន៍បឹងកក់ បានបញ្ជាក់ប្រាប់ VOA ថា អាជ្ញាធរកំពុងដាក់សម្ពាធខ្លាំងឡើងលើសិទ្ធិជួបជុំតវ៉ា តាមការបំបែកសំឡេងក្រុមសកម្មជនក្នុងសហគមន៍បឹងកក់ ដែលធ្លាប់រងការឈឺចាប់ពីការរំលោភបំពានសិទ្ធិដីធ្លី និងផ្ទះសម្បែងជាយូរឆ្នាំមកហើយ។

សកម្មជនរូបនេះថ្លែងថា៖

«និយាយរួមទៅ ដូចគេថា ចង់ដាក់គំនាបមកលើសហគមន៍ហ្នឹងកុំឲ្យសហគមន៍ហ្នឹងប្រើ និយាយរួមធ្វើយុទ្ធនាការនៅ នៅថ្ងៃច័ន្ទពណ៌ខ្មៅហ្នឹងណ៎ា គេចង់បំបាត់ ដូចថា យើងទាមទារជាពិសេសដូចលោកបណ្ឌិត កែម ឡី ហ្នឹង គាត់អ្នកសេ្នហាជាតិ ស្នេហាយុត្តិធម៌ហ្នឹង គាត់ហ៊ានលះបង់ជីវិត ព្រោះខ្ញុំ សហគមន៍ក៏ទាមទារដើម្បីរកយុត្តិធម៌ជូនគាត់ ដើម្បីរកវែកមុខអ្នកនៅពីក្រោយខ្នងហ្នឹងដែរ»។

ត្បិតតែមានការដាក់គំនាបខ្លាំងយ៉ាងណាក្តី អ្នកស្រី បូ ឆវី ថ្លែងបញ្ជាក់ទៀតថា៖

«ទឹកចិត្តរបស់ខ្ញុំ ជាជនរងគ្រោះ ច៎ាចង់បានយុត្តិធម៌ពិតប្រាកដហ្នឹង គឺមិនអាចរារាំងបានទេ។ ខ្ញុំនៅតែ ទាំងអស់គ្នានៅតែធ្វើយុទ្ធនាការដើម្បីទាមទាររកយុត្តិធម៌ហ្នឹងច៎ា ដោយមិនបាក់ស្មារតីទេច៎ា»។

អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលឃ្លាំមើលសកម្មភាពតវ៉ាដោយអហិង្សារបស់សកម្មជនក្នុងតំបន់បឹងកក់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយជាសាធារណៈកាលពីថ្ងៃច័ន្ទម្សិលមិញនេះថា៖

«កាលពីថ្ងៃសុក្រកន្លងទៅ អ្នកស្រី ទេព វន្នី ត្រូវបាននាំខ្លួនពីកន្លែងឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនៃមណ្ឌលអប់រំកែប្រែទី២ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរពាក់ព័ន្ធនឹងការតវ៉ាមួយនៅខាងក្រៅគេហដ្ឋានរបស់សម្តេចនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៣»។

សេចក្តីថ្លែងការណ៍ដដែលនោះបន្តថា៖

«ក្រោយមក អ្នកស្រីត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើហិង្សាដោយចេតនា។ ការតវ៉ាកាលពីឆ្នាំ២០១៣នោះ គឺស្ថិតក្នុងការតវ៉ាផ្សេងទៀតដែលរងការបង្ក្រាបដោយហិង្សាជាងគេទៅលើសហគមន៍។ ការបង្ក្រាបកាលពីពេលនោះ នាំឲ្យមានអ្នករបួសរហូតទៅដល់ប្រាំនាក់ ហើយក្នុងនោះមានអ្នកខ្លះត្រូវបានបាក់ឆ្អឹងផងដែរ»។

លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា ការបន្ថែមបទចោទលើអ្នកស្រី ទេព វន្នី គឺជាការព្យាយាមបន្ថយភាពសកម្មរបស់សកម្មជនរូបនេះក្នុងការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។

លោកថ្លែងថា សកម្មភាពរបស់អ្នកស្រី ទេព វន្នី និងសកម្មជនសិទ្ធិលំនៅដ្ឋានផ្សេងទៀតនៅក្នុងសហគមន៍បឹងកក់ បានកើតចេញពីសេចក្តីឈឺចាប់ដែលពួកគេធ្លាប់ជួបកាលពីពេលមុន។ លោកបន្តថា ការផ្តល់ជំនួយផ្លូវច្បាប់ពីអង្គការការពារសិទ្ធិមនុស្ស ដើម្បីតវ៉ារឿងដីធ្លីរបស់ពួកគេ បានធ្វើឲ្យពួកគេក្រោកជួយអ្នកការពារសិទ្ធិដែលរងអំពើអយុតិ្តធម៌តាមការរួមគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ។

លោក អំ សំអាត ថា៖

«អ្នកដែលរងគ្រោះហើយ គាត់ដឹងអំពីការឈឺចាប់ អ៊ីចឹងបើគាត់ឃើញអ្នករងគ្រោះដទៃទៀត គាត់មានការឈឺឆ្អាលនេះមួយ។ ទីពីរ ដូចជាការចាប់មន្ត្រីសមាគមអាដហុកអី ព្រោះកន្លងមកពួកមន្ត្រីសមាគមអាដហុកហ្នឹងក៏ ធ្លាប់ជួយគាត់ពីបញ្ហាដីធ្លីនៅបឹងកក់ដែរ នៅពេលដែលចាប់ពួកគាត់ ហើយជាធម្មតាដែលគាត់ត្រូវតែមានការឈឺឆ្អាល ហើយនិងទាមទារឲ្យមានការដោះលែងហ្នឹងបាទ»។

លោក អំ សំអាត បានបញ្ជាក់ទៀតថា ការដាក់គំនាបលើសិទ្ធិសេរីភាពក្នុងការសម្តែងមតិនឹងបន្តកើតមានទៅមុខទៀត រហូតដល់ពេលនៃការរៀបចំបោះឆ្នោតជាតិឆ្នាំ២០១៨។

«ខ្ញុំគិតថា រឿងហ្នឹងអាចបន្តបន្ទាប់ទៀតរហូតដល់បោះឆ្នោតជាតិ[ឯ]ណោះ មិនមែនត្រឹមតែបោះឆ្នោតឃុំសង្កាត់ទេ។ អ៊ីចឹង ខ្ញុំគិតថា ដំណោះស្រាយទាំងអស់ហ្នឹង មិនជាការល្អទេ។ អ្វីដែលល្អគឺ យើងត្រូវធ្វើយ៉ាងណាដោះស្រាយ ឫសគល់នៃបញ្ហាឲ្យបានចប់សព្វគ្រប់ផង»។

លោកបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្តោតការគិតគូរអំពីស្ថានភាពសិទ្ធិមនុស្សផងដែរនៅក្រោយពេលនៃការរៀបចំវេទិកាស្តីពី«ការការពារនិងអភិរក្សធនធានធម្មជាតិ» ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទម្សិលមិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំវេទិកានោះ មិនត្រឹមតែលើកឡើងពីវិធានការនានាក្នុងការរក្សាធនធានធម្មជាតិនោះទេ លោកថែមទាំងបានព្រមានជាថ្មីម្តងទៀតអំពីការកើតមានឡើងនៃវិបត្តិសង្គម ដោយលោកបានប្រៀបធៀបយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ទៅនឹងចលនាបដិវត្តន៍ដែលបានកើតឡើងនៅមជ្ឈិមបូព៌ាប្រទេស និងប្រទេសអ៊ុយក្រែននៅអឺរ៉ុបខាងកើត។

លោកថ្លែងថា៖

«ស្អី Black Monday សូមកុំសូវពេក។ មើលទៅ (ប្រទេស) អ៊ីរ៉ាក់ ស៊ីរី លីប៊ី យេម៉ែន បានស្អីហើយ មើលទៅ! សូម្បីអ៊ុយក្រែន ដែលមានទាំងទឹកក្រូចផង មានទាំងស្អីផង ឥឡូវបានអី? ឥឡូវបានត្រឹមភាពតានតឹង»។

យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដែលជួបការបង្រ្កាប និងឈានដល់តុលាការនៅគ្រាដែលយុទ្ធនាការនេះ បានឈានចូលដល់សប្តាហ៍ទី១៥ មានគោលបំណងចម្បងមួយគឺការស្នើឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សបួនរូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក រួមមានលោក យី សុខសាន្ត លោក ណៃ វង់ដា លោក នី សុខា និងលោកស្រី លឹម មុន្នី និងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

យុទ្ធនាការដែលមន្ត្រីរដ្ឋាភិបាលមួយចំនួនយល់ថា អាចជាចលនាបដិវត្តន៍នោះមានគោលដៅផ្សេងទៀតដែរ គឺការទាមទារឲ្យអាជ្ញាធរកម្ពុជាស្វែងរកឲ្យឃើញការណ៍ពិត នៃការបាញ់សម្លាប់លោក កែម ឡី ទាំងកណ្ដាលថ្ងៃ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ៕

ប្រភព៖ VOA