បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ កាលពីថ្ងៃទី២៣ សីហាកន្លងទៅគណបក្សសង្គ្រោះជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍តបតទៅនឹងចំណាត់ការនីតិវិធីរបស់តុលាការខាងលើនេះ។
ព្រឿន បញ្ញារី ជូនព័ត៌មាន

Loading...

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថាការប្រើប្រាស់ប្រព័ន្ធតុលាការគឺជាឧបករណ៍នយោបាយធ្វើទុក្ខបុកម្នេញឥតឈប់ឈរមកលើសកម្មជន និងមេដឹកនាំគណបក្សសង្គ្រោះជាតិ។ នេះគឺជាការធ្វើទុក្ខបុកម្នេញ ដែលនាំអោយស្ថានការនយោបាយនៅកម្ពុជាកាន់តែមានភាពតានតឹង នឹងធ្វើអោយការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខមិនមានភាពយុត្តិធម៌ និងស្មើរភាព។

ប្រតិកម្មរបស់គណបក្សប្រឆាំង បានធ្វើឡើងក្រោយពេល ដែលសាលាដំបូងរាជធានីភ្នំពេញចេញសេចក្តីប្រកាសចោទប្រកាន់លោកកឹម សុខា ពីបទបដិសេដមិនចូលខ្លួនប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៦។ ការចោទប្រកាន់នេះធ្វើឡើង ដោយផ្អែកទៅលើមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ។

ក្រុមសមាជិកគណបក្សសង្គ្រោះជាតិបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនមិនអាចទទួលយកជាដាច់ខាតនូវការសម្រេចរបស់តំណាងអយ្យការ និងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ ការដែលមិនអាចទទួលយកនេះ គឺផ្អែកទៅលើហេតុផលថា សាលាដំបូងរាជធានីភ្នំពេញបានធ្វើការចោទប្រកាន់នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងបញ្ជូនសំណុំរឿងនេះ ទៅជំនុំជម្រះដោយមិនមានការលើកអភ័យឯកសិទ្ធិសភាជាមុនសិន។

ជុំវិញបញ្ហានេះ គណបក្សសង្គ្រោះជាតិអះអាងថា ការសម្រេចរបស់តុលាការ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។ គណបក្សសង្គ្រោះជាតិបានពន្យល់ថា មាត្រា៨០នៃរដ្ឋធម្មនុញ្ញ និងមាត្រាទី៧ ស្តីពីច្បាប់នៃលក្ខន្តិកៈ តំណាងរាស្រ្តបានចែងថា ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនលើអ្នកតំណាងរាស្ត្រណាម្នាក់បានលុះត្រាតែរដ្ឋសភាបានប្រជុំអនុម័តតាមមតិភាគច្រើនពីរភាគ៣ (២/3 ) នៃចំនួនសមាជិកទាំងមូល ដើម្បីលើកអភ័យឯកសិទ្ធជាមុនសិន។

នៅក្នុងនោះ គណបក្សសង្គ្រោះជាតិ លើកឡើងថា ការណ៍ដែល លោក កឹម សុខា គ្រាន់តែមិនបានទៅកាន់តុលាការដោយផ្ទាល់ ដើម្បីឆ្លើយបំភ្លឺ ក្នុងនាមជាសាក្សីនេះ មិនអាចចាត់ទុកជាបទល្មើសជាក់ស្តែងបានឡើយ ដោយលើកហេតុផលថា មិនសមហេតុផល និងស្របតាមនីតិវិធី ហើយវាគ្រាន់តែជាលេស ដើម្បីបង្ករឿងដាក់បន្ទុកទៅលើគណបក្សតែប៉ុណ្ណោះ។

មកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ កំពុងស្នើអោយសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលការចោទប្រកាន់ លោកប្រធានស្តីទី កឹម សុខា។ គួរបញ្ជាក់ថា លោក កឹម សុខា ត្រួវបានតុលាការចោទប្រកាន់ បន្ទាប់ពីរកឃើញថា បានប្រព្រឹត្តបទល្មើសជាក់ស្តែងដោយសារមិនព្រមបង្ហាញខ្លួន ចំនួន២លើកជុំវិញរឿងក្តីរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រមុំ។

ក្រៅពីនេះ គណបក្សក៏បានអំពាវនាវអោយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិទាំងអស់ចូលរួមយ៉ាងណាធ្វើអោយស្ថានការនយោបាយនៅកម្ពុជាវិលត្រឡប់មករកភាពប្រក្រតី ដើម្បីអោយការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅប្រកបដោយត្រឹមត្រួវ យុត្តិធម៌ និងទុកចិត្តបាន៕

ប្រភព៖ RFI