ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលី លោកស្រី អានជីឡា ខូកូរ៉ាន់ថា ប្រទេសអូស្ត្រាលី នៅតែបន្តចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការចូលរួម កាត់បន្ថយភាពក្រីក្រី ចូលរួមចំណែកអភិវឌ្ឍន៍ ធនធានមនុស្ស និងលើកកម្ពស់សេដ្ឋកិច្ច ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ នៃប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ។

ការលើកឡើង របស់ឯកអគ្គរដ្ឋទូតថ្មី ប្រទេសអូស្ត្រាលីរូបនេះ ធ្វើឡើងក្នុងជំនួប ជាមួយលោកហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។ ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលី បន្តថា នឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឲ្យរឹងមាំ រីកចម្រើនបន្ថែមទៀត ទាំងនៅខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ឆ្លៀតឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលី ក៏បានជូនលិខិតអញ្ជើញ របស់ប្រធានរដ្ឋសភា អូស្ត្រាលី ជូនប្រធានរដ្ឋសភា ដើម្បីចាត់បញ្ជូនសមាជិករដ្ឋសភាកម្ពុជាមួយរូប ទៅចូលរួមវេទិកាសភាអូស្ត្រាលី និងសមាជិកសភាតំបន់អាស៊ាន ដែលគ្រោងរៀបចំធ្វើនៅប្រទេសអូស្ត្រាលី នាខែវិច្ឆិកា ចុងឆ្នាំ២០១៦។

Loading...

លោកស្រីអានជីឡា ខូកូរ៉ាន់ បានអះអាងប្រាប់លោកហេង សំរិន ថា វេទិកានេះ នឹងផ្តល់ឱកាសល្អមួយ សម្រាប់ឲ្យមានការចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមក នៃស្ថាប័ននីតិប្បញ្ញត្តិទាំងអស់ ដែលបានចូលរួមវេទិកានេះ។ លោកស្រី គូសបញ្ជាក់ថា ប្រទេសកម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងការ ទូតជាមួយគ្នារយៈពេល ៦០ឆ្នាំមកហើយ។ កន្លងមកអូស្ត្រាលីជាដៃគូសំខាន់មួយរបស់កម្ពុជា និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា ក្នុងការចូលរួមថែរក្សាសន្តិសុខ ទប់ស្កាត់ឧក្រិដ្ឋកម្មគ្រឿងញៀន និងការជួញដួរមនុស្ស ហើយរហូតមកពេលនេះ មាននិស្សិតកម្ពុជា ចំនួន ១១០០នាក់ បានទៅសិក្សានៅប្រទេសអូស្ត្រាលី ហើយកម្ពុជាជាប្រទេស សំខាន់មួយស្ថិតក្នុងលេខរៀងទី៧ នៃប្រទេសដែលនិស្សិតរបស់អូស្ត្រាលី ចូលចិត្តធ្វើដំណើរមកផ្លាស់ប្តូរបទពិសោធន៍ ជាមួយយុវជនកម្ពុជា តាមរយៈកម្មវិធី Colombo របស់ប្រទេសអូស្ត្រាលី។

ចំណែកលោកហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានគាំទ្របេសកកម្មការទូត របស់លោកស្រីអានជីឡា ខូកូរ៉ាន់ នៅកម្ពុជា ហើយលោកហេង សំរិន បានស្នើសុំ លោកស្រីឯកអគ្គរដ្ឋទូត បន្តជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើវិស័យ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរបន្ថែមទៀត ពិសេសប្រធានរដ្ឋសភាកម្ពុជារូបនេះ បានស្នើដល់រដ្ឋាភិបាលអូស្ត្រាលី ពិនិត្យលទ្ធភាពក្នុងការបន្ថែមចំនួននិស្សិតអាហារូបករណ៍ ចំពោះនិស្សិតកម្ពុជា ឲ្យបានច្រើនថែមទៀត ពីព្រោះជាធនធានដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសកម្ពុជា៕

ប្រភព៖ វាយោ