លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ដោយដាក់ស្ថាប័នទាំងពីរនេះឲ្យឋិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងធនធានធម្មជាតិ និងជលផល។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល គ្មានជំនឿថា កំណែទម្រង់នេះមានប្រសិទ្ធភាព បើឈ្មួញមានអំណាចនៅតែរកស៊ីឈើ ហើយការអនុវត្តច្បាប់នៅធូររលុង។

មន្ត្រីអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋចំនួន ៥នាក់ បានចំណាយពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ដើម្បីល្បាតព្រៃក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាល។ រយៈពេលពីរថ្ងៃដំបូងនៃការចុះល្បាតនេះ ពួកគេរកឃើញគំនរឈើប្រណិត និងឈើកែច្នៃជាច្រើនកន្លែងតាមជួរភ្នំក្រវ៉ាញ ដែលជាតំបន់អភិរក្សឧទ្យានជាតិថ្មីនេះ។

Loading...

ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន មានប្រសាសន៍ថា គំនរឈើធ្នង់ និងប្រភេទឈើចម្រុះជាច្រើនកន្លែង ត្រូវឈ្មួញអារលាក់ទុកនៅក្នុងព្រៃឋិតនៅខាងលិចចំណុចច្រេសច្រង៉ាំជ្រុំ និងទីតាំងមួយចំនួនទៀតនៅក្នុងទឹកដីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ហើយឈើទាំងនេះត្រៀមដឹកចេញទៅលក់នៅក្រៅប្រទេស៖ «បទល្មើសទាំងនោះវាអត់ទាន់ថយចុះនៅឡើយទេ បើទោះបីជាប្រមុខរដ្ឋាភិបាលធ្វើវេទិកាសាធារណៈស្ដីពីការការពារធនធានធម្មជាតិ។ ខ្ញុំសូមអំពាវនាវទៅឯកឧត្ដមរដ្ឋមន្ត្រី មេត្តាអន្តរាគមន៍មកនាយករដ្ឋដែនជម្រក បញ្ឈប់ជាបន្ទាន់ទៅនឹងការកាប់បំផ្លាញព្រៃឈើ ហើយក៏សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន គឺបញ្ចប់ការកាប់បំផ្លាញព្រៃឈើបាន លុះត្រាបិទច្រកព្រំដែនវៀតណាម ព្រោះឧកញ៉ាធំៗលោកបានធ្វើសកម្មភាពដឹកជញ្ជូនឈើតាមច្រកព្រំដែន។ ចេញតាមច្រកទាន់ហន់ ស្រុកកំពង់ត្រាច ខេត្តកំពត ហើយនិងចេញតាមច្រកភ្នំឌិន ខេត្តតាកែវ»។

លោកបញ្ជាក់ថា ក្រុមការងារលោកនឹងបន្តចុះល្បាតនៅតាមស្រុកមួយចំនួននៃខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលធ្លាប់មានបទល្មើសធ្ងន់ធ្ងរ ដើម្បីផ្ដិតយកភស្តុតាង និងធ្វើរបាយការណ៍ដាក់ទៅអគ្គនាយកដ្ឋានគ្រប់គ្រងធនធានធម្មជាតិនៃក្រសួងបរិស្ថាន ដើម្បីចាត់តាំងក្រុមអធិការកិច្ចចុះស៊ើបអង្កេតបន្ថែមលើបទល្មើស និងមន្ត្រីឧទ្យានុរក្ស ព្រមទាំងអ្នកពាក់ព័ន្ធធ្វើការនៅតំបន់នេះ។

ទាក់ទងនឹងវិនាសកម្មព្រៃឈើ និងធនធានជលផលនៅកម្ពុជា កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្បាលមួយកន្ទុយបី។ នោះគឺលោកសំដៅលើរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ដែលលោកចាត់ទុកថាជាស្ដេចក្រាញដែលពុំមានអ្នកគ្រប់គ្រងពីលើច្បាស់លាស់ ហើយត្រូវច្របាច់ចូលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាបន្ទាន់។

នៅក្នុងវេទិកាស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិនាវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រីថ្លែងថា ក្រោយពីធ្វើវិសោធនកម្មនេះ ដ្បិតប្រធានមន្ទីរកសិកម្ម ពុំមានសិទ្ធិអំណាចក្នុងការបញ្ជាប៉ូលិស ទាហាន និងកងរាជអាវុធហត្ថដើម្បីធ្វើការងារទាំងនេះ ប៉ុន្តែអភិបាលខេត្តនីមួយៗមានសិទ្ធិបញ្ជាកងកម្លាំងទាំងនេះនៅថ្នាក់ក្រោមជាតិ៖ «កុំរក្សាទុកអាឡើយតំណែងនាយខណ្ឌរដ្ឋបាលណោះ វាទៅជាក្រសួងមួយខុសគេខុសឯង។ ហ្នឹងហើយដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលយើងការពារព្រៃឈើ និងត្រីមិនបាន។ យើងត្រូវបែងចែកមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកទទួលខុសត្រូវ បើឲ្យរបៀបនេះ គឺសិទ្ធិអំណាចរបស់ចៅហ្វាយខេត្តហ្នឹងធំជាង (ប្រធានមន្ទីរកសិកម្ម) ហើយនិងទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រីលើបញ្ហាការពារធនធានធម្មជាតិ។ រីឯនៅថ្នាក់ជាតិជាអ្នករៀបចំក្របខ័ណ្ឌគោលនយោបាយ និងត្រួតពិនិត្យទៅវិញ ធ្វើយ៉ាងដូច្នេះវាប្រសិទ្ធភាពជាង»។

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង យល់ថា បើទោះបីជារដ្ឋាភិបាលមានកំណែទម្រង់នេះ ប៉ុន្តែប្រសិទ្ធភាពការងារនឹងនៅដដែល បើឈ្មួញរកស៊ីឈើដែលជាឧកញ៉ា និងមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល នៅបន្តលួចដាក់ម៉ាស៊ីនអារឈើក្នុងព្រៃ ហើយអនុវត្តច្បាប់ធូររលុង។ លោកថា បើចង់បំបាត់បទល្មើសទាំងស្រុង ទាល់តែបិទរោងអារឈើ ឬទីតាំងកែច្នៃឈើទាំងអស់។

លោក អ៊ូច ឡេង បញ្ជាក់ថា ប្រមុខរដ្ឋាភិបាលតែងតែប្រកាសក្ដែងៗអំពីវិធានការទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែបទល្មើសនៅតែបន្តកើតមានរាល់ថ្ងៃ ដូចជានៅខេត្តមណ្ឌលគិរី កំពង់ធំ កោះកុង និងខេត្តពោធិ៍សាត់ ជាដើម។ លោកថា មន្ត្រីមានអំណាច និងឈ្មួញមានលុយ កំពុងកាប់ឈើលក់យ៉ាងសស្រាក់សស្រាំដោយមិនកោតញញើតច្បាប់ និងបទបញ្ជារបស់នាយករដ្ឋមន្ត្រីឡើយ៖ «ប្រហែលជារាជរដ្ឋាភិបាលពិបាកធ្វើ ឬយ៉ាងម៉េច? ហេតុអីបានជារោងចក្រអារឈើនៅតែបន្តដំណើរការរៀងរាល់ថ្ងៃ ហើយយើងឃើញថាថៅកែរោងចក្រអារឈើ សុទ្ធតែជាមន្ត្រីរដ្ឋាភិបាល ឬឧកញ៉ាធំៗ សុទ្ធតែជាមន្ត្រីដែលមានស័ក្ដិកាន់ផ្នែកកម្លាំងប្រដាប់អាវុធផ្កាយពីរ ផ្កាយបី ជាដើម ដែលកំពុងគគ្រឹកគគ្រេងក្នុងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ។ នេះហើយដែលខ្ញុំអាចនិយាយថា រដ្ឋាភិបាលបានត្រឹមតែនិយាយ ត្រឹមតែសន្យាជាមួយប្រជាពលរដ្ឋ ប៉ុន្តែវត្តមានរោងចក្រអារឈើនៅតែមានប្រតិបត្តិការ»។

ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនការពារបរិស្ថានសង្កេតឃើញថា រដ្ឋាភិបាលបានចេញអនុក្រឹត្យដាក់តំបន់មួយចំនួនទៅជាតំបន់អភិរក្សដែនជម្រកសត្វព្រៃ ឬឧទ្យានជាតិ ប៉ុន្តែតំបន់ទាំងនោះត្រូវជនល្មើសលួចកាប់ឈើលក់ និងមានតំបន់ខ្លះត្រូវពលរដ្ឋទន្ទ្រានយកដីទៅធ្វើកម្មសិទ្ធិ។ ឈើល្អៗនៅក្នុងព្រៃស្រោង ឬគម្របព្រៃទាំងក្រៅ និងក្នុងតំបន់អភិរក្ស ត្រូវកាប់បំផ្លាញស្ទើរអស់។

ជាក់ស្ដែង រដ្ឋាភិបាលបាននិរាករណ៍ ឬលុបចោលអនុក្រឹត្យលេខ៧៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០២ ស្ដីពីការសម្រេចដាក់តំបន់ព្រៃការពារអភិរក្សដីជម្រាលជួរភ្នំក្រវ៉ាញភាគកណ្ដាល ទៅជាតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាលវិញ។ រយៈពេលជាងបួនខែដែលរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន សម្រេចផ្លាស់ប្ដូរតំបន់អភិរក្សមួយនេះ បទល្មើសព្រៃឈើនៅតែបន្តកើតមានច្រើន។

អនុក្រឹត្យថ្មីចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាល មានផ្ទៃដីទំហំជាង ៤សែនហិកតារ (៤០១.៣១៣ហិកតារ) ដែលមានភូមិសាស្ត្រនៅខេត្តកោះកុង ពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។

ប្រធានកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បារម្ភថា ព្រៃឈើនៅកម្ពុជា អាចនឹងបាត់បង់អស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ បើអាជ្ញាធរពាក់ព័ន្ធពុំមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហា។ កាលពីឆ្នាំ២០០២ ក្រសួងកសិកម្ម រកឃើញថា ព្រៃឈើនៅទូទាំងប្រទេសសល់ប្រមាណ ៦០ភាគរយ ប៉ុន្តែបច្ចុប្បន្ន លោក អ៊ូច ឡេង សង្កេតឃើញថា គម្របព្រៃឈើនៅសល់ប្រមាណ ២០ភាគរយប៉ុណ្ណោះ៕

ប្រភព៖ RFA