ប្រជាពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែននៃខេត្តស្វាយរៀង នៅតែជួបប្រទះបញ្ហាប្រឈមស្ទើរគ្រប់វិស័យ ដូចជាផ្លូវថ្នល់ ប្រឡាយទឹក ភ្លើង មណ្ឌលសុខភាព និងតម្លៃកសិផលជាដើម។ ពួកគាត់ចង់ឃើញរដ្ឋាភិបាល អភិវឌ្ឍតំបន់ព្រំដែនដូចការសន្យា ដើម្បីស្ដារស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរជាងពេលបច្ចុប្បន្ន។

ប្រសិនបើយើងធ្វើដំណើរទៅតាមខ្សែបន្ទាត់ព្រំដែនដែលជាប់ប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ជាដើម ពេលនោះលោកអ្នកនឹងឃើញ ឬឮការត្អូញត្អែរពីភាពលំបាកលំបិនរបស់ប្រជាពលរដ្ឋខ្មែរថា ការអភិវឌ្ឍនៅតាមព្រំដែនកម្ពុជា មានការយឺតយ៉ាវខុសឆ្ងាយពីប្រទេសជិតខាង។

Loading...

នៅពេលនេះ យើងសូមរៀបរាប់តែស្ថានភាពរបស់ប្រជាពលរដ្ឋនៅសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង មួយប៉ុណ្ណោះ ដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្តែង។

បើនិយាយពីផ្លូវដែលឆ្ពោះទៅកាន់សង្កាត់ប្រាសាទ ដែលជាប់ព្រំដែនវៀតណាម នោះ យើងសង្កេតឃើញថា នៅរដូវប្រាំងផ្លូវមានច្រើន និងហុយដីហួសថ្លែង។ រីឯរដូវវស្សាវិញនោះ ផ្លូវនីមួយៗជាប់ផុងពិបាកធ្វើដំណើរ។

ប្រជាពលរដ្ឋនៅសង្កាត់ប្រាសាទ រៀបរាប់ថា ជាច្រើនឆ្នាំមកហើយដែលពួកគាត់ទ្រាំរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនបែបនេះ។ នៅសង្កាត់ប្រាសាទ នោះ គឺគ្មានមណ្ឌលសុខភាពនោះទេ។ ពេលឈឺម្តងៗ ពួកគាត់ត្រូវធ្វើដំណើរលើផ្លូវដ៏ពិបាកឆ្ពោះទៅកាន់មណ្ឌលសុខភាពនៅទីរួមស្រុកចន្ទ្រា ឬទៅកាន់ពេទ្យនៅក្រុងបាវិត ដែលមានចម្ងាយប្រមាណ ៨ ទៅ ៩គីឡូម៉ែត្រ៖ «»។

ថ្វីត្បិតតែសង្កាត់ប្រាសាទ ឋិតនៅក្នុងក្រុងបាវិត ក្តី តែប្រជាពលរដ្ឋហៅទីនោះថាមិនមែនជាទីក្រុងសម្រាប់មនុស្សនោះទេ គឺជាទីក្រុងគោ ឬក្រុងក្របី។ ក្រៅតែពិបាករឿងផ្លូវធ្វើដំណើរ និងមណ្ឌលសុខភាពនោះ ប្រជាពលរដ្ឋឲ្យដឹងដែរថា ពួកគាត់គ្មានភ្លើងប្រើប្រាស់នោះទេ បើទោះបីជាពួកគាត់ថាបង្គោលភ្លើង ត្រូវបានគេបោះឆ្លងកាត់សង្កាត់ប្រាសាទ ពីរបីឆ្នាំទៅហើយក្តី។ រីឯប្រឡាយទឹកវិញ ក៏គ្មានសម្រាប់ធ្វើកសិកម្មដូចជាប្រទេសវៀតណាម ដែលមានផ្លូវ ភ្លើង ប្រឡាយទឹករត់ខ្វាត់ខ្វែងនោះ៖ «»។

ប្រជាពលរដ្ឋមានចម្ងល់ថា រដ្ឋាភិបាលហាក់គិតពីប្រយោជន៍គណបក្សច្រើនជាងជោគវាសនាប្រទេសជាតិ និងប្រជាជនទៅទៀត។

ប្រជាពលរដ្ឋខ្មែររស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នោះរៀបរាប់ថា ភាគច្រើនពួកគាត់ខ្ចីលុយពីធនាគារ ឬអង្គការផ្សេងៗដើម្បីទិញគោទិញក្របីចិញ្ចឹម គ្រាន់បានធំធាត់យកទៅលក់ក្រែងបានប្រាក់សម្រាប់ដោះស្រាយជីវភាព។ ពលរដ្ឋមួយចំនួនផ្សេងទៀត ដើររើសអាចម៍គោអាចម៍ក្របីលក់ឲ្យវៀតណាម ហើយអ្នកខ្លះទៀតក៏ក្លាយជាកម្មករស៊ីឈ្នួលឲ្យជនជាតិវៀតណាម។

ចំណែកយុវជនពេញកម្លាំងភាគច្រើន បានបោះបង់ការសិក្សា ហើយចូលធ្វើការរោងចក្រ និងកាស៊ីណូនៅក្រុងបាវិត ហើយផ្សេងទៀតឡើងមកភ្នំពេញដើម្បីធ្វើការសំណង់ និងនៅតាមរោងចក្រដែរ។ នៅតាមបណ្តោយព្រំដែននោះ មិនសូវមានពលរដ្ឋខ្មែរធ្វើស្រូវប៉ុន្មានឡើយ ដោយសារពួកគាត់គ្មានដើមទុន គ្មានប្រឡាយទឹក និងបច្ចេកទេសជាដើម ហើយម្យ៉ាងទៀត ពួកគាត់ធ្លាប់មានបទពិសោធន៍ធ្វើកសិកម្មមិនទទួលបានផលចំណេញ៖ «»។

ពេលនេះជាងពាក់កណ្ដាលអាណត្តិទី៥ ទៅហើយ តែប្រជាពលរដ្ឋរស់នៅសង្កាត់ប្រាសាទ ក្រុងបាវិត លើកឡើងថា ពួកគាត់មិនទាន់ឃើញមានការអភិវឌ្ឍនៅតាមព្រំដែនដូចគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនឡើយ៖ «»។

បើនិយាយពីសាលាសង្កាត់ដែលជាកន្លែងផ្តល់សេវាជូនប្រជាពលរដ្ឋវិញនោះ ក៏តូចជាងជាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅក្បែរគ្នានោះទៅទៀត។ មានពេលខ្លះ ដោយសាលាសង្កាត់តូចចង្អៀតពេក ចៅសង្កាត់ក៏ប្រើប្រាស់កន្លែងទីស្នាក់ការបក្សបណ្ដោះអាសន្នម្តងម្កាលដែរ។

ចៅសង្កាត់ប្រាសាទ លោក កែវ ឈាន ទទួលស្គាល់ថា សង្កាត់របស់លោកមានការអភិវឌ្ឍយឺតយ៉ាវ ហើយថ្នាក់លើតែងតែសន្យាជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងមណ្ឌលសុខភាពតាមការស្នើសុំរបស់លោកដែរ ប៉ុន្តែមិនទាន់ដឹងថា ពេលណាទើបចាប់ផ្តើមធ្វើនោះទេ។ លោកថា សូម្បីតែសាលាសង្កាត់ដ៏តូចនោះ ក៏លោកជាអ្នកសុំជំនួយពីសប្បុរសជិតឆ្ងាយកសាងដែរ បន្ទាប់ពីគម្រោងជួយកសាងសាលាសង្កាត់ពីសំណាក់រដ្ឋាភិបាលបានបាត់ទៅវិញ៖ «»។

លោក កែវ ឈាន ឲ្យដឹងដែរថា សង្កាត់របស់លោកឆ្នាំនេះទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ច ជាង ១០០លានរៀលសម្រាប់ប្រើប្រាស់រយៈពេល ១ឆ្នាំ ហើយក្នុងនោះបែងចែកសម្រាប់ធ្វើផ្លូវអស់ ៥៤លានរៀល។ លោកចៅសង្កាត់រូបនេះបន្ថែមថា លោកក៏មានបំណងអភិវឌ្ឍតំបន់ព្រំដែនឲ្យបានរឹងមាំដែរ ប៉ុន្តែសង្កាត់ប្រាសាទ នៅពុំទាន់មានលទ្ធភាពនោះទេ។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីការការពារព្រំដែនរបស់កម្ពុជា នៅក្នុងវេទិកាស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ។ លោក ហ៊ុន សែន ឲ្យដឹងថា លោកទើបតែចុះហត្ថលេខាអនុញ្ញាតឲ្យមានការអភិវឌ្ឍផ្លូវតាមខ្សែក្រវាត់ព្រំដែនភាគខាងកើត។ លោកបន្តថា ការរៀបចំឲ្យប្រជាពលរដ្ឋរស់នៅបានសមរម្យតាមទល់ដែន គឺជាយុទ្ធសាស្ត្រការពារមួយដែលលោកថា តែងតែប្រាប់ដល់ថ្នាក់ដឹកនាំខេត្ត៖ «»។

ចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ទៅលើការពង្រាយប្រជាជន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែននេះ ត្រូវបានប្រជាពលរដ្ឋ និងសង្គមស៊ីវិលស្វាគមន៍ជាថ្មី ប៉ុន្តែពួកគេចង់ឃើញមានការអនុវត្តជាក់ស្តែងច្រើនជាងនិយាយ។

មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា គោលនយោបាយរបស់រដ្ឋាភិបាលមានអភិបាលកិច្ចល្អ ប៉ុន្តែគ្មានការអនុវត្តជាក់ស្តែងនៅតាមព្រំដែនឡើយ។ លោកស្នើឲ្យរដ្ឋាភិបាលមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការអភិវឌ្ឍព្រំដែន គឺមិនមែនមានតែនៅលើបបូរមាត់ និងនៅលើក្រដាសនោះទេ៖ «»។

ការអភិវឌ្ឍព្រំដែនយឺតយ៉ាវ គឺជាបញ្ហាមួយដែលមនុស្សភាគច្រើនចាត់ទុកថាជាចំណុចខ្សោយមួយរបស់កម្ពុជា ក្នុងការការពារទឹកដីរបស់ខ្លួនពីការរំលោភបំពានពីប្រទេសជិតខាង។ ការមិនសូវអើពើពីសំណាក់រដ្ឋាភិបាលទៅកាន់ប្រជាជននៅតាមព្រំដែន រឹតតែធ្វើឲ្យពលរដ្ឋនៅតាមព្រំដែនធ្វើចំណាកស្រុកចេញពីតំបន់ព្រំដែនកាន់តែច្រើន ដើម្បីស្វែងរកការងារនៅកន្លែងផ្សេង ដែលធ្វើឲ្យតំបន់ព្រំដែនក្លាយជាតំបន់គ្មានពលរដ្ឋខ្មែររស់នៅច្រើន។ ការមិនយកចិត្តទុកដាក់អភិវឌ្ឍតាមតំបន់ព្រំដែន ដូចជាប្រព័ន្ធធារាសាស្ត្រជាដើម កន្លងមកបានបង្ខំឲ្យពលរដ្ឋខ្មែរមួយចំនួនជួលដីស្រែរបស់ខ្លួនទៅឲ្យពលរដ្ឋវៀតណាម ដែលប្រការនេះធ្វើឲ្យមានការបារម្ភពីការបាត់បង់ទឹកដីខ្មែរនៅថ្ងៃខាងមុខ។

អង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា ដើម្បីឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមព្រំដែនអាចធ្វើការអភិវឌ្ឍបម្រើប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធភាពនោះ ក្រុមប្រឹក្សាឃុំ-សង្កាត់គួរតែបោះឆ្នោតចេញពីបុគ្គលមិនពាក់ព័ន្ធនឹងបក្សនយោបាយ គឺជាបុគ្គលដែលមានសមត្ថភាព និងមានទំនាក់ទំនងល្អជាមួយពលរដ្ឋ។ អំណាចមួយចំនួនគួរឯករាជ្យ និងហិរញ្ញវត្ថុមួយផ្នែកណាមួយ ក៏ត្រូវឯករាជ្យដោយខ្លួនឯង ហើយរដ្ឋាភិបាលត្រូវផ្តល់កញ្ចប់ថវិកាពិសេសបន្ថែម និងលើកទឹកចិត្តតាមរយៈការប្រឡងប្រណាំងភូមិ-ឃុំស្អាតជាដើម៕

ប្រភព៖ RFA