ភ្នំពេញៈ កូនស្រីរបស់មេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានអះអាងថាឪពុករបស់កញ្ញានឹងមិនចូលខ្លួនទៅកាន់តុលាការសម្រាប់សវនាការជំនុំជម្រះនៅខែក្រោយនោះទេដោយសារតែសវនាការជំនុំជម្រះនេះវាផ្ទុយទៅនឹងនីតិវិធីច្បាប់ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិចូលរួមធ្វើការតស៊ូមតិប្រឆាំងនឹងការសម្រេចរឿងក្តីដូច «បាយឡុកបាយឡ» នេះ។

ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានព្រមានថាដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនឹងត្រូវចេញបន្ទាប់ពីសវនាការជំនុំជម្រះនៅខែក្រោយហើយថាទោះបីជាលោក កឹម សុខា មិនចូលខ្លួននៅក្នុងសវនាការជំនុំជម្រះក៏ដោយវាមិនមែនជាឧបសគ្គសម្រាប់សវនាការជំនុំជម្រះនោះទេ។

Loading...

ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងទីក្រុងឡូវែលសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យកញ្ញា កឹម មនោវិទ្យា ដែលជាអគ្គនាយករងផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ទៅអ្នកគាំទ្រថាសវនាការជំនុំជម្រះនៅថ្ងៃទី ៩ ខែកញ្ញារបស់សាលាដំបូងរាជធានីភ្នំពេញប្រឆាំងនឹងឪពុករបស់កញ្ញាគឺវាមិនយោងទៅតាមច្បាប់នោះទេដែលសវនាការជំនុំជម្រះនេះវាផ្ទុយទៅនឹងនីតិវិធីដោយសារតែករណីនេះត្រូវបានក្រុមមេធាវីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសវនាការនេះរួចហើយម្យ៉ាងវិញទៀតឪពុករបស់នាងគឺជាតំណាងរាស្ត្រដែលការពារដោយអភ័យឯកសិទ្ធិសភា។

នាងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមតស៊ូមតិ និងធ្វើការប្រឆាំងតវ៉ាទៅនឹងការសម្រេចរបស់តុលាការនេះ។

កញ្ញាក៏បានបន្ថែមទៀតថា ករណីរបស់លោក កឹម សុខា និង ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាដូច្នេះបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការឪពុករបស់នាង និងលោក សម រង្ស៊ី មានហានិភ័យក្នុងការជាប់ពន្ធនាគារ។

កញ្ញា មនោវិទ្យា ថ្លែងថា៖ «ប្រសិនបើលោកប្រធាន សម រង្ស៊ី វិលត្រឡប់មកវិញនោះប្រាកដណាស់លោកនឹងត្រូវជាប់ពន្ធនាគារ។ ករណីរបស់ប្រធានាស្តីទីគណបក្សសង្គ្រោះជាតិក៏ដូចគ្នាដែរព្រោះអ្វីដែលគេបានប្តឹងគាត់គឺដូចបាយឡុកបាយឡ។ អ្វីដែលគេបានប្តឹងវាមិនមែនជាករណីបរិហារកេរ្តិ៍ទេករណីបរិហារកេរ្តិ៍ត្រូវបានគេទុកចោល។ ឥឡូវនេះគេបានបង្កើតវាទៅជាបទល្មើសជាក់ស្តែងវិញដោយចោទប្រកាន់ពីបទបដិសេធមិនចូលខ្លួន»។

កញ្ញាបាននិយាយថា៖ «វាមិនសំខាន់ថាបទល្មើសអ្វីដែលគេប្តឹងនោះទេ។ នៅពេលដែលគេចង់ចាប់គឺគេចាប់។ គេនឹងបង្កើតរឿងដើម្បីចោទប្រកាន់។ ប្រសិនបើគេចង់ចាប់ដាក់ពន្ធនាគារនោះគេនឹងបង្កើតរឿងដើម្បីចាប់ដាក់ពន្ធនាគារ»។

ដើម្បីការពារលោក សម រង្ស៊ី និងលោក កឹម សុខា ពីការចាប់ខ្លួនកញ្ញា មនោវិទ្យា បានថ្លែងប្រាប់អ្នកគាំទ្រថាមានវិធីពីរយ៉ាងដើម្បីបញ្ឈប់ការកាត់ទោសនេះគឺសមាជិករបស់គណបក្សសង្គ្រោះជាតិត្រូវតែចូលរួមតស៊ូមតិជាមួយសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋប៉ុន្តែការតស៊ូមតិ ឬការប្រឆាំងតវ៉ាគឺត្រូវធ្វើឡើងដោយអហិង្សា។

កញ្ញាក៏បានចង្អុលបង្ហាញផងដែរពីស្ថានភាព កាលពីខែឧសភាកន្លងទៅ ខណៈដែលលោក កឹម សុខា សម្ងំនៅក្នុងទីស្នាក់ការកណ្តាលគណបក្សប៉ូលិសបានប៉ុនប៉ងចាប់ខ្លួនលោក ប៉ុន្តែមានប្រជាពលរដ្ឋជាច្រើនបានប្រមូលផ្តុំគ្នានៅពីមុខទីស្នាក់ការដើម្បីការពារមិនឲ្យមានការចាប់ខ្លួនភ្លាមៗនោះអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានដកថយទៅវិញ។

ប៉ុន្តែអ្នកនាំពាក្សក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឱ្យដឹងថាទោះបីជាលោក កឹម សុខា មិនចូលខ្លួនទៅកាន់សវនាការជំនុំជម្រះក៏ដោយវាមិនមែនជាឧបសគ្គសម្រាប់សវនាការជំនុំជម្រះនោះទេគឺតុលាការនៅតែអាចបន្តនីតិវិធីបាន។

លោកបានព្រមានថា បន្ទាប់ពីតុលាការសម្រេចលើករណីនោះហើយដីកាចាប់ខ្លួននឹងត្រូវចេញសម្រាប់មេដឹកនាំគណបក្សប្រឆាំងទាំងពីរហើយថាការតស៊ូមតិ ឬការតវ៉ាត្រូវតែស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់បើមិនដូច្នេះទេការតវ៉ានោះនឹងមិនអាចទទួលយកបានទេ។

លោក ម៉ាលីន បានបញ្ជាក់ថា៖ «ដូច្នេះវិធីប្រើប្រាស់កម្លាំងរបស់សាធារណជន ឬការដាក់សម្ពាធណាមួយនោះគឺជាយន្តការដែលនៅក្រៅច្បាប់។ ដូច្នេះយន្តការដែលនៅក្រៅច្បាប់ [យើង] មិនអាចទទួលយកបានទេនៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ។ [យើង] រង់ចាំមើលសេចក្តីសម្រេចរបស់តុលាការជាមុនសិន។ ប្រសិនបើតុលាការចេញសាលក្រមវិធានការបន្ទាប់គឺជាវិធានការអនុវត្តសាលក្រមរបស់អាជ្ញាធរមានសមត្ថកិច្ច»។

លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទបដិសេធមិនចូលខ្លួនបន្ទាប់ពីលោកបានបដិសេធលើដីកាកោះហៅលើកទីពីររបស់តុលាការនៅថ្ងៃទី ២៦ ខែឧសភាដែលបានកោះហៅលោកក្នុងនាមជាសាក្សីដើម្បីធ្វើការសាកសួរជុំវិញករណីចោទប្រកាន់ពីអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេចាត់ទុកថាជារឿងនយោបាយ។

ចំណែកលោក សម រង្ស៊ី ដែលបាននិរទេសខ្លួនទៅក្រៅប្រទេសត្រូវបានតុលាការចេញដីកាកោះហៅសម្រាប់សវនាការជំនុំជម្រះនៅថ្ងៃទី ២៥ ខែវិច្ឆិកាខាងមុខដោយលោកត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ និងបទញុះញង់ដែលជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាម។

អ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតបានថ្លែងថាមិនមានអ្វីចម្លែកទេសម្រាប់សវនាការជំនុំជម្រះរបស់តុលាការដែលមិនឯករាជ្យហើយលទ្ធផលនៃការកាត់ទោសនោះត្រូវបានគេដឹងជាមុនរួចហើយដោយវាបានធ្វើឱ្យបាត់បង់ទំនុកចិត្តហើយការប្រឆាំងតវ៉ាជំទាស់ទៅនឹងសវនាការជំនុំជម្រះលោក សម រង្ស៊ី និងលោក កឹម សុខា គឺវាមិនខុសច្បាប់ទេ។

លោក អ៊ូ វីរៈ បានថ្លែងបញ្ជាក់ថា៖ «ជាយុទ្ធសាស្រ្ត [គណបក្សកាន់អំណាច] ចង់ធ្វើឱ្យគណបក្សប្រឆាំងចុះខ្សោយ ឬបាក់បែក។ ដូច្នេះប្រសិនបើមានការចរចាប្រហែលជារឿងក្តីរបស់តុលាការនេះអាចត្រូវបញ្ចប់ព្រោះរឿងក្តីនេះគឺជារឿងនយោបាយ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍