ភ្នំពេញៈ មេបញ្ជាការយោធាជាន់ខ្ពស់បានព្រមានចាត់វិធានការលើលោក សម រង្ស៊ី និងលោក កឹម សុខា ប្រសិនមានបញ្ជាពីតុលាការពាក់ព័ន្ធនឹងសំណុំរឿងរបស់មេដឹកនាំគណបក្សប្រឆាំងទាំងពីររូបនេះ។

ក្នុងវីដេអូឃ្លីបមួយដែលបង្ហោះលើបណ្តាញសង្គមពីម្សិលមិញឧត្តមសេនីយ៍ផ្កាយបួនដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទបានជំរុញឲ្យលោក សម រង្ស៊ី និង លោក កឹម សុខា គោរពច្បាប់ដោយមកជាប់ពន្ធនាគារខណៈមេដឹកនាំគណបក្សប្រឆាំងទាំងពីររូបកំពុងហ៊ុមព័ទ្ធដោយសំណុំរឿងជាច្រើននៅតុលាការដែលលោក កឹម សុខា ត្រូវបានកោះហៅឲ្យចូលសវនាការនៅខែក្រោយហើយលោក សម រង្ស៊ី កោះឲ្យចូលសវនាការជំនុំជម្រះនៅខែវិច្ឆិកា។

Loading...

លោក គន់ គីម ប្រធានទីប្រឹក្សាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីដំបូងខឹងសមាជិកគណបក្សសង្គ្រោះជាតិព្រះអង្គម្ចាស់ធម្មិកោដែលរិះគន់ពីការដាក់តាំងរូបជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ និងរូបមេដឹកនាំគណបក្សប្រជាជនលោក ហ៊ុន សែន និងលោក ហេង សំរិន នៅទីបញ្ជាការដ្ឋានយោធាដោយមិនមានដាក់តាំងរូបព្រះមហាក្សត្រសីហមុនី ដែលជាអគ្គមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទមុនពេលលោក ខឹង រាលដាលដល់លោក សម រង្ស៊ី លោក កឹម សុខា ហើយរង់ចាំចាត់ការទៅលើអ្នកទំាងពីរនៅពេលមានបញ្ជាពីតុលាការ។

លោក គន់ គីម បានព្រមានព្រះអង្គម្ចាស់ធម្មិកោជាអតីតលេខាផ្ទាល់របស់ព្រះមហាក្សត្រថា៖ «…ប៉ុន្តែចំពោះអ្នកឯងមួយជាស្ដេចធ្វើនយោបាយខ្ញុំមិនស្តាប់អ្នកឯងទេហើយខ្ញុំមិនគោរពអ្នកឯងទេហើយខ្ញុំក៏មិនធ្វើតាមអ្នកឯងដែរ។ អ្នកត្រូវតែយល់ឲ្យច្បាស់។ កុំព្រហើនជាមួយទ័ព»។

លោក គន់ គីម បានបន្តថា៖ «ប្រសិនបើលោក កឹម សុខា និងលោក សម រង្ស៊ី ជាទណ្ឌិត និងជាអ្នកទោសត្រូវតែចូលខ្លួនឲ្យគេចាប់ដើម្បីកាត់ទោសទៅតាមច្បាប់»។ «ច្បាប់មិនអនុញ្ញាតឲ្យអ្នកធ្វើជ្រុលត្រូវតែគោរពច្បាប់។ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវអនុវត្តច្បាប់ពីព្រោះខ្ញុំជាអ្នកអនុវត្តច្បាប់កងប្រដាប់អាវុធការពាររដ្ឋាភិបាលឲ្យតែមានបញ្ជាខ្ញុំត្រូវតែអនុវត្តខ្ញុំត្រូវតែការពាររដ្ឋាភិបាល»។

ពាក់ព័ន្ធនឹងការដាក់តាំងរូបភាពមេដឹកនាំគណបក្សប្រជាជនកម្ពុជានៅបញ្ជាការដ្ឋានយោធា លោក គន់ គីម បានបញ្ជាក់ឲ្យដឹងថាជាធម្មតាយោធាអព្យាក្រឹតចំពោះគណបក្សនយោបាយប៉ុន្តែយោធាមិនអាចអព្យាក្រឹតចំពោះរដ្ឋាភិបាលទេដោយសារយោធាត្រូវបានគាំទ្រ និងយកចិត្តទុកដាក់ដោយរដ្ឋាភិបាល និងបានរំដោះប្រទេសពីខ្មែរក្រហមនៅថ្ងៃទី ១ មករា ១៩៧៩ ដូច្នេះពួកគេមានសិទ្ធិដាក់តាំងរូបភាពប្រមុខរដ្ឋាភិបាល ឬមេដឹកនាំគណបក្សកាន់អំណាចហើយព្រះមហាក្សត្រក៏ត្រូវបានគោរពដោយយោធាផងដែរ។

អ្នកនាំពាក្យ និងមន្រ្តីគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

នៅពេលទាក់ទងពីម្សិលមិញព្រះអង្គម្ចាស់ធម្មិកោបានបដិសេធដោយមិនឆ្លើយតបទៅលោក គន់ គីម ទេដោយមានបន្ទូលថាទុកឲ្យមតិជាតិ និងសាធារណជនវាយតម្លៃ។

ព្រះអង្គម្ចាស់ធម្មិកោបានបន្តថា៖ «ការយល់ឃើញរបស់ខ្ញុំកងយោធពលខេមរភូមិន្ទកម្ពុជាស្ថិតនៅក្រោមព្រះមហាក្សត្រហើយរាល់ស្ថាប័នជាតិទាំងអស់គឺស្ថិតនៅក្រោមព្រះមហាក្សត្រត្រូវដាក់រូបព្រះមហាក្សត្រ»។ «ខ្ញុំគ្រាន់តែស្នើឲ្យគណបក្សប្រជាជនកែរដ្ឋធម្មនុញ្ញ។ កុំដាក់ព្រះមហាក្សត្រជាអគ្គមេបញ្ជាការកំពូលដាក់តែ [គណបក្សប្រជាជនកម្ពុជា]»។

នៅថ្ងៃទី ២ កញ្ញា លោក កឹម សុខា ត្រូវកោះហៅចូលសវនាការដោយតុលាការកំពូលលើករណីដែលមេធាវីរបស់លោកបានប្តឹងទៅតុលាការកំពូលកាលពីថ្ងៃទី ៤ សីហាដោយស្នើសុំច្រានចោលសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍បន្ទាប់ពីតុលាការទាំងពីរនេះមិនបានបំពេញកាតព្វកិច្ចដើម្បីស្នើសុំសភាព្យួរអភ័យឯកសិទ្ធិរបស់លោក កឹម សុខា មុនពេលកោះហៅលោក កឹម សុខា សាកសួរ និងការប្តឹងមួយទៀតគឺសុំឲ្យតុលាការកំពូលពិចារណាឡើងវិញចំពោះលិខិតក្រុមមេធាវីដែលបានជម្រាបអំពីករណីលោក កឹម សុខា មិនអាចចូលបំភ្លឺនៅតុលាការដែលសំណើទាំងនេះត្រូវបានច្រានចោលដោយតុលាការថ្នាក់ក្រោមទាំងពីរ។

មេធាវីរបស់លោក កឹម សុខា លោកស្រី ម៉េង សុភារី បានថ្លែងថា៖ «នោះហើយជាមូលហេតុដែលខ្ញុំប្តឹងទៅតុលាការកំពូលហើយតុលាការកំពូលទើបតែកោះហៅ [លោក កឹម សុខា ចូលសវនាការនៅថ្ងៃទី ២ កញ្ញា]»។

លោកស្រីថាលោកស្រីមិនប្រាកដថាអាចទៅការពារលោក កឹម សុខា នៅតុលាការកំពូលឬអត់ទេដោយបានថ្លែងថាបើលោកស្រីមិនរវល់លោកស្រីនឹងទៅការពារលោក កឹម សុខា។

ឧត្តមសេនីយ៍ផ្កាយបួនលោក គន់ គីម និងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីម្សិលមិញ។

ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃឧត្តមសេនីយ៍ផ្កាយបួនលោក ខៀវ សុភ័គ បានយល់ស្របជាមួយលោក គន់ គីម ដោយថ្លែងថាកងប្រដាប់អាវុធ នគរបាល និងកងរាជអាវុធហត្ថ និងយោធាអាចអនុវត្តច្បាប់ជាមួយគ្នាប្រសិនបើមានបញ្ជាពីតុលាការ។ លោកថា៖ «ពីព្រោះតុលាការមិនមានកម្លាំងចាប់ទេមានតែច្បាប់តាមច្បាប់នគរបាលយុត្តិធម៌អនុវត្តទៅតាមដីកា»។

លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាថ្លែងថាការនិយាយរបស់លោក គន់ គីម មិនខុសទេដោយសារយោធាក៏ត្រូវបានបញ្ជាដោយតុលាការផងដែរ។

លោកបានបន្តថា៖ «នៅពេលណាមួយតុលាការក៏អាចស្នើសុំកម្លាំងយោធាហៅកម្លាំងសាធារណៈប្រសិនចាំបាច់»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍