ប្រទេសកូរ៉េខាងជើងអាចឋិតក្នុងមុខសញ្ញាជាប្រទេសផ្គត់ផ្គង់លក់សព្វាវុធកាំជ្រួចមីស៊ីល និងអាវុធបរមាណូទៅឲ្យក្រុមភេរវកម្មអ៊ីស្លាមបំបែករដ្ឋ (ISIS) ក្នុងករណីក្រុម ISIS មានប្រាក់គ្រប់គ្រាន់បញ្ជាទិញសព្វាវុធពីកូរ៉េខាងជើង ។

សារព័ត៌មាន Daily Star បានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ឲ្យដឹងថា កូរ៉េខាងជើងបច្ចុប្បន្ន មានកាំជ្រួចមីស៊ីល និងគ្រាប់បែកបរមាណូ ហើយអាចលក់ឲ្យទៅភាគីណាមួយដែលត្រូវការទិញ ដែលក្នុងនោះក៏អាចមានក្រុមភេរវកម្ម ISIS ផងដែរ ។

Loading...

លោក Kyle Orton អ្នកឯកទេសវិភាគយុទ្ធសាស្ដ្រយោធានៅតំបន់មជ្ឈិមបូព៌ាបានបញ្ជាក់ឲ្យដឹងថា កូរ៉េខាងជើងធ្លាប់បានលក់អាវុធបរមាណូទៅឲ្យប្រទេសអ៊ីរ៉ាក់ក្នុងសម័យអតីតលោក Saddam Hussein កាន់កាប់អំណាច ធ្វើឲ្យប្រទេសអ៊ីរ៉ាក់កាលនោះទទួលបានការផ្គត់ផ្គង់កាំជ្រួចមីស៊ីល និងបច្ចេកវិទ្យាបរមាណូពីកូរ៉េខាងជើង ។ ប៉ុន្តែ អតីតមេដឹកនាំអ៊ីរ៉ាក់ Saddam Hussein ត្រូវបានអាមេរិក និងសម្ព័ន្ធមិត្តកម្ទេចទាន់ពេលវេលា ។

អ្នកឯកទេសវិភាគយុទ្ធសាស្ដ្រយោធា Kyle Orton បានលើកឡើងឲ្យដឹងទៀតថា កូរ៉េខាងជើងអាចលក់នូវសព្វាវុធគ្រប់ប្រភេទដែលខ្លួនមានទៅឲ្យអតិថិជន មិនសំដៅថាមកពីភាគីណានោះទេ ឲ្យតែអ្នកបញ្ជាទិញមានប្រាក់គ្រប់ចំនួនតាមការព្រមព្រៀង ។

ប្រទេសកូរ៉េខាងជើងបានឋិតនៅក្នុងបញ្ជីខ្មៅរបស់មហាអំណាចអាមេរិកតាំងពីអំឡុងឆ្នាំ១៩៨៨ ជាប្រទេសដែលគាំទ្រក្រុមភេរវកម្ម ។

ដោយឡែក សារព័ត៌មាន AP ធ្លាប់បានដកស្រង់ប្រភពព័ត៌មានពីក្រុមចារកម្មអ៊ីរ៉ាក់ និងអាមេរិក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅឲ្យដឹងថា ក្រុមអ៊ីស្លាមបំបែករដ្ឋ ISIS មានបង្កើតសាខាទីតាំងសម្ងាត់ពិសេសក្នុងគោលដៅផលិតអាវុធគីមីសាស្ដ្រ ដោយប្រើប្រាស់អ្នកវិទ្យាសាស្ដ្ររបស់ប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលប្រភពព័ត៌មានចារកម្មនេះ ដូចគ្នាទៅនឹងការប្រកាសរបស់លោកនាយករដ្ឋមន្ដ្រីបារាំងនាពេលកន្លងមកថា ក្រុមភេរវកម្ម ISIS អាចនឹងប្រើប្រាស់អាវុធគីមីវាយប្រហារនៅពេលអនាគត ។

ក្រុមមន្ដ្រីចារកម្មអាមេរិកបានបញ្ជាក់ឲ្យដឹងថា ការគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ នឹងក្លាយជាឱកាសអាចជួយដល់ក្រុមភេរវកម្ម ISIS ធ្វើការសាកល្បងអាវុធប្រល័យលោកបានយ៉ាងងាយស្រួលបំផុត ខណៈកងកម្លាំងទាហានអ៊ីរ៉ាក់បានទទួលការបែងចែកនូវរបាំងមុខការពារជាតិពុលពីអាវុធគីមីរួចរាល់ហើយ ដើម្បីបង្ការទប់ស្កាត់ចំពោះការវាយប្រហារណាមួយជាយថាហេតុពីក្រុមភេរវកម្ម ISIS ៕