ណាននីងៈ ប្រទេសចិនសន្យាបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលជាការតបស្នងចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រនយោបាយចិននៅក្នុងតំបន់ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ នេះបើតាមមន្ត្រីរដ្ឋាភិបាលចិន។

ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទពិព័រណ៍អាស៊ាន ចិន លើកទី ១៣ (CAEXPO) កាលពីថ្ងៃពុធនៅក្នុងខេត្តណាននីង។

Loading...

លោក Wang Lei អគ្គលេខាធិការនៃលេខាធិការដ្ឋាន CAEXPO បានឲ្យដឹងថា៖ «លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាសន្យាថាលោកនឹងបន្តគាំទ្រគំនិតផ្ដួចផ្ដើមរបស់យើងសម្រាប់អាស៊ានដែលរួមទាំងផ្លូវសូត្រសមុទ្រ»។ លោកបន្តថា៖ «កម្ពុជាផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ពួកយើង»។

ជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាលោក Wang Lei ថាប្រទេសចិននឹងបង្កើនការវិនិយោគយ៉ាងខ្លាំងនៅក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជាពិសេសតាមរយៈការជំរុញឲ្យក្រុមហ៊ុនចិនមកបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) របស់កម្ពុជា។

ចិនគឺជាវិនិយោគិនធំជាងគេនៅកម្ពុជាដែលមានរហូតដល់ ៤៤ ភាគរយនៃវិនិយោគផ្ទាល់ពីបរទេសសរុប ១៩,២ ពាន់លានដុល្លារពីចន្លោះឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៤។ នេះបើយោងតាមការអង្កេតពី FDI ដែលធ្វើឡើងដោយធនាគារជាតិកម្ពុជា និងវិទ្យាស្ថានស្ថិតិជាតិ។

លោក ជា វុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជំរុញឲ្យក្រុមហ៊ុនចិនកាន់តែច្រើនចូលមកកម្ពុជាក្នុងអំឡុងការធ្វើបទបង្ហាញកាលពីដើមសប្ដាហ៍នេះ។ លោកបានបញ្ជាក់ថា៖«ខ្ញុំបានផ្ដល់អនុសាសន៍ថាក្រុមហ៊ុនចូលមកកម្ពុជាដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រាក់ដែលប្រទេសរបស់អ្នកបានវិនិយោគរួចហើយ»។

លោកក៏បានបញ្ជាក់ពីការលើកទឹកចិត្តពន្ធដល់វិនិយោគិនដែលចូលមកក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាផងដែរ ដែលមានការលើកលែងពន្ធរហូតដល់ ៩ ឆ្នាំខណៈកម្ពុជាក៏ទទួលបានការលើកលែងពន្ធពីសហភាពអឺរ៉ុបផងដែរ។

លោកបានបន្តថា៖ «ប្រសិនបើអ្នកចូលមកកម្ពុជា និងផលិតសម្រាប់ទីផ្សារក្នុងស្រុកអ្នកនឹងទទួលបានការលើកលែងពន្ធលើការនាំចូលវត្ថុធាតុដើម។ បើអ្នកផលិតជាអន្តរជាតិប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អដោយសារតែជាប្រទេសមានការអភិវឌ្ឍតិចតួចបំផុត»។

លោក Wu Tongdiao អគ្គនាយករងការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថាលោកសង្ឃឹមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ចិន នឹងត្រូវបានធ្វើបច្ចុប្បន្នភាពឆាប់ៗនេះដើម្បីដាក់បញ្ចូលសម្រាប់ប្រទេសជាសមាជិកអាស៊ានទាំង ១០។

លោកក៏បានជំរុញឲ្យប្រទេសកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា អភិវឌ្ឍកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់ពាណិជ្ជកម្មជាមួយប្រទេសចិនផងដែរ។

លោកថ្លែងថា៖ «កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែននឹងពង្រឹងសមត្ថភាពរបស់យើងក្នុងការវិនិយោគនៅក្នុងក្រុមប្រទេស CLMV»។

លោក Ding Yuanlong អគ្គលេខាធិការរងនៃលេខាធិការដ្ឋានកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងការវិនិយោគចិនអាស៊ានបានឲ្យដឹងថាប្រទេសចិនបានប្ដេជ្ញាចិត្តវិនិយោគនៅក្នុងក្រុមប្រទេស CLMV។

លោកបានលើកឡើងថា៖ «យើងបានពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាអំពីការបង្កើនហេដ្ឋារចនាសម្ព័ន្ធសមត្ថភាពផលិតកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការសម្រេចបានការតភ្ជាប់ឲ្យកាន់តែប្រសើរ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍