ដំណោះស្រាយ លើបញ្ហាធ្លាក់ចុះនៃតម្លៃស្រូវយ៉ាងគំហុកនោះបានវិវដ្ដមួយកម្រិតទៀតហើយគឺរដ្ឋាភិបាលគ្រោងនឹងទម្លាក់កញ្ចប់ថវិកាចន្លោះពី២០ទៅ៣០លានដុល្លារដើម្បីទិញស្រូវពីប្រជាពលរដ្ឋ។ នេះបើយោងទៅលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ស្ដីពីការប្រមូលទិញស្រូវ អង្ករសម្រាប់ការនាំចេញ ទៅកាន់ទីផ្សារអន្តជាតិ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ នាក្រសួងពាណិជ្ជកម្ម។

តាមគម្រោងនៅសប្ដាហ៍ក្រោយរដ្ឋាភិបាល នឹងទម្លាក់កញ្ចប់ថវិកាប្រមាណ ២០ទៅ៣០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើម្បីទិញស្រូវប្រជាពលរដ្ឋ ខណៈតម្លៃស្រូវនៅពេលនេះ កំពុងមានការធ្លាក់ចុះយ៉ាងគំហុក។ កញ្ចប់ថវិកា ២០ទៅ ៣០លានដុល្លារនេះគ្រាន់តែជាចំនួនទឹកប្រាក់មួយបណ្ដោះអាសន្នប៉ុណ្ណោះ ពោលគឺចំនួនទឹកប្រាក់ផ្លូវការនឹងត្រូវបង្ហាញជាសាធារណៈបន្ទាប់ពីមានចំណារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

Loading...

សូមបញ្ជាក់ថា គម្រោងនៃការទម្លាក់កញ្ចប់ថវិការបស់រដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពី ធនាគារស្រូវបានប្រកាសទិញស្រូវពីកសិករដែលជាប្រភេទស្រូវសែនក្រអូបសើម ក្នុងតម្លៃ៨៤០ រៀលស្មើនឹង៧បាតប្រាក់ថៃក្នុងមួយគីឡូក្រាមពីកសិករផ្ទាល់នៅនឹងស្រែក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និង បន្ទាយមានជ័យ។ ធនាគារស្រូវទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនិងទប់ស្កាត់ការធ្លាក់តម្លៃស្រូវសែនក្រអូបនាពេលបច្ចុប្បន្ន។

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងភាគីពាក់ព័ន្ធដទៃទៀតកាលពីថ្ងៃទី ១៥ កញ្ញាបានចុះពន្យល់កសិករឲ្យឈប់លក់ស្រូវសែនក្រអូបសើមក្នុងតម្លៃក្រោម ៨៤០រៀលស្មើនឹង៧បាតក្នុងមួយគីឡូ។ កសិករគួរតែលក់ក្នុងតម្លៃចាប់ពី ៨៤០ រៀលស្មើនឹង៧បាតឡើងទៅ។

ការចុះទៅពន្យល់ដល់កសិករនេះធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មនៅថ្ងៃទី១២កញ្ញាបានចេញវិធានការទប់ស្កាត់ការប្រមូលទិញកសិផលពីកសិករក្នុងតម្លៃថោក។ ជាការទប់ស្កាត់ ដើម្បីរក្សាស្ថិរភាពតម្លៃកសិផល ពិសេសថ្លៃស្រូវ ដែលតែងតែកើតឡើងក្រោយពេលប្រមូលផល។

ដោយសារតែតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុកបែបនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សុខនក៏បានចេញសូមទោសចំពោះប្រជាពលរដ្ឋដែលក្រសួងកន្លងមកមិនបានដោះស្រាយទាន់ពេលវេលា នូវរាល់កង្វល់ទាក់ទងទៅនឹងក្រុមឈ្មួញបន្ទាប តម្លៃកសិផលដែលបានកើតឡើង។ ព្រោះការងារនេះមានការជាប់ពាក់ព័ន្ធទៅនឹងវិស័យឯកជន ដែលត្រូវធ្វើការពិនិត្យនឹងដោះស្រាយរួមគ្នា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានចាត់ឲ្យ ក្រុមការងារតាមដាន និងដោះស្រាយបញ្ហាប្រឈមលើផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផល ពិនិត្យនិងដោះស្រាយនូវរាល់កង្វល់របស់ពលរដ្ឋដែលបានជួបប្រទះ៕

ប្រភព៖ RFI