ក្រសួងអប់រំ យុវជន និងកីឡាឲ្យដឹងថាពីមួយឆ្នាំទៅមួយឆ្នាំ និស្សិតកម្ពុជាដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅតែប្រឈមនឹងភាពអត់ការងារធ្វើ។ បញ្ហានេះបណ្ដាលមកពីនិស្សិតភាគច្រើនជ្រើសរើសរៀនតែមុខជំនាញសេដ្ឋកិច្ច និងធុរកិច្ច ដោយមិនសូវចាប់អារម្មណ៍រៀនជំនាញបច្ចេកទេស។ ទន្ទឹមគ្នានេះ អ្នកជំនាញអប់រំ បានផ្ដល់អនុសាសន៍៥ចំណុចដល់សិស្សទើបជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប (BacII) ដើម្បីអោយពួកគេគេចចេញពីភាពអត់ការងារធ្វើក្រោយបញ្ចប់ការសិក្សា។

អ្នកជំនាញខាងអប់រំលើកឡើងថា ដើម្បីកាត់បន្ថយភាពមិនស៊ីសង្វាក់គ្នារវាងការអប់រំ និងតម្រូវការការងារចាំបាច់ត្រូវផ្ដើមចេញពីការសម្រេចចិត្តរបស់សិស្សជ្រើសរើសមុខវិជ្ជា ឬសិក្សាជំនាញបានត្រឹមត្រូវ។

ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី «ការតម្រង់ទិសលើមុខជំនាញថ្នាក់ឧត្ដមសិក្សាសម្រាប់សិស្សជាប់បាក់ឌុប និងការងារ» ប្រចាំឆ្នាំ២០១៦ ដែលរៀបចំឡើងនាថ្ងៃទី១៧ ខែ កញ្ញា។ កម្មវិធីនេះមានគោលបំណងផ្ដល់ចំណេះដឹងដល់សិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាប័ត្រទុតិយភូមិ ឬបាក់ឌុប ដើម្បីរៀបចំដំណើរជីវិតឲ្យបានត្រឹមត្រូវ។

ថ្លែងទៅកាន់អ្នកចូលរួមជិត៤០០នាក់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា បញ្ហាប្រឈមដែលជិះឥទ្ធិពលដល់ឱកាសការងាររបស់សិស្សភាគច្រើនមកពីការ ជ្រើសរើសមុខជំនាញ ឬមុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យមិនបានត្រឹមត្រូវ។ លោកបន្តថា បញ្ហានេះបណ្ដាលមកពីកង្វះព័ត៌មាន កត្តាអូសទាញពីក្រុមគ្រួសារ សង្គម និងកត្តាសិស្សខ្លួនឯងដែលមិនដឹងពីទេពកោសល្យ ឬចំណង់ចំណូលចិត្តរបស់ខ្លួនពិតប្រាកដ។

រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះក៏បានផ្ដល់អនុសាសន៍៥ចំណុចដល់សិស្ស ដើម្បីងាយស្រួលជ្រើសរើសមុខវិជ្ជាអោយបានត្រឹមត្រូវ និងគេចចេញពីភាពអត់ការងារធ្វើក្រោយបញ្ចប់ការសិក្សា។ លោកថាសិស្សចាំបាច់ត្រូវដឹងឲ្យច្បាស់ពីចំណូលចិត្ត ទេពកោសល្យពីកំណើត ផែនការជីវិត តម្រូវការទីផ្សារការងារ និងស្វែងយល់ពីមនុស្សនៅជុំវិញខ្លួន ដើម្បីទទួលបានព័ត៌មានច្បាស់៖ «យើងត្រូវចេះស្រាវជ្រាវខ្លួនឯង ចេះស្វែងយល់ខ្លួនឯង ហើយចេះស្ដាប់គេ។ បន្ទាប់មកទៀតយើងត្រូវជ្រើសជំនាញដែលទីផ្សារត្រូវការ អ៊ីចឹងយើងមិនមើលតែចំណង់ចំណូលចិត្តដែរ គឺយើងក៏មើលពីនិយោជក និងទីផ្សារគេត្រូវការដែរ។ អ៊ីចឹងបើសិនជារៀនតែមុខវិជ្ជាដែលគេរៀនច្រើនក៏ទីផ្សារចង្អៀតដែរអ៊ីចឹងការជ្រើសរើសជំនាញសិក្សាគឺជារឿងសំខាន់»។

ទន្ទឹមគ្នានេះនាយកវិទ្យាស្ថានកម្ពុជាអាស៊ាន លោក សៀង សុខបញ្ញា មានប្រសាសន៍ដែរថា នៅពេលសិស្សសម្រេចចិត្តសិក្សាជំនាញ ឬមុខវិជ្ជានៅសាកលវិទ្យាល័យមិនស៊ីសង្វាក់នឹងទេពកោសល្យពីកំណើត និងចំណង់ចំណូលចិត្តរបស់ខ្លួនមិនត្រឹមតែរក្សាកំណើននិសិត្សអត់ការងារធ្វើប៉ុណ្ណោះទេ វាថែមទាំងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចផងដែរ។ បន្ថែមពីនេះលោកស្នើឲ្យយុវជនត្រូវពង្រឹងសមត្ថភាពផ្នែកភាសាឲ្យបានរឹងមាំ ចំណែកក្រសួងអប់រំ និងវិទ្យាស្ថានឧត្ដមសិក្សាទាំងអស់ត្រូវតែពង្រឹងគុណភាពអប់រំឲ្យបានល្អ ដើម្បីជំរុញឲ្យនិស្សិតក្រោយពីបញ្ចប់ការសិក្សាអាចទទួលបានការងារធ្វើ៖ «ស្ថាប័នអប់រំទាំងអស់គ្នាត្រូវតែពង្រឹង។ ដូច្នេះសកលវិទ្យាល័យគឺដើរតួនាទីសំខាន់ណាស់ ហើយខ្ញុំក៏ស្នើឲ្យក្រសួងអប់រំដែលជាម៉ែជាឪយើងត្រូវតែតាមដានមើលការអប់រំរបស់សិស្ស»។

ចំណែកយុវជនដែលទើបបញ្ចប់ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៦នេះ យុវជន សុយ ល៉ីនប៉ាវ មកពីខេត្តកំពង់ធំបាននិយាយថាកម្មវិធីនេះល្អសម្រាប់សិស្សវិទ្យាល័យព្រោះបានស្វែងយល់ពីបញ្ហាប្រឈមរបស់សិស្ស និងអាចអោយសិស្សស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុន។ យុវជន សុយ ល៉ីនប៉ាវ បានឲ្យដឹងថា លោកបានជ្រើសរើសមុខវិជ្ជាវិស្វកម្មព្រោះជាមុខវិជ្ជាត្រូវនឹងចំណង់ចំណូលចិត្ត និងទេពកោសល្យពីកំណើតរបស់ខ្លួន។ ប៉ុន្តែយុវជនរូបនេះក៏ស្នើឲ្យក្រសួងអប់រំគួរតែផ្សព្វផ្សាយព័ត៌មាននេះទៅកាន់សិស្សនៅបណ្ដាខេត្តឲ្យបានទូលំទូលាយផង៖ «ព្រោះភាគច្រើនព័ត៌មានហ្នឹង សំបូរតែនៅទីក្រុងដែរ ។ ចង់រៀនអីក៏មិនដឹងដែរ ឲ្យតែគេថាល្អគឺតែងរៀនតាម តែបើគេថាមិនល្អក៏អត់រៀនដែរអ៊ីចឹងជួយផ្សព្វផ្សាយឲ្យទូលំទូលាយផង»។

ក្នុងសិក្ខាសាលានេះដែរ រដ្ឋមន្ត្រីក្រសួងអប់រំក៏លើកទឹកចិត្តឲ្យសិស្សដែលជាប់បាក់ឌុប គួរសិក្សាជំនាញបច្ចេកទេសដូចជា វិទ្យាសាស្ត្រមូលដ្ឋាន ទេសចរណ៍ វិស្វកម្ម និងវិស័យកសិកម្ម ព្រោះកម្ពុជា នៅតែប្រឈមនឹងបញ្ហាកង្វះធនធានមនុស្សក្នុងវិស័យនេះ រីឯទីផ្សារការងារក៏កំពុងតែត្រូវការផងដែរ៕

ប្រភព៖ RFA