ភ្នំពេញៈ ក្រសួងអប់រំបានយល់ព្រមចំពោះសំណើពីយុវតីសកម្មជននយោបាយធី សុវណ្ណថា ដែលសុំបើកសាកលវិទ្យាល័យបើទោះបីជាយុវតីរូបនេះ នៅមិនទាន់អាចប្រឡងជាប់បាក់ឌុបផងនោះក៏ដោយ។ នេះបើតាមអ្នកនាំពាក្យម្នាក់ ដែលបានថ្លែងកាលពីម្សិលមិញ ខណៈតារាក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរូបនេះ មិនបាននិយាយអំពីថាតើមុខវិជ្ជាអ្វីខ្លះដែលនឹងត្រូវផ្តល់សម្រាប់ការសិក្សានោះទេ។

អ្នកនាំពាក្យរបស់ក្រសួងអប់រំ លោករស់ សាលីន បានថ្លែងថា សំណើពីកញ្ញាធី សុវណ្ណថា អាយុ២១ឆ្នាំសុំអាជ្ញាប័ណ្ណបើកសាកលវិទ្យាល័យ ត្រូវបានអនុម័តដោយរដ្ឋាភិបាលកាលពីថ្ងៃចន្ទប៉ុន្តែសាកលវិទ្យាល័យរបស់នាងត្រូវតែដាក់នូវកម្មវិធីសិក្សា ដើម្បីសុំការអនុម័តពីមុនពេលទទួលចុះឈ្មោះសិស្ស។

លោក សាលីន បានថ្លែងតាមទូរស័ព្ទថា៖ «អាជ្ញាប័ណ្ណនេះត្រូវបានផ្តល់ឲ្យពីរដ្ឋាភិបាល»។ «រដ្ឋាភិបាលបានធ្វើការសម្រេចតាមរយៈអនុក្រឹត្យចុះថ្ងៃទី៣ តុលា»។ លោកពន្យល់ថា៖ «ពួកគេបានដាក់ពាក្យសុំទៅតាមនីតិវិធី…ដូច្នេះរដ្ឋាភិបាលចេញអនុក្រឹត្យ»។ «នីតិវិធីបន្ទាប់គឺពាក់ព័ន្ធនឹងការរៀបចំមុខវិជ្ជាសិក្សានិងជំនាញ[ដើម្បីបង្រៀន]»។

កញ្ញាធី សុវណ្ណថា ដែលធា្លប់ជាសកម្មជនរបស់គណបក្សប្រឆាំង ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៣ និងបានបែរទៅគាំទ្ររដ្ឋាភិបាលកាលពីដើមឆ្នាំនេះ បានបដិសេធធ្វើអត្ថាធិប្បាយអំពីសាកលវិទ្យាល័យនេះ រួមទាំងមិននិយាយថាតើសាកលវិទ្យាល័យនេះមានឈ្មោះអ្វីឬកម្រិតសញ្ញាបត្រប្រភេទណាខ្លះដែលសាកលវិទ្យាល័យនេះផ្តល់ជូននិស្សិតនោះទេ។

កញ្ញា សុវណ្ណថា បានថ្លែងថា៖ «ចំពោះគម្រោងមានសាកលវិទ្យាល័យផ្ទាល់របស់ខ្ញុំ ខ្ញុំមិនអាចនិយាយលម្អិតទៅអ្នក នាពេលឥឡូវនេះបានទេ ប៉ុន្តែប្រសិនបើវាជោគជ័យ ខ្ញុំអាចនិយាយលម្អិតប្រាប់អ្នកបាន»។ «ជំនួយការរបស់ខ្ញុំ[ធ្វើការដាក់ពាក្យ]… ហើយនៅពេលពួកគេប្រាប់ខ្ញុំថា វាជោគជ័យ ខ្ញុំនឹងធ្វើសន្និសីទកាសែតដើម្បីប្រកាស»។

កញ្ញាបានបន្តថា៖ «យើងនឹងភ្ជាប់សម្ព័ន្ធភាពទៅនឹងសាកលវិទ្យាល័យសិង្ហបុរីមួយដូច្នេះវានឹងមិនមែនត្រឹមតែជាសាកលវិទ្យាល័យរបស់ខ្ញុំទេ។ គម្រោងរបស់យើងគឺសម្រាប់ឆ្នាំ ២០១៨ ហើយឥឡូវនេះ យើងទើបតែកំពុងរៀបចំឯកសារ»។

កម្ពុជាជាប្រទេសមានសាកលវិទ្យាល័យឯកជនជាច្រើនរួចហើយ ហើយខណៈមានការបើកមើលឯកសារឬចម្លងគ្នានៅពេលប្រឡង និយោជកជាច្រើនបានត្អូញត្អែរនៅវេទិកានានាថា ពួកគេត្រូវមានការបណ្តុះបណ្តាលនិស្សិតទាំងនោះឡើងវិញ នៅពេលជ្រើសរើសនិស្សិតទាំងនោះដែលទើបចេញពីសាកលវិទ្យាល័យធ្វើជាបុគ្គលិក។

ដោយរាប់ទៅមានស្ថាប័នអប់រំឧត្តមសិក្សាចំនួន ១០៥ កំពុងប្រតិបត្តិការក្នុងប្រទេស រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង្ស ជួនណារ៉ុនបានបង្កកការផ្តល់ការអនុញ្ញាតចំពោះការបង្កើតសាកលវិទ្យាល័យថ្មី កាលពីខែមេសា ឆ្នាំ២០១៤ រហូតទាល់តែមានវិធានការគ្រប់គ្រងគុណភាពប្រសើរឡើង។

លោក ហង់ ជួនណារ៉ុន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ហើយលោក សាលីន ដែលជាអ្នកនាំពាក្យ គ្រាន់តែបានថ្លែងថាការដាក់ពាក្យរបស់កញ្ញា ធី សុវណ្ណថា គឺធ្វើទៅតាមបទប្បញ្ញត្តិ។

ការបង្កកឆ្នាំ២០១៤ មិនឲ្យអាជ្ញាប័ណ្ណថ្មី គឺមិនបានហាមប្រាមចំពោះការបើកសាកលវិទ្យាល័យដែលផ្តល់មុខវិជ្ជាជំនាញបច្ចេកវិទ្យា វិទ្យាសាស្ត្រ ឬកសិកម្មទេ។

បន្ទាប់ពីប្រតិបត្តិការរយៈពេលមួយឆ្នាំសាកលវិទ្យាល័យរបស់ សុវណ្ណថា នឹងត្រូវទទួលការវាយតម្លៃពីគណៈកម្មាធិការវាយតម្លៃកម្ពុជា ដែលជាស្ថាប័នមួយដែលត្រូវបានផ្តល់ធ្វើកំណែទម្រង់ដោយលោក ហង់ជួនណារ៉ុន ចាប់តាំងពីលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រី ដើម្បីធានាថា កម្មវិធីសិក្សាគឺស្របទៅតាមស្តង់ដារ។

ប៉ុន្តែខណៈមិនទាន់ទទួលបានការអប់រំថ្នាក់សាកលវិទ្យាល័យ ការសម្រេចរបស់កញ្ញា ធី សុវណ្ណថា ទៅបើកអាជីវកម្មវិស័យឧត្តមសិក្សាគឺជាការភ្ញាក់ផ្អើល ហើយអាចនឹងត្រូវតស៊ូដោយលំបាកក្នុងការទាក់ទាញសិស្ស។ នេះបើតាមលោក ម៉ៅ ពិសេស ប្រធានសហព័ន្ធបញ្ញវន្ត និងនិស្សិតកម្ពុជា។

លោក ម៉ៅ ពិសេស ថ្លែងថា៖ «មានសាកលវិទ្យាល័យច្រើនណាស់រួចហើយ ក្នុងប្រទេសកម្ពុជា ប៉ុន្តែចំពោះសេដ្ឋកិច្ចទីផ្សារសេរី នរណាក៏អាចធ្វើអាជីវកម្មនេះបានដែរ។ ដូច្នេះប្រសិនបើនាងបើកសាកលវិទ្យាល័យ នោះជាសេរីភាពរបស់នាង និងជាជម្រើសរបស់នាង ប៉ុន្តែខ្ញុំមិនគិតថា នាងផ្តល់នូវភាពជឿជាក់គ្រប់គ្រាន់ចំពោះការបង្កើតសាកលវិទ្យាល័យបែបនេះទេ»។ «សាកលវិទ្យាល័យគឺជាស្ថាប័នអប់រំថ្នាក់ឧត្តមសិក្សាហើយវាអាចបង្កើតនូវភាពអាម៉ាស់ដល់មនុស្សទូទៅ ដែលដឹងថា ស្ថាបនិកនៃសាកលវិទ្យាល័យនេះ មានការអប់រំកម្រិតទាបណាស់ដូចជានាង ដោយសារនាងមិនបានប្រឡងជាប់ថ្នាក់ទី១២ផង»។

នៅអាយុ១៨ឆ្នាំក្នុងខែកក្កដា ២០១៣កញ្ញាធី សុវណ្ណថា បានចាប់ផ្តើមមានកេរ្តិ៍ឈ្មោះនៅក្នុងយុទ្ធនាការបោះឆ្នោតតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គណបក្សសង្គ្រោះជាតិ ហើយក្រោយមកបានជួយដឹកនាំបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងបន្ទាប់ពីមានជម្លោះនៅក្នុងការបោះឆ្នោតជាតិ។

ទោះយ៉ាងណាក្តីទំនាក់ទំនងរបស់នាងជាមួយគណបក្សប្រឆាំងបានចាប់ផ្តើមមានបញ្ហានៅចុងឆ្នាំនោះ បន្ទាប់ពីសកម្មជនយុវជនជាច្រើននាក់បានចោទប្រកាន់នាងថា ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សសង្គ្រោះជាតិ នៅខែមករា ឆ្នាំ២០១៤ បានចេញសេចក្តីថ្លែងការណ៍មួយផ្តាច់នាងចេញពីគណបក្ស។

នាដើមឆ្នាំនេះ នាងបានចូលរួមនៅក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលប្រឆាំងនឹងអនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដោយបានប្តឹងលោក កឹម សុខា ទារប្រាក់ ១លានដុល្លារ ចំពោះការនិយាយរបស់លោក កឹម សុខា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយស្រីកំណាន់ដែលត្រូវបានគេបញ្ចេញនៅក្នុងបណ្តាញហ្វេសប៊ុក។

នៅថ្ងៃទី៣ កក្កដា នាងបានទទួលការសរសើរពីលោកនាយករដ្ឋមន្ត្រី ចំពោះការងាររបស់នាងប្រឆាំងនឹងការកាប់ឈើខុសច្បាប់ ក្នុងអំឡុងសុន្ទរកថាមួយ ក្នុងខេត្តកំពង់ស្ពឺ ហើយនាងក៏បានសរសើរលោកនាយករដ្ឋមន្ត្រីវិញផងដែរ លើទំព័រហ្វេសប៊ុករបស់នាង និងបានសម្ដែងការសោកស្តាយ ចំពោះអតីតកាលរបស់នាង ដែលគាំទ្រគណបក្សសង្គ្រោះជាតិ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍