ភ្នំពេញៈ នារីកម្ពុជាវ័យក្មេងៗដែលមានប្រាក់ចំណូលទាបហើយចង់ទៅបន្តការសិក្សានៅមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិកគឺពួកគេមានឱកាសថ្មីមួយដែលអាចជួយគាំទ្របន្ថែមទៀតខណៈដែលការដាក់ពាក្យប្រឡងចូល និងការដាក់ពាក្យសុំអាហារូបករណ៍មានលក្ខណៈស្មុគស្មាញ។

She Can គឺជាអង្គការមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលអាចជួយស្ត្រីវ័យក្មេងៗដែលមានប្រភពចេញមកពីប្រទេសក្រោយជម្លោះឲ្យមានឱកាសទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកដែលបច្ចុប្បន្ននេះកំពុងស្វែងរកបេក្ខនារីជាជនជាតិកម្ពុជាដែលមានសក្តានុពលផ្នែកការសិក្សា និងការដឹកនាំដែលអាចជួយពួកគេឲ្យបានចូលរៀននៅតាមមហាវិទ្យាល័យកំពូលៗរបស់អាមេរិកបាន។

Loading...

កម្មវិធីនេះនឹងផ្តល់ឲ្យបេក្ខនារីជោគជ័យគ្រប់រូបមានគ្រូបង្វឹកជាស្ត្រីចំនួន ៥ នាក់ដែលពួកគាត់នឹងបង្វឹកដល់ពួកគេនូវអ្វីៗគ្រប់យ៉ាងរាប់ចាប់តាំងពីការប្រឡងចូលមហាវិទ្យាល័យរហូតដល់កម្មវិធីនិយាយជាសាធារណៈ និងជួយពួកគេឲ្យចេះស្វែងរកឱកាសកម្មសិក្សាឲ្យស្របទៅនឹងមហិច្ឆតារបស់ពួកខ្លួន។

ប៉ុន្តែសម្រាប់លោកស្រី Barbara Bylenga ដែលជាស្ថាបនិករបស់អង្គការនេះបានថ្លែងថាគោលដៅគឺលើសពីការផ្តល់ឲ្យស្ត្រីវ័យក្មេងៗទាំងនោះទទួលបាននូវការសិក្សាអប់រំមួយដែលល្អ និងទទួលបានការងារដែលរំពឹងទុក។ លើសពីនេះវាគឺជាការរៀបចំស្ត្រីទាំងនោះឲ្យត្រឡប់មកប្រទេសកំណើតរបស់ពួកគេវិញដើម្បីធ្វើការផ្លាស់ប្តូរ។ «ប្រទេសនេះមិនមានថ្នាក់ដឹកនាំជាស្ត្រីទេហើយចំពោះស្ត្រីក្មេងៗជាញឹកញាប់ពួកគាត់មិនបានដឹងពីសក្តានុពលរបស់ខ្លួននោះទេ។ ប៉ុន្តែនៅពេលដែលពួកគេត្រូវបានហ៊ុមព័ទ្ធដោយគ្រូបង្វឹកជោគជ័យទាំង ៥ រូបនោះក្មេងស្រីៗទាំងនោះនឹងដឹងពីអំណាចរបស់ពួកគេ»។

អង្គការនេះបានបើកដំណើរការនៅក្នុងប្រទេសរ្វាន់ដាក្នុងឆ្នាំ ២០១១ ហើយរហូតមកដល់ពេលនេះមានស្ត្រីចំនួន ៦ រូបហើយដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យធំៗនៅសហរដ្ឋអាមេរិកដូចជាសាកលវិទ្យាល័យ Harvard និងមហាវិទ្យាល័យ Smith College ជាដើម។ កម្មវិធីនេះបានមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំមុនហើយមានស្ត្រីកម្ពុជា ៤ រូបរួចហើយដែលបានចុះឈ្មោះចូលរៀននៅក្នុងសាកលវិទ្យាល័យអាមេរិកហើយ ៣ នាក់ទៀតកំពុងរៀបចំដាក់ពាក្យសុំអាហារូបករណ៍ដើម្បីសិក្សានៅឆ្នាំសិក្សា ២០១៧ ខាងមុខ។

យុវតី ឡាវ ស៊ន់ ជាសិស្សម្នាក់នៅរាជធានីភ្នំពេញដែលកំពុងធ្វើការជាមួយអង្គការ She Can បញ្ជាក់ថា៖ «ខ្ញុំកំពុងរៀបចំធ្វើសំណេរអត្ថបទផ្ទាល់ខ្លួនជាមួយនឹងគ្រួបង្វឹករបស់ខ្ញុំឲ្យបានល្អដើម្បីដាក់ពាក្យទៅសិក្សានៅមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក។ ខ្ញុំសង្ឃឹមថានឹងអាចចាប់ផ្តើមចូលរៀនបាននៅឆ្នាំក្រោយនេះ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍