ពេលដែលអ្នកចាប់ផ្តើមមានស្នេហាជាមួយគ្នា មានន័យថា អ្នកមិនត្រឹមតែត្រូវទុកចិត្តគេប៉ុណ្ណោះទេ តែអ្នកក៏ត្រូវទទួលយកនូវរាល់កំហុសរបស់គេផងដែរ។ គ្មានអ្នកណាម្នាក់ល្អគ្រប់ដប់ ហើយគ្មានកំហុសនោះទេ តែអ្នកត្រូវរៀនសម្របសម្រួលគ្នា។ គូស្នេហ៍របស់អ្នកក៏ដូចគ្នាដែរ គាត់ត្រូវហ៊ានទទួលយករាល់អ្វីៗដែលអ្នកមាន។

ទោះបីជាយ៉ាងណា ប្រសិនបើទម្លាប់មួយចំនួនរបស់អ្នកមិនអាចសម្របសម្រួលបានទេ ជម្លោះច្បាស់ជាកើតមានឡើងជាមិនខាន។ ខាងក្រោមនេះ ជារឿងរ៉ាវមួយចំនួន ដែលអ្នកកំពុងតែធ្វើខុស៖

Loading...

១. ប្រាប់អាថ៌កំបាំងរបស់អ្នកទាំងពីរដល់មនុស្សគ្រប់គ្នា

ការនិយាយពីរឿងស្និទ្ធស្នាលរបស់អ្នក និងត្អូញត្អែពីទម្លាប់មិត្តប្រុស ឬមិត្តស្រីរបស់អ្នកប្រាប់ដល់អ្នកដទៃ ជាកំហុសឆ្គងដ៏ធំបំផុតមួយដែលអ្នកកំពុងតែប្រព្រឹត្ត។ គាត់និយាយរឿងផ្ទាល់ខ្លួនគាត់ប្រាប់ដល់អ្នក ដោយសារតែគាត់ទុកចិត្តអ្នក តែបែរជាយករឿងអាថ៌កំបាំងនេះ អ្នកនិយាយពីរឿងគាត់ប្រាប់ដល់មនុស្សដទៃទៅវិញ។

២. ជ្រៀតជ្រែកបញ្ហាផ្ទាល់ខ្លួនរបស់គាត់

បន្ទាប់ពីអ្នកបានក្លាយជាមិត្តស្រីរបស់គាត់ហើយ ដូច្នេះអាចមានសិទ្ធិដឹងរឿងគ្រប់យ៉ាងពីគាត់។ តែទោះបីជាយ៉ាងណាក៏ដោយ មានបញ្ហាមួយចំនួនគាត់មិនចង់ឱ្យអ្នកចូលមកជ្រៀតជ្រែកឡើយ។ វាអាចជាបញ្ហាគ្រួសារ ឬបញ្ហាការងាររបស់គាត់។ គាត់អាចប្រាប់បញ្ហាដល់អ្នក តែមិនមែនមានន័យថា គាត់ត្រូវការយោបល់របស់អ្នកទេ។ ពេលខ្លះ អ្នកអាចគ្រាន់តែស្តាប់បានហើយ។

៣. រំខានគាត់គ្រប់ពេល

អ្នកចូលចិត្តខលទៅគាត់គ្រប់ពេល សូម្បីតែនៅពេលគាត់កំពុងតែរវល់នឹងការងារ។ មិត្តប្រុសអ្នកអាចនឹងមិនចូលចិត្តទម្លាប់បែបនេះរបស់អ្នក ជាពិសេសនៅពេលគាត់កំពុងយកចិត្តទុកដាក់ធ្វើអ្វីមួយ។

៤. ប្រច័ណ្ឌហួសហេតុ

អ្នកពិតជាស្រឡាញ់មិត្តប្រុសរបស់អ្នកយ៉ាងខ្លាំង ប៉ុន្តែអ្នកតែងតែបញ្ចេញសកម្មភាពមិនល្អ រាល់ពេលដែលគាត់និយាយជាមួយមនុស្សស្រីណាម្នាក់។ ព្យាយាមផ្តល់សិទ្ធិសេរីភាពផ្ទាល់ខ្លួនខ្លះដល់គាត់។

៥. ការសន្មត់

ប្រសិនបើអ្នកតែងតែធ្វើការសន្មត់រឿងអ្វីមួយក្នុងចិត្ត ដោយមិនគិតដល់ការសម្តែងចេញរបស់គាត់ វានឹងធ្វើឱ្យកើតការយល់ច្រលំ បន្ទាប់មកនឹងកើតមានជម្លោះឡើង។ កុំព្យាយាមធ្វើតាមតែចិត្តខ្លួនឯង។

៦. ការមិនទុកចិត្ត

ប្រសិនបើកើតមានរឿងរំខានអ្វីមួយចំពោះអ្នកថ្មីៗនេះ គួរប្រាប់ដល់គាត់ជាជាងការរក្សាទុកជាភស្តុតាងដើម្បីប្រឆាំងនឹងគាត់វិញ។ រាល់ពេលដែលគាត់និយាយជាមួយមនុស្សស្រីផ្សេង មិនមែនមានន័យថា គាត់ក្បត់អ្នកទេ។ ការសន្ទនាធម្មតារវាងមនុស្សភេទខុសគ្នាតែងតែកើតមានឡើងនៅលើលោកនេះ។

៧. អ្នកជាមនុស្សមានតម្រូវការជ្រុលពេក

អ្នកមិនអាចឱ្យគាត់នៅចាំមើលថែអ្នកគ្រប់ពេលវេលាបានទេ។ គាត់ក៏មានជីវិតដែរ ហើយមិនថា អ្នកស្អប់ការពិតប៉ុណ្ណាទេ គាត់នៅតែមិនអាចនៅជាមួយអ្នកគ្រប់ពេលបានដែរ។ ការនៅស្និទ្ធនឹងគាត់គ្រប់ពេលមិនមែនជារឿងមួយល្អចំពោះស្នេហាឡើយ៕

ប្រភព៖ khmerpropey