ស្នាមមុត​ជារបួស​នៅលើស្បែក​ដែល​បណ្តាលមកពី​ឧបករណ៍​មុតស្រួច។ ការ​មុតធម្មតា ឬតិចតួច​ដែល​ចាប់​ផ្តើម​មាន​ឈាមតិច​ហៅថា ស្នាម​មុត។ ម្យ៉ាង​វិញ​ទៀត ស្នាមមុត​ជ្រៅ​អាច​បណ្តាល​ឱ្យមាន​លំហូរ​ឈាម​ច្រើន។ ស្នាម​មុតតិចតួច​លើស្បែក​អាច​ចាត់ទុក​ថា ជា​ស្នាម​រលាត់ អាច​ព្យាបាល​បាន​ក្នុង​រយៈ​ពេលខ្លី។ ចំណែកឯ​ស្នាមមុត​ជ្រៅ​ត្រូវការ​ចំណាយ​ពេលវេលា​ព្យាបាល​យូរ។ ភាពគ្រោះថ្នាក់​នៃការ​ឆ្លងមេរោគ​ខ្ពស់ នៅ​ពេល​មនុស្ស​មាន​ស្នាម​មុត​លើស្បែក។

វិធីសាស្ត្រព្យាបាល​ស្នាមមុត​លើស្បែក

Loading...

ប្រើវិធីព្យាបាល​នេះ ដើម្បី​បញ្ឈប់​ការ​លំហូរឈាម និងព្យាបាល​របួស​ស្បែកឱ្យ​ឆាប់ជា អាស្រ័យ​ទៅលើ​ទំហំ​នៃស្នាម​មុត​លើស្បែក។ វិធី​ព្យាបាល​ទាំងនេះ​អាច​មាន​ប្រសិទ្ធភាព​ចំពោះ​ស្នាម​មុត​លើស្បែក​ធម្មតាៗ​ ឬតូចតាច​តែប៉ុណ្ណោះ តែ​មិន​អាចព្យា​បាល​ស្នាម​របួស​ធ្ងន់ធ្ងរបាន​ឡើយ។ វិធីសាស្ត្រ​មួយចំនួន​ដើម្បី​ព្យាបាល​ស្នាម​មុត​តិចតួច (ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម និងការពារ​ការឆ្លង​មេរោគ) ត្រូវបាន​បកស្រាយ​ដូចខាង​ក្រោម៖

ប្រើ​កំលាំងសង្កត់

រឿងទី ១ ដែល​អ្នកអាច​ធ្វើបាន​គ្រប់ពេល​វេលា​នៅ​ពេលអ្នក​មាន​ស្នាមមុត ឬស្នាម​រលាត់​គឺ ត្រូវប្រើកំលាំង​សង្កត់​លើ​មុខរបួស។ នៅពេល​កំលាំង​សង្កត់​លើស្នាមមុត ឬស្នាម​របួស​ហើយ វា​នឹង​បញ្ឈប់​ការហូរ​ឈាម​ស្ទើតែ​ទាំងស្រុង។ ត្រូវចាំថា មិន​ត្រូវ​ប្រើកំលាំង​សង្កត់​លើមុខ​របួស​ខ្លាំង​ពេកទេ ព្រោះ​វាអាច​ឱ្យការ​ឈឺចាប់​កាន់​តែខ្លាំង​ឡើង។

សាប៊ូ និងទឹក

ដើម្បី​បញ្ឈប់​ការហូរឈាម និង​ដើម្បី​កាត់បន្ថយ​ភាពគ្រោះថ្នាក់​ពីការ​ឆ្លងមេរោគ ត្រូវលាង​សម្អាត​មុខ​របួស​ជាមួយ​នឹងសាប៊ូ និងទឹក។ ដាក់​ស្នាមមុខ​របួស​ដោយ​ផ្ទាល់​ក្រោម​លំហូរ​ទឹក។ លំហូរ​របស់ទឹក​នឹង​អាចបញ្ឈប់​ការ​លំហូរ​ឈាម និង​កាត់បន្ថយ​ការ​ឈឺចាប់។ លាង​សម្អាត​មុខរបួស​ដោយ​ប្រើសាប៊ូ​វិជ្ជសាស្ត្រ ជំនួស​សាប៊ូ​ធម្មតា ដើម្បី​កាត់បន្ថយ​ឱកាស​នៃ​ការ​ឆ្លងមេរោគ។

ប្រេងដើមតែ

ដើម្បីការពារ​ការឆ្លង​មេរោគ និង​ព្យាបាលឱ្យ​កាន់​តែឆាប់ជា គួរ​លាបប្រេង​ដើមតែ​លើស្នាមមុត និង​មុខរបួស។ សារធាតុ​ប្រឆាំង​មេរោគ និងបាក់តេរី​នៅក្នុង​ប្រេង​ដើមតែ​អាច​ជួយ​ការពារ​ស្នាម​របួសបើក​មុខ បណ្តាល​ឱ្យករ​ជាខ្ទុះ។ អ្នកអាច​លាបប្រេងដើមតែ​លើមុខ​របួស​ដោយ​ប្រើដប​ថ្នាំដាក់​ភ្នែក។ បើមិន​ដូច្នេះទេ​អ្នកអាច​លាង​ស្នាម​របួស​ដោយ​ទឹកស្អាត បន្ទាប់​មក​ប្រើប្រេង​ដើមតែ​ជា​ក្រោយ។

ចាហ៊ួយប្រទាល​កន្ទុយក្រពើ

ស្នាមមុតតួចតាច​អាចព្យាបាល​បាន​ដោយប្រើ​ចាហ៊ួយ​ប្រទាល​កន្ទុយក្រពើ។ លាប​ចាហ៊ួយ​ប្រទាល​កន្ទុយក្រពើ​លើ​មុខរបួស។ វត្តមាន​នៃសារធាតុ​នៅក្នុង​ចាហ៊ួយ​ប្រទាល​កន្ទុយក្រពើ​អាចជួយកាត់​បន្ថយ​ការឈឺចាប់ និង​បញ្ឈប់ការ​ហូរឈាម។ ចាហ៊ួយ​ប្រទាល​កន្ទុយក្រពើ​អាចជួយ​កាត់​បន្ថយ​អាការៈ​ហើម​បាន​ផងដែរ។

ខ្ទឹមស

ចិត​ខ្ទឹមស ១ ទៅ ២ ក្លែប បុកវាឱ្យ​ម៉ត់ ហើយ​លាបខ្ទឹម​សនេះលើមុខ​របួស​លើស្បែក។ ខ្ទឹមស​នេះមិនត្រឹមតែ​អាច​ជួយបញ្ឈប់​ការ​ហូរឈាម​ប៉ុណ្ណោះទេ តែថែម​ទាំង​អាច​ជួយកាត់​បន្ថយ​ភាព​ឈឺចាប់​ពីការ​មុត​បាន​ភ្លាមៗ​ផងដែរ៕
ប្រែសម្រួលដោយ៖ ដារ៉ា ដកស្រង់ពី៖ ខ្មែរប្រពៃ